ហ្វីលីពីនកំពុងទទូចឲ្យជប៉ុន និងសម្ព័ន្ធមិត្តយោធារបស់ខ្លួន គឺសហរដ្ឋអាម៉េរិក ជួយទ្រទ្រង់គម្រោងអភិវឌ្ឈន៍ផ្លូវដែកមួយដែលមានតម្លៃប្រមាណ៨៥០លានដុល្លារ បន្ទាប់ពីប្រទេសចិន បានសម្រេចចិត្តដកខ្លួនចេញពីគម្រោងនេះ។ គម្រោងអភិវឌ្ឈន៍ផ្លូវដែកនេះ គឺជាផ្នែកមួយនៃគម្រោងបង្កើតច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងតំបន់ ដែលជាអតីតមូលដ្ឋានរបស់កងទ័ពអាម៉េរិក នៅទស្សវត្សរ៍ឆ្នាំ១៩៩០។
មន្រ្តីជាន់ខ្ពស់ហ្វីលីពីនមួយរូបបាននិយាយនៅក្នុងបទសម្ភាសថ្មីៗនេះ ជាមួយ Nikkei Asia ថា ហ្វីលីពីន កំពុងស្វែងរកការគាំទ្រពីជប៉ុន និងអាម៉េរិក ដើម្បីរៀបចំគម្រោងផ្លូវរថភ្លើងដឹកទំនិញតម្លៃប្រមាណ៨៥០លានដុល្លារ បន្ទាប់ពីប្រទេសចិន បានសម្រេចដកខ្លួន។
លោក ដែលហ្វីន ឡូរ៉ែនហ្សាណា (Delfin Lorenzana) ប្រធានអាជ្ញាធរអភិវឌ្ឍន៍សម្រាប់អតីតតំបន់មូលដ្ឋានយោធាអាម៉េរិក បាននិយាយនៅក្នុងបទសម្ភាសមួយថា ហ្វីលីពីនសង្ឃឹមថា ក្រុមហ៊ុន ឬផ្នែកណាមួយនៃហិរញ្ញប្បទានជប៉ុន នឹងផ្តល់ការគាំទ្រដល់គម្រោងនេះ។ លោកបានឲ្យដឹងថា ហ្វីលីពីនគឺកំពុងតែចង់បានការគាំទ្របំផុតសម្រាប់ដំណើរការអភិវឌ្ឈអតីតតំបន់ ដែលជាមូលដ្ឋានយោធារបស់អាម៉េរិកមុនពេលដែលបានដកខ្លួនចេញពីហ្វីលីពីន នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់ដឹងទេថា អ្នកណានឹងក្លាយជាអ្នកផ្តល់មូលនិធិគាំទ្រនៅឡើយទេ បន្ទាប់ពីចិនបានដកខ្លូនចេញ។
កន្លងមកចិន បានបង្ហាញចំណាប់អារម្មណ៍លើគម្រោងនេះ ហើយក៏បានសន្យាថា នឹងគាំទ្រមូលនិធិ ប៉ុន្តែនៅខែកក្កដា ឆ្នាំ២០២២ ក្នុងអំឡុងពេលនៃអន្តរកាលនៃការផ្ទេរដំណែងពីលោក រ៉ូឌ្រីហ្គោ ឌូទែតេ និង លោក ហ្វឺឌីណង់ ម៉ាកូស មកនោះ ទីក្រុងម៉ានីល បានប្រកាសថា រដ្ឋាភិបាលចិន បានប្រកាសបោះបង់គម្រោងនេះវិញ។
លោក ឡូរ៉ែនហ្សាណា បាននិយាយថា នៅពេលនេះក្រុមអ្នកសេដ្ឋកិច្ចហ្វីលីពីន កំពុងចរចាជាមួយរដ្ឋាភិបាលនៃប្រទេសជប៉ុន និងសហរដ្ឋអាម៉េរិក។ តាមការគ្រោងទុក គម្រោងនោះ ត្រូវបានគេដឹងថា ជាគម្រោងកសាងផ្លូវរថភ្លើងដឹកទំនិញ ដែលជាច្រករបៀងសេដ្ឋកិច្ច ដើម្បីតភ្ជាប់រវាងតំបន់៤ ទៅអាកាសយានដ្ឋាន និងទៅសួនឧស្សាហកម្មនៅភាគខាងជើងប្រទេសហ្វីលីពីន។
ពាក់ព័ន្ធនឹងគម្រោងនេះ ហ្វីលីពីន សហរដ្ឋអាម៉េរិក និងជប៉ុន បានរៀបចំកិច្ចប្រជុំកំពូលត្រីភាគីលើកដំបូងនៅទីក្រុងវ៉ាស៊ីនតោន ក្នុងខែមេសា ហើយមេដឹកនាំប្រទេសទាំង៣ បានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅក្នុងតំបន់នោះ ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មានការព្រមព្រៀងណាមួយលេចចេញនៅឡើយទេ៕