Alynana Media Cambodia
Icon Collap
clinic narit

ព្រះមហាក្សត្រយាងប្រទានព្រះរាជអំណោយដល់សិល្បករមានវ័យចំណាស់ និងជីវភាពខ្វះខាត នៅរាជធានីភ្នំពេញ

Media LNN | Aug 02, 2024
ព្រះមហាក្សត្រយាងប្រទានព្រះរាជអំណោយដល់សិល្បករមានវ័យចំណាស់ និងជីវភាពខ្វះខាត នៅរាជធានីភ្នំពេញ
Clinic narith

 

ព្រឹកថ្ងៃទី២ខែសីហានេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា​បានសព្វព្រះរាជហឫទ័យស្តេចយាង​ប្រទាន​ព្រះរាជ​អំណោយ ជូនដល់ ក្រុមសិល្បករ និងសិប្បករ ដែលមានវ័យចំណាស់ និងមានជីវភាពខ្វះខាត ស្ថិតនៅ​ក្នុងបរិវេណកោះនរា រាជធានីភ្នំពេញ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មាន​សុន្ទរកថា​​ថ្វាយព្រះពរស្វាគមន៍និងបានបញ្ជាក់ឱ្យដឹងថា ក្នុងព្រះរាជកម្ម​វិធី​ប្រទាន​ព្រះរាជអំ​ណោយ​នេះមានក្រុមសិល្បករ និងសិល្បករដែល​ត្រូវទទួល​បាន​ព្រះរាជ​អំណោយ​មាន​ប្រមាណ​ជាង​៥០០​នាក់។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសុន្ទរកថាដោយបាន​នាំមកនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅ អំពី សម្តេច​ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនឯកឧត្តម លោក​ជំទាវ ព្រឹទ្ធាចារ្យ វីរសិល្បករ សិល្បករ សិប្បករ ដែលបានអញ្ជើញមកចូល រួមក្នុងទីនេះ ក៏ដូច​ជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គមានព្រះរាជបន្ទូលថា៖ព្រះរាជាណាចក្រកម្ពុជា ជា​ប្រទេស​ដែលមានអរិយធម៌រុងរឿងតាំងតែពីបុរាណកាលមក ហើយបានរីក​សាយល្បី​ល្បាញ​ទូទាំង​ពិភព​លោក។ អរិយធម៌ដ៏រុងរឿងនោះបានបន្សល់ទុកមក ដល់យើងនាពេលបច្ចុប្បន្ននេះ នូវ​សម្បត្តិ​វប្បធម៌​ជាតិដ៏សម្បូរបែប ដែលត្រូវបានទទួលស្គាល់ ជាសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទៀត​ផង​។

ជោគជ័យ​នៃការទទួលស្គាល់សម្បត្តិវប្បធម៌ជាអន្តរជាតិ ពិតជាបានមកពីការខិតខំប្រឹងប្រែង របស់​ប្រជាជាតិខ្មែរទាំងមូល តាំងពីថ្នាក់ក្រោមដល់ថ្នាក់លើ ។ គុណតម្លៃនេះជាស្នាដៃរបស់ រាជ​រដ្ឋាភិបាលកម្ពុជា ដែលមានលោក លោកស្រី ជាវីរសិល្បករ សិល្បករ សិល្បការិនី ខិតខំ ចូលរួ​ម​ថែ​រក្សា ការពារ និងអភិរក្ស ។ព្រះរាជសុន្ទរកថា គូសបញ្ជាក់ថា ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ «ព្រះករុណា ព្រះបរមរតន កោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាល​ព្រះអង្គនៅគង់ព្រះជន្ម និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ព្រះអង្គតែងតែសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជូបត្ថម្ភ​គាំទ្រ​ដល់​សិល្បៈ​វប្បធម៌​ជាតិ ពិសេសសិល្បករ និងសិប្បករ។ ជាមួយគ្នានេះ ក្នុងអតីតកាលកន្លងទៅ សម្តេច​ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរ័ត្ន សិរីវឌ្ឍនា ទ្រង់តែង​យក​ព្រះរាជ​ហឫទ័យ​ទុក​ដាក់​យ៉ាងខ្លាំងក្នុងការថែរក្សា ការពារ និងលើកស្ទួយ របាំ និង ល្ខោនព្រះរាជទ្រព្យ ឱ្យថ្កុំ​ថ្កើង​ល្បី​ល្បាញ​ខ្ទរខ្ទារទូទាំងពិភពលោករហូតមកដល់សព្វថ្ងៃ ហើយប្រជាជាតិ ពិសេសសិល្បករ ប្រសិទ្ធ​នាមព្រះអង្គថាជា "ព្រះមាតានៃរបាំ និងល្ខោនព្រះរាជ ទ្រព្យ ” ផងដែរ ។

