ក្រុមហ៊ុន Golden Port SEZ បានបង្ហាញបំណងចង់វិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលគ្រោងប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនាពេលអនាគត។ ទាំងមន្ត្រីជាន់ខ្ពស់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុ សុទ្ធតែបានបង្ហាញការគាំទ្រចំពោះគម្រោងនេះ ព្រោះវានឹងក្លាយជាផ្នែកមួយក្នុងការជួយជំរុញការធ្វើពិពិធកម្មឧស្សាហកម្មរបស់កម្ពុជា។
ទន្ទឹមនឹងនេះថ្នាក់ដឹកនាំខេត្តព្រះសីហនុ រំពឹងថា សេដ្ឋកិច្ចរបស់ខេត្តខ្លួននឹងកាន់តែរីកចម្រើនបន្ថែមទៀត ប្រសិនបើគម្រោងនេះពិតជាអាចលេចចេញជារូបរាងមែននោះ។
លោក កាំង ឡេង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Golden Port SEZ បានបង្ហាញបំណងចង់វិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដោយនៅដំណាក់កាលដំបូងក្រុមហ៊ុននេះ គ្រោងអនុវត្តលើផ្ទៃដី២៧០ហិកតា។ ការបង្ហាញបំណងបែបនេះធ្វើឡើងក្នុងអំឡុងពេលថ្នាក់ដឹកនាំក្រុមហ៊ុនរូបនេះជួបពិភាក្សាការងារជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅថ្មីៗនេះ។
ជាមួយគ្នានេះឯកឧត្តមអគ្គលេខាធិការ CDC បានបង្ហាញការគាំទ្រចំពោះគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះរបស់ក្រុមហ៊ុនខាងលើ ដ្បិតវានឹងរួមចំណែកជួយជំរុញការធ្វើឱ្យពិពិធកម្មឧស្សាហកម្មកម្ពុជា ឱ្យតែរីកចម្រើនបន្ថែមទៀត។ ទន្ទឹមនេះ ឯកឧត្តមបានអះអាងថា CDC រង់ចាំដោយរីករាយក្នុងការជួយសម្របសម្រួលនីតិវិធីគ្រប់បែបយ៉ាងជូនក្រុមហ៊ុន ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ។
ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ជឿជាក់ថា ប្រសិនបើគម្រោងនេះពិតជាលេចចេញរូបរាងនៅខេត្តព្រះសីហនុមែន នោះវានឹងជួយធ្វើឱ្យសេដ្ឋកិច្ចរបស់ខេត្តជាប់មាត់មួយនេះ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូលនឹងកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។ ការជឿជាក់បែបនេះ ក៏ដោយសារឯកឧត្តមយល់ឃើញថា តាមរយៈគម្រោងនេះវានឹងក្លាយមេដែកមួយក្នុងការជួយស្រូបទាញវិនិយោគិនបរទេសឱ្យមកបោះទុនវិនិយោគនៅខេត្តព្រះសីហនុ កាន់តែច្រើនបន្ថែមទៀត។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការអភិវឌ្ឍន៍ប្រែក្លាយខេត្តព្រះសីហនុ ឱ្យក្លាយជាប៉ូលសេដ្ឋកិច្ច និងតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងដ៏មានសក្តានុពលមួយរបស់កម្ពុជា។ បន្ថែមលើនេះ រាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗ ក៏បានដាក់ចេញកម្មវិធីជំរុញការអភិវឌ្ឍនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះផងដែរ។
សូមរំលឹកផងដែរថា នៅឆមាសទី១ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន១៩០ ដែលមានទុនវិនិយោគជាង៣,២ពាន់លានដុល្លារ និងបង្កើតការងារបានជិត១៧ម៉ឺនកន្លែង ក្នុងនោះគម្រោងវិនិយោគមានការកើនឡើងចំនួន៧៧គម្រោង និងទុនកើនឡើងជាង២ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