Alynana Media Cambodia
Icon Collap
clinic narit

រុស្ស៊ី អនុម័តឱ្យប្រើប្រាស់រូបិយប័ណ្ណឌីជីថល ឬគ្រីបតូជាផ្លូវការនៅក្នុងការទូទាត់ពាណិជ្ជកម្មអន្តរជាតិ ដើម្បីស្ដារសេដ្ឋកិច្ច

Media LNN | Aug 02, 2024
រុស្ស៊ី អនុម័តឱ្យប្រើប្រាស់រូបិយប័ណ្ណឌីជីថល ឬគ្រីបតូជាផ្លូវការនៅក្នុងការទូទាត់ពាណិជ្ជកម្មអន្តរជាតិ ដើម្បីស្ដារសេដ្ឋកិច្ច
Clinic narith

ក្រុមសមាជិកសភារុស្ស៊ី បានអនុម័តសេចក្ដីព្រាងច្បាប់មួយដែលនឹងអនុញ្ញាតឱ្យអាជីវកម្មនានាប្រើប្រាស់រូបិយប័ណ្ណឌីជីថល ឬគ្រីបតូ នៅក្នុងការទូទាត់ពាណិជ្ជកម្មអន្តរជាតិ ដើម្បីកាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ដែលបង្កឡើងដោយទណ្ឌកម្មរបស់លោកខាងលិចមកលើរុស្ស៊ី ក្រោយពីរុស្ស៊ីបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។

តាមការំពឹងទុក ច្បាប់នេះ​នឹងចូលជាធរមាននៅខែកញ្ញា ខាងមុខនេះ ហើយទេសាភិបាលធនាគារកណ្តាលរុស្ស៊ី លោកស្រី អែលវីរ៉ា ណាប៊ូលីណា (Elvira Nabiullina) ដែលជាអ្នកគាំទ្រច្បាប់ថ្មីនេះបានគូសបញ្ជាក់ថា ប្រតិបត្តិការទូទាត់ពាណិជ្ជកម្មអន្តរជាតិដំបូងដោយប្រើប្រាស់រូបិយប័ណ្ណឌីជីថល ឬគ្រីបតូនឹងធ្វើឡើងនៅមុនដំណាច់ឆ្នាំ២០២៤ នេះ។

សូមបញ្ជាក់ថា ប្រទេសរុស្ស៊ី បានប្រឈមការពន្យារពេលទូទាត់ពាណិជ្ជកម្មអន្តរជាតិ ជាច្រើន ជាមួយបណ្ដាដៃគូពាណិជ្ជកម្មសំខាន់ៗ ដូចជា ប្រទេសចិន ឥណ្ឌា និងអេមីរ៉ាតអារ៉ាប់រួម ជាដើម បន្ទាប់ពីធនាគារនានា នៅក្នុងប្រទេសទាំងនោះ ដែលទទួលរងសម្ពាធពីក្រុមនិយ័តករលោកខាងលិចកាន់តែមានការប្រុងប្រយ័ត្ន។

លោក អាណាតូលី អាក់សាកូវ (Anatoly Aksakov) ប្រធានសភាជាន់ទាបរបស់រុស្ស៊ី បានថ្លែងទៅកាន់ក្រុមសមាជិកសភារុស្ស៊ីថា ការអនុម័តច្បាប់នេះ គឺជាសេចក្ដីសម្រេចដ៏សំខាន់ជាប្រវត្តិសាស្ត្រនៅក្នុងវិស័យហិរញ្ញវត្ថុ។ ក្រោមច្បាប់ថ្មីនេះ ធនាគារកណ្តាលរុស្ស៊ី នឹងបង្កើតហេដ្ឋារចនាសម្ព័ន្ធ ពិសោធន៍ថ្មីមួយ សម្រាប់ការទូទាត់ជារូបិយប័ណ្ណឌីជីថល។

ធនាគារកណ្តាលរុស្ស៊ី បាននិយាយថា ការពន្យារពេលក្នុងការទូទាត់ពាណិជ្ជកម្មអន្តរជាតិ បានក្លាយជាបញ្ហាប្រឈមដ៏ធំសម្រាប់សេដ្ឋកិច្ចរុស្ស៊ី ដែលនាំឱ្យការនាំចូលរបស់រុស្ស៊ី ធ្លាក់ចុះ៨%នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤៕