Alynana Media Cambodia
Icon Collap
clinic narit

កំណើនសេដ្ឋកិច្ចហ្វីលីពីនបន្តកើនឡើងលើសបំណុលជាតិ

Media LNN | Aug 09, 2024
កំណើនសេដ្ឋកិច្ចហ្វីលីពីនបន្តកើនឡើងលើសបំណុលជាតិ
Clinic narith

(អន្តរជាតិ)៖  ក្រសួងហិរញ្ញវត្ថុហ្វីលីពីន (DoF) អះអាងថា កំណើនសេដ្ឋកិច្ច កំពុងសម្រេចបានវឌ្ឍនភាពលើសកំណើនបំណុលជាតិរបស់រដ្ឋាភិបាល (NG) ខណៈថ្លៃចំណាយលើប្រា ក់កម្ចីរំពឹងថានឹងធ្លាក់ចុះ នៅពេលបណ្តាធនាគារកណ្តាលនៅលើពិភពលោក កាត់បន្ថយអត្រាការប្រាក់។ 

ក្នុងអំឡុងពេលនៃការរៀបចំសន្និសីទខ្លី របស់គណៈកម្មាធិការសម្របសម្រួលថវិកាអភិវឌ្ឍន៍ (DBCC) លោក Ralph G. Recto រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុហ្វីលីពីន បានថ្លែងថា ការទូទាត់អត្រាការប្រាក់បំណុល នៅតែអាចគ្រប់គ្រងបាន ព្រោះអត្រាការប្រាក់មានកម្រិតទាប ជាងកំណើនផលទុនជាតិសរុបឆ្ងាយណាស់ (GDP)។

លោកបានបន្តថា “អត្រាការប្រាក់លើសទំហំបំណុល ដែលយើងត្រូវបង់នៅឆ្នាំក្រោយ ស្ថិតក្នុងរង្វង់៥,៣ភាគរយ”។លោកបន្តថា  “ប្រសិនបើយើងមិនរាប់បញ្ចូលអតិផរណា អត្រាការប្រាក់ពិតប្រាកដរបស់យើង មានត្រឹមតែ២,៣%ប៉ុណ្ណោះ ដែលទាបជាងការរំពឹងទុក ចំពោះកំណើនសេដ្ឋកិច្ចហ្វីលីពីនក្នុងរង្វង់៦,៥%”។

ក្នុងន័យនេះ លោក Recto បានគូសបញ្ជាក់ថា បំណុលរបស់ប្រទេសមួយ ត្រូវបានវាស់វែង ធៀបនឹងទំហំសេដ្ឋកិច្ចរបស់ប្រទេសនោះ ដោយសាររូបមន្តនេះ អាចកំណត់សមត្ថភាពរបស់ប្រទេសមួយ ក្នុងការទូទាត់សងអត្រាការប្រាក់។

មន្ត្រីជាន់ខ្ពស់រូបនេះបានអះអាងថា “អនុបាតបំណុលធៀបនឹងទំហំ GDP  របស់ហ្វីលីពីន បានធ្លាក់ចុះពី៦០,៩%នៅឆ្នាំ២០២២ មកត្រឹម៦០,១%នៅឆ្នាំ២០២៣ ហើយយើងប្តេជ្ញាជំរុញឱ្យអនុបាតនេះ បន្តធ្លាក់ចុះមកក្រោម៦០%។ ដូច្នេះ យើងមានទ្រនាប់ការពារគ្រប់គ្រាន់ ក្នុងករណីដែលវិបត្តិផ្សេងទៀតផ្ទុះឡើង”។

យោងតាមការិយាល័យរតនាគារបានឱ្យដឹងថា អនុបាតបំណុលធៀបនឹងទំហំ GDP របស់ហ្វីលីពីន ត្រូវបានគេរំពឹងថានឹងកើនឡើងដល់៦០,៦% នៅចុងឆ្នាំ២០២៤ មុនពេលធ្លាក់ចុះដល់៦០,៤% ក្នុងឆ្នាំ២០២៥ ៦០,២% ក្នុងឆ្នាំ២០២៦ ៥៨,៤% ក្នុងឆ្នាំ២០២៧ និង៥៦,៣% ក្នុងឆ្នាំ២០២៨។

លោករដ្ឋមន្ត្រីបញ្ជាក់ថា “ការធ្លាក់ចុះជាបន្តបន្ទាប់នៃអនុបាតបំណុលធៀបនឹងGDP ចាប់តាំងពីផ្ទុះជំងឺរាតត្បាត ជាហេតុផលធ្វើឱ្យវិស័យឥណទានរបស់យើង នៅតែមានចំណាត់ថ្នាក់ល្អប្រសើរ”។ លោកបន្ថែមថា “ការណ៍នេះមានន័យថាយើងមិនត្រឹមតែមានសមត្ថភាព ទូទាត់សងបំណុលប៉ុណ្ណោះទេ ប៉ុន្តែយើងក៏មានលទ្ធភាព ទទួលបានហិរញ្ញប្បទានបន្ថែមទៀតផងដែរ”៕
ប្រភព: Business World Online៕