Alynana Media Cambodia
Icon Collap
clinic narit

តើបញ្ហាចលាចលនៅបង់ក្លាដេស អាចជាឱកាសសម្រាប់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគ និងជំរុញការនាំចេញផលិតផលវាយនភណ្ឌកាត់ដេរដែរឬទេ?

Media LNN | Aug 08, 2024
តើបញ្ហាចលាចលនៅបង់ក្លាដេស អាចជាឱកាសសម្រាប់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគ និងជំរុញការនាំចេញផលិតផលវាយនភណ្ឌកាត់ដេរដែរឬទេ?
Clinic narith

ប្រទេសបង់ក្លាដែស ដែលជាគូប្រជែងដ៏ធំមួយរបស់កម្ពុជា ក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនោះកំពុងញាំញីដោយបញ្ហាអសន្តិសុខ ក្រោយក្រុមបាតុករបានធ្វើបាតុកម្មទម្លាក់នាយករដ្ឋមន្ត្រីលោកស្រី ស្សេក ហាស៊ីណា (Sheikh Hasina) ពីតំណែង។ ប្រាកដណាស់បញ្ហាចលាចលនេះ វានឹងធ្វើឱ្យប៉ះពាល់ខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុន សហគ្រាស និងការធ្វើពាណិជ្ជកម្មរបស់ប្រទេសដែលកោះមួយនេះ។

ប្រទេសបង់ក្លាដេស ដែលជាគូប្រកួតប្រជែងលើវិស័យកម្មន្តសាលកាត់ដេរមួយរបស់កម្ពុជា នៅរយៈពេលប្រមាណ១ខែមកនេះ បានជួបនឹងបញ្ហាចលាចលទ្រង់ទ្រាយធំក្រោយប្រជាពលរដ្ឋនាំគ្នាបះបោរធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល រហូតធ្វើឱ្យលោកស្រី ស្សេក ហាស៊ីណា បានប្រកាសលាលែងពីតំណែងរត់ភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា។ តើតាមរយៈភាពចលាចលនៅប្រទេសបង់ក្លាដេសនេះ វាអាចជាឱកាសសម្រាប់កម្ពុជា ក្នុងការទទួលបានការវិនិយោគ និងការបញ្ជាទិញផលិតផលនៅក្នុងវិស័យកម្មន្តសាលកាត់ដេរបន្ថែម ឬយ៉ាងណា?

ឆ្លើយតបនឹងសំណួរនេះ លោក ហ្វា សាលី ប្រធានសហព័ន្ធសហជីពជាតិ បានគូសបញ្ជាក់ថា ស្របពេលដែលប្រទេសបង់ក្លាដេស កំពុងជួបបញ្ហាចលាចល និងមានបញ្ហាផ្លាស់ប្តូរមេដឹកនាំបែបនេះ ចង់ ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពវិនិយោគ និងការធ្វើពាណិជ្ជកម្មរបស់ប្រទេសនោះ។ ហើយតាមរយៈបញ្ហានេះ វាក៏អាចជាឱកាសសម្រាប់កម្ពុជា ផងដែរ ពោលគឺកម្ពុជា បានក្លាយជាប្រទេសដែលជាទីចាប់អារម្មណ៍មួយរបស់វិនិយោគិនក្នុងវិស័យឧស្សាហកម្មកាត់ដេរជាបន្តបន្ទាប់ ដ្បិតថា កម្ពុជាមានសុខសន្តិភាពពេញលេញ និងមានធនធានគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងតម្រូវការវិនិយោគទាំងនោះ មិនតែប៉ុណ្ណោះនៅពេលខាងមុខកម្ពុជានឹងមានផ្លូវដឹកជញ្ជូនតាមផ្លូវទឹកដោយខ្លួនឯង ដែលនឹងជំរុញឱ្យការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា កាន់តែមានភាពងាយស្រួលផងដែរ។

​មិនខុសគ្នានោះទេ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានវាយតម្លៃថា បញ្ហាអស្ថិរភាពនយោបាយនៅប្រទេសបង់ក្លាដេស ក៏ដូចជាប្រទេសមីយ៉ាន់ម៉ាជាដើមនេះ បានជំរុញឱ្យកម្ពុជាទទួលបានការវិនិយោគលើវិស័យកម្មន្តសាលកាត់ដេរច្រើនជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ ហើយការបញ្ជាទិញផលិតផលក្នុងវិស័យនេះពីទីផ្សារអឺរ៉ុប និងអាម៉េរិកក៏មានការកើនឡើងផងដែរ។

​ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ពាក់ព័ន្ធនឹងការធ្វើបាតុកម្មបណ្តេញមេដឹកនាំរបស់បង់ក្លាដេស ឱ្យចុះចេញពីដំណែងនេះ មិនអាចផ្តល់ផលចំណេញដល់វិស័យកម្មន្តសាលកាត់ដេរកម្ពុជា នោះទេ ដ្បិតថា បញ្ហានេះទំនងអាចបង្កឱ្យមានភាពរអាក់រអួលក្នុងខ្សែច្រវាក់ផលិតកម្មក្នុងវិស័យវាយនភណ្ឌកាត់ដេររបស់ប្រទេសនេះក្នុងរយៈពេលខ្លីប៉ុណ្ណោះ ហើយការផ្តល់កូតានាំចេញពីសហភាពអឺរ៉ុបសម្រាប់ប្រទេសនេះនៅតែមានដដែល។

​បើតាមការបញ្ជាក់របស់ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅ៦ខែឆ្នាំ២០២៤នេះ ស្ថានភាពសេដ្ឋកិច្ចកម្ពុជាទាំងមូលនៅតែរក្សាបាននូវកំណើនវិជ្ជមាន ដោយក្នុងនោះបើមើលលើវិស័យកម្មន្តសាលកាត់ដេរ ក៏មានភាពល្អប្រសើរផងដែរ ដោយសម្រេចបានកំណើននាំចេញជិត១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារការកើនឡើងនៃការបញ្ជាទិញពីប្រទេសអឺរ៉ុប អង់គ្លស អាម៉េរិក ជប៉ុន ចិន និងអាស៊ាន៕