កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានប្រមាណ៦៦លានដុល្លារ នៅក្នុងរយៈពេល៧ខែឆ្នាំ២០២៤ មានការកើនឡើងជាង២៦% ខណៈទូកុងតឺន័រចេញចូលកំពង់ផែនេះ ក៏មានការកើនឡើងជាង២៦%ផងដែរ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ប្រទេសចិន និងសហរដ្ឋអាម៉េរិក បានក្លាយជាប្រភពនាំចូល និងនាំចេញទំនិញធំជាងគេសម្រាប់កម្ពុជា ក្នុងនោះនាំចូលពីចិន មានរហូតដល់៧០% និងនាំចេញទៅសហរដ្ឋអាម៉េរិក មានប្រមាណ៤១%។
អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន ចាត់ទុកកំណើនទូរកុងតឺន័រឆ្លងកាត់កំពង់ផែនេះ វាបានឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃការវិនិយោគនៅកម្ពុជា ដែលអាចនឹងឈានទៅរកភាពប្រសើរបន្ថែមទៀតនៅក្នុងឆ្នាំ២០២៥ខាងមុខ។
លោក អ៊ុក សុមេធី នាយករងផែនការលទ្ធកម្ម និងស្ថិតិ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានប្រាប់ថា តាមរយៈកំណើននៃបរិមាណទំនិញឆ្លងកាត់នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានប្រមាណ៦៦លានដុល្លារអាម៉េរិក មានការកើនឡើងជាង២៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ កំណើនទូរកុងតឺន័រឆ្លងកាត់កំពង់ផែនេះ ត្រូវបានជំរុញដោយការនាំចូលទំនិញពីចិន ដែលមានរហូតដល់៧០% និងការនាំចេញទៅសហរដ្ឋអាម៉េរិក ដែលមានប្រមាណ៤១%។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានចាត់ទុកការកើនឡើងទូរកុងតឺន័រឆ្លងកាត់ និងប្រាក់ចំណូលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុថា ជាការឆ្លុះបញ្ចាំងពីកំណើនវិនិយោគនៅកម្ពុជា។ អ្នកជំនាញរូបនេះជឿជាក់ថា តាមរយៈភាពល្អប្រសើរនេះ វានឹងជួយធ្វើឱ្យសេដ្ឋកិច្ច ក៏ដូចជាការធ្វើពាណិជ្ជកម្មរបស់កម្ពុជា កាន់តែមានភាពល្អប្រសើរបន្ថែមទៀតនៅឆ្នាំ២០២៥ ខាងមុខ ស្របពេលកម្ពុជា នៅឆ្នាំនេះ ទទួលបានគម្រោងវិនិយោគថ្មីបន្ថែមជាបន្តបន្ទាប់។
បើតាមរបាយការណ៍របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅក្នុងរយៈពេល៧ខែក្នុងឆ្នាំ២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានកុងតឺន័រឆ្លងកាត់ជាង៥៧ម៉ឺន TEUs មានការកើនឡើងជាង២៦%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ជាមួយគ្នានេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រំពឹងថា នៅពេញមួយឆ្នាំ២០២៤ នេះ នឹងអាចទទួលបានបរិមាណទូកុងតឺន័រឆ្លងកាត់ប្រមាណ១លាន TEU ដែលតម្រូវឱ្យកំពង់ផែពន្លឿននូវផែនការអភិឌ្ឍន៍ផែកុងតឺន័រថ្មីជំហានទី១ ទី២ និងទី៣ ព្រមទាំងសិក្សាផែនការបន្តទៀត។ ជាក់ស្ដែងតាមរយៈកំណើនជាបន្តបន្ទាប់នេះ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ បានបន្ថែមនូវគ្រឿងចក្រចំនួន៨គ្រឿង ដែលផលិតនៅប្រទេសជប៉ុន ដើម្បីសម្រួលដល់ការលើកដាក់ទូរកុងតឺន័រផងដែរ៕