រដ្ឋបាត់ចំណូលពីការប្រមូលពន្ធដារមិនក្រោម៣០០លានដុល្លារឡើយ សម្រាប់ឆ្នាំ២០២៤។ ការបាត់ចំណូលនេះ ក៏ព្រោះតែរដ្ឋាភិបាលបានលើកទឹកចិត្តផ្នែកពន្ធដារមួយចំនួនដល់អ្នកប្រកបរបរក្នុងវិស័យទេសចរណ៍ នៅខេត្ត សៀមរាប, លើកទឹកចិត្តពន្ធដារវិស័យអចលនទ្រព្យ កសិកម្ម រួមទាំងគម្រោងវិនិយោគនានា ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចជាតិ។
របាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងលទ្ធផលប៉ាន់ស្មាននៃការអនុវត្តថវិកាឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ការលើកទឹកចិត្តផ្នែកពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប រដ្ឋបាត់ចំណូលពន្ធដារអស់៣,៩៧លានដុល្លារ សម្រាប់ឆ្នាំ២០២៤។
ការបាត់ចំណូលជាតិចំពោះវិស័យនេះ មានទៅលើការលើកលែងពន្ធប្រចាំខែគ្រប់ប្រភេទ (លើកលែងអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ), ការលើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៣ដែលជាកម្មវត្ថុនៃការប្រមូលក្នុងឆ្នាំ ២០២៤ និងប្រាក់រំដោះពន្ធលើប្រាក់ចំណូលដែលបានបង់ក្នុងឆ្នាំ២០២៣ ត្រូវបានអនុញ្ញាតជាឥណទានសម្រាប់កាត់កងនឹងពន្ធលើប្រាក់ចំណូលឆ្នាំ២០២៤។ ក្រៅពីនេះ ក៏មានការលើកលែងបំណុលពន្ធទាំងអស់ដែលមានការិយបរិច្ឆេទមុនឆ្នាំ២០២៣ ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ផងដែរ។ ការអនុវត្តវិធានការអន្តរាគមន៍ពិសេសសម្រាប់វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបនេះ ចាប់តាំងពីឆ្នាំ២០២២មកទល់បច្ចុប្បន្ន ធ្វើឱ្យរដ្ឋបាត់ចំណូលប្រមាណ៥៧,៤លានដុល្លារ។
របាយការរណ៍ដដែលរបស់ក្រសួងសេដ្ឋកិច្ច ដែលទើបចេញផ្សាយនាថ្ងៃទី៩ ខែសីហា បានបញ្ជាក់ថា ៖ « បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានពន្ធដារបាន និងកំពុងផ្ទៀងផ្ទាត់តួលេខបំណុលពន្ធ ដែលមានក្នុងខេត្តសៀមរាប ឃើញថាមានប្រមាណ ២៣២,៤៨ ប៊ីលានរៀល, សមមូលនឹងប្រមាណ ៥៧,៤ លានដុល្លារ»។
ជាមួយគ្នានេះ ការបន្តការលើកលែងពន្ធប្រថាប់ត្រាដែលជាប្រភេទចំណូលថ្នាក់ក្រោមជាតិលើការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទជាលក្ខណៈជាបុរីមានតម្លៃក្រោមឬស្មើ៧ម៉ឺនដុល្លារ រហូតដល់ដំណាច់ឆ្នាំ ២០២៤ ក៏ធ្វើឱ្យរដ្ឋបាត់ចំណូលជាតិ ផងដែរ។ បើតាមក្រសួងសេដ្ឋកិច្ចការលើកលែងពន្ធប្រភេទនៅក្នុងឆមាសទី១ ឆ្នាំ២០២៤ មានទំហំទឹកប្រាក់៣,៨ពាន់លានរៀល(ជាង៩០ម៉ឺនដុល្លារ)។
រដ្ឋក៏បាត់ចំណូលពីការអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទមានលក្ខណៈជាបុរី និងមានតម្លៃលើស៧ម៉ឺនដុល្លារ ដោយអនុញ្ញាតឱ្យដកទំហំទឹកប្រាក់នេះចេញពីមូលដ្ឋានគិតពន្ធសម្រាប់ការទិញលំនៅឋានក្នុងគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ផងដែរ។ ការអនុញ្ញាតឱ្យដកទំហំទឹកប្រាក់៧ម៉ឺនដុល្លារ ចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា គិតជាប្រាក់ពន្ធដែលបានលើកលែង គឺមានចំនួន ២,៦ ពាន់លានរៀល (ប្រមាណ៦០ម៉ឺនដុល្លារ)។