ព្រះអង្គ​បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហា សេនា​បតីតេជោ ហ៊ុន សែន ជាប្រមុខ និងបន្តបច្ចុប្បន្នដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់​ចេញ​នូវ​គោល​នយោបាយ​លើក​កម្ពស់​សិល្បៈ​វប្បធម៌​ជាតិ ដើម្បីលើកស្ទួយកិត្យានុភាពជាតិ និងកំណើនសេដ្ឋកិច្ច។

ព្រះអង្គបានកោតសរសើរយ៉ាងក្រៃលែង និងសូមឧទ្ទិសចំពោះសិល្បករខ្មែរគ្រប់រូប ដែល​បាន​ទទួល​មរណភាពទៅហើយក្តី ប៉ុន្តែបានបន្សល់ទុកកេរ្តិ៍ឈ្មោះ ស្នាដៃដ៏ល្បី​ទុក​ឱ្យ​អ្នក​ជំនាន់​ក្រោយ​រៀនសូត្រ​តាមរហូតមកដល់បច្ចុប្បន្ននេះ និងអ្នកកំពុងរស់នៅក្តី ដែលបានខិត​ខំ​ជួយ​ជ្រោម​ជ្រែង​គាំទ្រ និងបានចំណាយពេលវេលាពេញមួយជីវិត បូជាកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និង​ទេព​កោសល្យ ដ៏ឧត្តុង្គឧត្តមថ្លៃថ្លានៅក្នុងការអភិរក្សសិល្បៈ និងវប្បធម៌ ដែល​ដូន​តា​បាន​បន្សល់​ទុក​មក និងការអភិវឌ្ឍទម្រង់សិល្បៈ និងវប្បធម៌ថ្មីបន្ថែមទៀត ដើម្បីឱ្យកាន់តែរុងរឿងបន្តទៀត សម្រាប់​កូនខ្មែរ ជំនាន់ក្រោយ ។

ព្រអង្គបន្តថា ព្រះរាជាណាចក្រកម្ពុជាយើងមានប្រពៃណីវប្បធម៌ជាតិរស់រវើកដ៏ល្អផូរផង់ បាន​ឆ្លង​កាត់​នូវរបបខ្មៅងងឹត ហើយឋិតនៅគង់វង្សមកដល់សព្វថ្ងៃនេះ គឺជាគុណបំណាច់មហិមារបស់ បង​ប្អូន។ វប្បធម៌ប្រពៃណីជាតិដែលជាអត្តសញ្ញាណជាតិយើងរុងរឿង ភ្លឺថ្លា ត្រចះត្រចង់ ដោយ​សារ​ការ​ខិតខំលះបង់របស់បងប្អូន ហើយបងប្អូននៅតែមានតួនាទីសំខាន់ក្នុងការចូលរួម ចំណែក​ថែ​រក្សា ការពារសិល្បៈ និងវប្បធម៌ ការអភិវឌ្ឍសង្គមជាតិ និងសន្តិភាព ទៅតាមសមត្ថភាព រៀងៗ​ខ្លួន។

ព្រះអង្គក៏បានអំពាវនាវដល់សហគមន៍ជាតិ អន្តរជាតិ និងសប្បុរសជននានា មេត្តាបន្តចូលរួម ជួយ​ឧបត្ថម្ភគាំទ្រ លើកស្ទួយសិល្បៈ និងវប្បធម៌ជាតិនៃយើងឱ្យកាន់តែថ្កុំថ្កើងថែមទៀត និងសូម ជួយ​ចូលរួមចំណែកទ្រទ្រង់ជីវភាព ព្រឹទ្ធាចារ្យមរតកមនុស្សរស់ វីរសិល្បករ សិល្បករ សិប្បករ តាម​រយៈអំណោយសប្បុរសធម៌ ដើម្បីជួយលើកកម្ពស់ និងជំរុញការបន្តវេនសិល្បៈវប្បធម៌ឱ្យ កាន់​តែ​ទូលំទូលាយថែមទៀត ។

ព្រះរាជអំណោយដែលប្រទាន ដល់ក្រុមសិល្បករ និងសិប្បករ ប្រមាណ ៥០៥ នាក់ នេះ ក្នុង​ម្នាក់​ៗ​ទទួលបាន៖អង្ករ ០១ បាវ = ៥០ គ.ក្រ ឃីត០១ កញ្ចប់ (មុង ១, ភួយ ១, ក្រមា ១, សារុង ១)មី ០២ កេស ទឹកត្រី០១ យូរ = ១០ កំប៉ុង

-អាវយឺត​ មានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ០១

- អាវរងា មានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១

ថវិកា​ចំនួន ៥០០,០០០ ៛

- អាហារ​ថ្ងៃត្រង់ (បាយសាច់មាន់ចៀន, ពងទាប្រៃ ០១, ទឹកបរិសុទ្ធ ០១ដប, ទឹកក្រូច ០១កំប៉ុង, និងផ្លែក្រូចហ្វិច ០១ផ្លែ)៕