Alynana Media Cambodia
Icon Collap
clinic narit

គម្រោងចំនួន៦១ជាមួយទុនវិនិយោគជាង៣,៦ពាន់លានដុល្លារ នៅខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាល

Media LNN | Aug 01, 2024
គម្រោងចំនួន៦១ជាមួយទុនវិនិយោគជាង៣,៦ពាន់លានដុល្លារ នៅខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាល
Clinic narith

គម្រោងវិនិយោគ និងធុរកិច្ចចំនួន៦១គម្រោងជាមួយទុនវិនិយោគជាង៣ពាន់៦រយលានដុល្លារនៅខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្ត ការអនុគ្រោះ និងសម្រូលនីតិវិធីពីរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤។ ក្នុងចំណោមគម្រោងចម្រុះវិស័យ ដែលទទួលបានការលើកទឹកចិត្ត និងសម្របសម្រួលពីគណៈកម្មការជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុនេះ មានគម្រោងជាប់ពាក់ព័ន្ធនឹងអគារជាប់ចំនួន៣៤ មិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន២២ និងគម្រោងពង្រីកផលិតកម្មចំនួន២។

ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ ក្រុមការងារពិសេសជំរុញការវិនិយោគ នៅខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីដល់គម្រោងវិនិយោគ និងធុរកិច្ចចំនួន៦១ ដែលមានទុនវិនិយោគសរុបជាង៣ពាន់៦រយលានដុល្លារ។ បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះ គម្រោងវិនិយោគទាំងនេះ បានបោះទុនបានវិនិយោគកន្លងមកក្នុងទំហំជាង១​១០០​​លានដុល្លារអាម៉េរិក។

ក្នុងចំណោមគម្រោងដែលទទួលបានការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីពីរដ្ឋខាងលើ មានគម្រោងជាប់ពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន៣៤, គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន២២ និងគម្រោងពង្រីកផលិតកម្មចំនួន៥។ គម្រោងទាំងនេះស្ថិតនៅក្នុងវិស័យទេសចរណ៍ អចលនទ្រព្យ និងវិស័យផ្សេងៗរួមមានកសិកម្ម ឧស្សាហកម្ម សុខាភិបាល អប់រំ សំណង់ និងសេវាកម្ម។ ហើយតាមរយៈការដោះស្រាយនេះ វានឹងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្តជាប់មាត់សមុទ្រមួយនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀតនាពេលខាងមុខ។

គួរបញ្ជាក់ថា ការផ្តល់ការលើកទឹកចិត្តពិសេសរបស់រាជរដ្ឋាភិបាល មានវិសាលភាពគ្របដណ្តប់ សម្រាប់គម្រោងដែលស្នើសុំ និងអនុវត្តក្នុងខេត្តព្រះសីហនុក្នុងឆ្នាំ២០២៤ ដោយផ្តោតលើគម្រោង៣ប្រភេទរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ដែលអាចដាក់ដំណើរការបានក្នុងឆ្នាំ២០២៤ និងការពង្រីកគម្រោង ឬសកម្មភាពធុរកិច្ច។ លើសពីនេះ ការលើកទឹកចិត្ត និងការអនុគ្រោះនានា ក៏ផ្តល់ជូនសហគ្រាសមីក្រូ តូច និងមធ្យមផងដែរ។

រាជរដ្ឋាភិបាលកម្ពុជារំពឹងថា តាមរយៈកម្មវិធីពិសេសនេះ នឹងចូលរួមចំណែកប្រែក្លាយមុខមាត់ និង អនាគតខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចចម្បង និងគំរូមួយរបស់កម្ពុជាតាមរយៈការដោះស្រាយបញ្ហាដែលមានចំពោះមុខ ក៏ដូចជាការប្រើប្រាស់នូវសក្តានុពល និងធនធានអំណោយផលដែលមានស្រាប់ ក្នុងខេត្តជាប់តំបន់មាត់សមុទ្រមួយនេះប្រកបដោយប្រសិទ្ធភាពផងដែរ៕