ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរំពឹងថា ការប្រមូលចំណូលសារពើពន្ធសរុបរបស់កម្ពុជានៅពេញមួយឆ្នាំ២០២៤នេះ អាចសម្រេចបានប្រមាណជាង២២ទ្រីលានរៀលប៉ុណ្ណោះ ដែលស្មើនឹងប្រមាណ ៨៥,៥% នៃផែនការច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤ ដែលតម្រូវឱ្យប្រមូលចំណូលសារពើពន្ធសរុបសម្រេចបានប្រមាណជាង២៥ទ្រីលានរៀល។ តើមានកត្តារាំងស្ទះអ្វីខ្លះនាំឱ្យការប្រមូលចំណូលសារពើពន្ធរបស់កម្ពុជានៅពេញមួយឆ្នាំ២០២៤ អាចទាបជាងផែនការដល់ទៅជិត១៥%យ៉ាងដូច្នេះ?
បើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការប្រមូលចំណូលសារពើពន្ធនៅឆមាសទី១ឆ្នាំ២០២៤នេះ សម្រេចបានជិត១២ទ្រីលានរៀល ដែលស្មើនឹងប្រមាណជាង៤៦%នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤។ ក្នុងនោះចំណូលពន្ធគយបានរួមចំណែកចំនួនជិត៥ទ្រីលានរៀល ដែលស្មើនឹងជាង៤៤%នៃច្បាប់ហិរញ្ញវត្ថុ ខណៈចំណូលពន្ធដាបានរួមចំណែកប្រមាណ៧ទ្រីលានរៀល ដែលស្មើនឹងជិត៤៨% នៃច្បាប់ហិរញ្ញវត្ថុ។
ការប្រមូលចំណូលពន្ធ និងអាកររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករនៅឆមាសទី១ឆ្នាំនេះមិនបានគ្រប់តាមផែនការ គឺដោយសារប្រជាពលរដ្ឋមានការត្បិតត្បៀតការចំណាយដែលនាំឱ្យការនាំចូលទំនិញចម្រុះងើបយឺត ហើយទីផ្សារយានយន្តបន្តធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ការរីកចម្រើនផលិតកម្មក្នុងស្រុក និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក៏ជាមូលហេតុធ្វើឱ្យប៉ះពាល់ដល់ការប្រមូលចំណូលរបស់គយផងដែរ។ ជាក់ស្តែងចំណូលបាត់បង់ដោយសារការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងក្របខ័ណ្ឌអាស៊ាន និងរវាងអាស៊ានជាមួយដៃគូអាស៊ានផ្សេងទៀតសរុបក្នុងឆមាសទី១ឆ្នាំ២០២៤ មានរហូតដល់ជាង៨រយពាន់លានរៀលថយចុះ៦,៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ តាមរយៈលទ្ធផលនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានវាយតម្លៃថា ការប្រមូលចំណូលពន្ធ និងអាករគយនៅពេញមួយឆ្នាំ២០២៣៤ នេះ អាចនឹងសម្រេចបានប្រមាណ៨៥,៥%នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤ តែប៉ុណ្ណោះ។
យ៉ាងណាមិញ សម្រាប់ចំណូលពន្ធដារដែលសម្រេចបានជិត៤៨% នៃច្បាប់ហិរញ្ញវត្ថុនៅឆមាសទី១ឆ្នាំនេះ គឺដោយសារចំណូលពីពន្ធលើប្រាក់ចំណូល និងពីអាករពិសេសលើមុខទំនិញ និងសេវាក្នុងស្រុក បានធ្លាក់ចុះខ្លាំង។ ដូចនេះ តាមការប៉ាន់ស្មានហូតដល់ដំណាច់ឆ្នាំ ចំណូលពន្ធដារអាចនឹងសម្រេចបានប្រមាណ៨៥,៥% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤ប៉ុណ្ណោះ ដោយហេតុថា ពន្ធលើប្រាក់ចំណូលដែលទទួលបានក្នុងត្រីមាសទី១ឆ្នាំ២០២៤ មិនអាចសម្រេចបានតាមការរំពឹងទុក, ហើយចំណូលពន្ធដារក្នុងត្រីមាសទី២ ឆ្នាំ២០២៤នេះ ធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៣ ហាក់ពុំមានកំណើនគួរឱ្យកត់សម្គាល់នោះទេ។
ជាមួយគ្នានេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានវាយតម្លៃថា ការប្រមូលចំណូលសារពើពន្ធនៅពេញមួយឆ្នាំ២០២៤នេះ អាចសម្រេចបានប្រមាណជាង២២ទ្រីលានរៀល ឬប្រមាណ៨៥,៥% នៃផែនការច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤។ ការប្រមូលចំណូលមិនគ្រប់តាមផែនការនេះ ត្រូវបានក្រសួងសេដ្ឋកិច្ចវាយតម្លៃថា គឺមួយផ្នែកដោយសារទីផ្សារយានយន្តបន្តធ្លាក់ចុះគួរ គួបផ្សំការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងក្របខ័ណ្ឌអាស៊ាន និងរវាងអាស៊ានជាមួយនឹងដៃគូអាស៊ានផ្សេងទៀត និងការលើកទឹកចិត្តពន្ធ និងអាករសម្រាប់គម្រោងវិនិយោគ និងវិស័យអាទិភាពនានា ដែលធ្វើឱ្យប៉ះពាល់ដល់ចំណូលដែលត្រូវប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ប៉ុន្តែមានការប៉ះប៉ូវមកវិញខ្លះ ដោយសារមានការអនុវត្តបានល្អប្រសើរនូវការប្រមូលចំណូលមិនមែនសារពើពន្ធ៕