Alynana Media Cambodia
Icon Collap
clinic narit

ហេតុអ្វីធនាគារពិភពលោកប្រាប់ឱ្យវៀតណាម ដំឡើងពន្ធលើគ្រឿងស្រវឹងរហូតដល់១៥៥%?

Media LNN | Aug 01, 2024
ហេតុអ្វីធនាគារពិភពលោកប្រាប់ឱ្យវៀតណាម ដំឡើងពន្ធលើគ្រឿងស្រវឹងរហូតដល់១៥៥%?
Clinic narith

ធនាគារពិភពលោកបានផ្តល់យោបល់ដល់ប្រទេសវៀតណាម ឱ្យពិចារណាដំឡើងពន្ធពី៦៥% ទៅ១៥៥% លើគ្រឿងស្រវឹង ដើម្បីឆ្លើយតបនឹងការកើនឡើងចំនួនអ្នកស្លាប់ និងអ្នកជំងឺដែលបង្កឡើងដោយគ្រឿងស្រវឹង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VnExpress។

បើយោងតាមរបាយការណ៍ប្រឹក្សាយោបល់បានបង្ហាញថា ធនាគារពិភពលោកបានផ្តល់យោបល់ឱ្យក្រសួងហិរញ្ញវត្ថុវៀតណាម ពិចារណាដំឡើងពន្ធទ្វេដងលើគ្រឿងស្រវឹង ពោលគឺដំឡើងពី៦៥% ដែលខ្លួនកំពុងអនុវត្តបច្ចុប្បន្នឱ្យដល់១៥៥%។ ការផ្តល់យោបល់នេះ គឺដើម្បីធានាបានថា គ្រឿងស្រវឹងនឹងមិនរីករាលដាលបន្ថែមទៀត ដែលអាចនឹងធ្វើឱ្យមានផលប៉ះពាល់ជាវិជ្ជមានដល់សុខភាពរបស់ពលរដ្ឋវៀតណាម។

បើតាមធនាគារពិភពលោក ចំនួនអ្នកស្លាប់ដោយសារគ្រឿងស្រវឹងនៅប្រទេសវៀតណាមឥឡូវនេះមានអត្រា១៤០% ពោលគឺខ្ពស់ជាងកម្រិតមធ្យមភាគទៅទៀត ដោយកាលពីឆ្នាំ១៩៩០ តួលេខរបស់វៀតណាម គឺទាបជាងមធ្យមភាគ៥៩% ហើយថា ការកើនឡើងនូវអត្រាមរណភាព និងអ្នកជំងឺ គឺដោយសារការកើនឡើងការលក់ និងការប្រើប្រាស់គ្រឿងស្រវឹង។

ទិន្នន័យពីធនាគារពិភពលោកបង្ហាញថា ការប្រើប្រាស់គ្រឿងស្រវឹងកើនឡើង១៧៧% នៅចន្លោះឆ្នាំ២០០៨ និងឆ្នាំ២០២២។ កំណើនការហូបគ្រឿងស្រវឹងនេះបានកើតឡើងនៅចំពេលមានការដំឡើងពន្ធលើស្រាបៀពី៤៥% ដល់៦៥% រួចទៅហើយ វាមានន័យថា ការដំឡើងពន្ធនេះ គឺនៅមិនទាន់គ្រប់គ្រាន់ក្នុងការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងនៅឡើយទេ។

ទោះជាយ៉ាងណា ក្រសួងហិរញ្ញវត្ថុវៀតណាម បាននិយាយថា ការដំឡើងពន្ធតាមការណែនាំរបស់ធនាគារពិភពលោក គឺមិនទាន់សមស្របសម្រាប់ប្រទេសវៀតណាម នៅពេលនេះនោះទេ។ ប៉ុន្តែក្រសួងបានស្នើឱ្យដំឡើងពន្ធលើការប្រើប្រាស់ពិសេសជាបណ្តើរៗលើគ្រឿងស្រវឹង២០% ឬច្រើនជាងនេះ ពោលគឺដំឡើងពី៦៥% ដល់៩០% ឬ១០០% នៅឆ្នាំ២០២៦-២០៣០។ ហើយសម្រាប់ស្រាដែលមានជាតិអាល់កុលតិច ក្រសួងនេះ នឹងដំឡើងពន្ធពី៣៥% ក្នុងពេលបច្ចុប្បន្ននេះ ទៅ៦០% ឬ៧០%៕