រ៉ែនីកែលត្រូវបានគេដឹងថា ជារ៉ែកម្រចាំបាច់បំផុតសម្រាប់ផលិតកម្មអាគុយ ដែលជាគ្រឿងបង្គុំដ៏សំខាន់សម្រាប់រថយន្តអគ្គិសនី។ ឥណ្ឌូនេស៊ីជាជម្រុករ៉ែកម្រនេះដ៏សំខាន់មួយរបស់ពិភពលោក ដោយបានផ្គត់ផ្គង់ទីផ្សាររហូតដល់ទៅ៤០%នៃតម្រូវការសកល ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះប្រតិបត្តិការនៃដំណើរការផលិតកម្មរ៉ែកម្រនេះ ហាក់ស្ថិតនៅក្រោមការគ្រប់គ្រងដោយក្រុមហ៊ុនចិន។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មានធំៗ ដូចជា CNBC បានឲ្យដឹងថា ការជីកយករ៉ែនីកែលនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យប្រជាជាតិដែលមានប្រជាជនច្រើនជាងគេនៅអាស៊ានមួយនេះ ក្លាយជាអ្នកផលិតលោហៈធាតុកម្រនេះកំពូលរបស់ពិភពលោក។ ជាមួយនឹងអណ្តូងរ៉ែសកម្មប្រមាណ១៤កន្លែង ឥណ្ឌូនេស៊ី អាចមានសមត្ថភាពផ្គត់ផ្គង់រ៉ែនីកែលលើស៤០% នៃតម្រូវការរ៉ែនីកែលសកល ដែលជំរុញដោយកំណើនផលិតកម្មរថយន្តអគ្គិសនី។
សមិទ្ធកម្ម និងសមិទ្ធផលនៃផលិតកម្មរ៉ែនីកែលនេះ ក៏ជាប្រភពចម្បងមួយ ដែលកំពុងធ្វើឲ្យចិនអាចកាន់កាប់នូវតួនាទីមួយយ៉ាងបើកចំហរនៅលើឧស្សាហកម្មរថយន្តអគ្គិសនី ដែលមានតម្លៃប្រកួតប្រជែងមួយ នៅលើពិភពលោក។
លោក ជេកសុន សាព័ណ៌ (Jason Sappor ) អ្នកវិភាគជាន់ខ្ពស់នៅ S&P Global Commodity Insights បាននិយាយថា នីកែលជារ៉ែដែលត្រូវការជាចាំបាច់សម្រាប់ការអភិវឌ្ឍន៍វិស័យយានយន្តអគ្គិសនី ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន និងផ្លូវឆ្ពោះទៅរកការធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានពណ៌បៃតង និងបំពេញតាមគោលដៅនៃការប្រែប្រួលអាកាសធាតុ។
លោកបានបន្តថា កំណើនយ៉ាងឆាប់រហ័សនូវផលិតកម្មរ៉ែនីកែល ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងភាពជាដៃគូរបស់ប្រទេសឥណ្ឌូនេស៊ីជាមួយប្រទេសចិន ដែលជាក្រុមហ៊ុនផលិតថ្មរថយន្តអគ្គិសនី ដ៏ធំបំផុតនៅលើពិភពលោក។ ការវិនិយោគរបស់ចិនបានជួយពង្រឹងសមត្ថភាពរុករករ៉ែកម្រនេះរបស់ឥណ្ឌូនេស៊ី ដោយផ្តោតលើការចម្រាញ់ក្នុងស្រុក បន្ទាប់ពីមានការហាមឃាត់ការនាំចេញរ៉ែប្រភេទនេះឆៅកាលពីឆ្នាំ២០២២។
កំណើនផលិតកម្មរ៉ែនីកែល នៅប្រទេសឥណ្ឌូនេស៊ី បានធ្វើឱ្យមានការផ្គត់ផ្គង់មានបរិមាណច្រើន និងតម្លៃទាប ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកផលិតនៅក្នុងប្រទេសអូស្ត្រាលី និងកាណាដា។ យ៉ាងណាមិញនៅអាម៉េរិក ក្រុមហ៊ុនដូចជា Talon Metals កំពុងតស៊ូធ្វើយ៉ាងណាឱ្យខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែនីកែលមានសុវត្ថិភាពដោយបង្កើតប្រភពនីកែលក្នុងស្រុកក្រោមស្តង់ដាបរិស្ថានដ៏តឹងរឹង ដោយចាប់ដៃគូជាមួយក្រុមហ៊ុនផលិតរថយន្តដូចជា Tesla ជាដើម។
ទន្ទឹមនឹងនេះ សហរដ្ឋអាម៉េរិក ក៏ប្រឈមមុខនឹងបញ្ហាសំខាន់ៗពាក់ព័ន្ធនឹងការផ្គត់ផ្គង់រ៉ែនីកែលផងដែរ ដោយសារការផ្គត់ផ្គង់ពឹងផ្អែកលើអណ្តូងរ៉ែប្រតិបត្តិការតែមួយគត់នៅក្នុងរដ្ឋ មីស៊ីហ្គេន។ សហរដ្ឋអាម៉េរិក បានជីកយករ៉ែនីកែលចំនួន១៧ពាន់តោនក្នុងឆ្នាំ២០២៣ ខណៈដែលប្រទេសឥណ្ឌូនេស៊ីជីករហូតដល់១,៨លានតោន៕