ការព្យួរការអនុវត្តពន្ធលើដីធ្លីមិនបានប្រើប្រាស់រហូតដល់ដំណាច់ឆ្នាំ២០២៤ និងបន្ធូរបន្ថយលក្ខខណ្ឌលើកលែងពន្ធនេះ សម្រាប់ការអនុវត្តចាប់ពី ឆ្នាំ ២០២៥ ធ្វើឱ្យរដ្ឋបាត់ចំណូល៣៩,៦ពាន់លានរៀល(ប្រមាណ៩,៨ លានដុល្លារ)។ សម្រាប់ការលើកទឹកចិត្តសហគ្រាសក្នុងវិស័យមូលបត្របានរួមចំណែកក្នុងការធ្វើឱ្យមានការថមថយ ចំណូលពីសហគ្រាសដែលបាននិងកំពុងបំពេញកាតព្វកិច្ចសារពើពន្ធរួចហើយ។ បើតាមក្រសួងសេដ្ឋកិច្ច ក្នុងឆ្នាំ ២០២៣ មានសហគ្រាសតែ១ប៉ុណ្ណោះដែលទើបតែចុះបញ្ជីក្នុងទីផ្សារមូលបត្រ បានស្នើសុំអនុគ្រោះបំណុលពន្ធ ធ្វើឱ្យ បាត់បង់ចំណូលពន្ធប្រមាណ៦,៦ពាន់លានរៀល(ជាង១,៦លានដុល្លារ)។ ទំហំប្រាក់ពន្ធដែលបាត់នេះ គឺមិនបានរាប់បញ្ចូលនូវលទ្ធផលសវនកម្មមិនទាន់បញ្ចប់ចំនួន៧ ការិយបរិច្ឆេទនោះផង។
ដោយឡែក ការលើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំចំពោះក្រុមហ៊ុនដំឡើងទោចក្រយានយន្ត១នៅក្នុងស្រុក ធ្វើឱ្យបាត់ចំណូលដល់ជាង២០លានដុល្លារ។ ក្រុមហ៊ុននេះទើបទទួលបានការលើកទឹកចិត្តចំនួន៩៦ភាគរយ លើការបង់ពន្ធប្រាក់ចំណូលប្រចាំឆ្នាំក្នុងរយៈពេល៥ឆ្នាំ។ ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ៖ « កាលពីឆមាសទី១ ឆ្នាំ២០២៣ ក្រុមហ៊ុននេះបានបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ សម្រាប់ការិយបរិច្ឆេទឆ្នាំ ២០២២ បានចំនួនប្រមាណ៤០លានដុល្លារ។ ប៉ុន្តែសម្រាប់ការិយបរិច្ឆេទឆ្នាំ ២០២៣ វិញ, ក្រុមហ៊ុនបង់ពន្ធលើ ប្រាក់ចំណូលប្រចាំឆ្នាំ ប្រមាណតែ ១៦ លានដុល្លារអាម៉េរិក ប៉ុណ្ណោះ។ ដូចនេះ ការលើកទឹកចិត្តនេះ នឹងធ្វើឱ្យបាត់បង់ចំណូលពន្ធលើប្រាក់ចំណូល គិតចាប់ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៩»។
ការអនុវត្តអនុក្រឹត្យនៃការលើកទឹកចិត្តដល់គម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ (គ.ល.គ) រួមមាន៖ ការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល, ការផ្តល់ការលើកទឹកចិត្ត ចំពោះចំណាយមួយចំនួន ១៥០ភាគរយ, ការលើកទឹកចិត្តចំពោះការទិញលើផលិតផលធាតុចូលក្នុងផលិតតាមក្នុងស្រុកការលើកលែងពន្ធលើប្រាក់ចំណូលលើការពង្រីកគម្រោង គឺសុទ្ធសឹងធ្វើឱ្យបាត់បង់ចំណូលពន្ធដារ។
ជាពិសេសការបន្តពន្យារពេលអនុវត្តពន្ធលើចំណេញមូលធនទាំង ៦ ប្រភេទ រួមមានពន្ធលើចំណេញ អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស រហូតដល់ ដំណាច់ឆ្នាំ ២០២៤ ក៏ធ្វើឱ្យរដ្ឋបាត់ចំណូលច្រើនផងដែរ។ តាមការប៉ានស្មានរបស់ក្រសួងសេដ្ឋកិច្ច ប្រាក់ចំណូលពន្ធលើចំណេញមូលធនពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យដែលខកខានមិនទាន់ប្រមូលនោះ គឺជាមធ្យមមានជាង ៦០លានដុល្លារក្នុងមួយឆ្នាំ ។ ទំហំទឹកប្រាក់នេះ គឺមិនទាន់គិតបញ្ចូលពន្ធលើចំណេញមូលធនចំពោះទ្រព្យ ៥ ប្រភេទផ្សេងទៀតផង។
រដ្ឋក៏បានបាត់ចំណូលពន្ធពីការបន្តលើកទឹកចិត្តផ្នែកពន្ធដារ ២ឆ្នាំបន្ថែមទៀត (២០២៤-២០២៥) សម្រាប់វិស័យកសិកម្ម។ ក្នុងនោះការបន្តអនុគ្រោះអាករលើតម្លៃបន្ថែម, ពន្ធកាត់ទុក និងពន្ធអប្បបរមា ចំពោះសហគ្រាស ផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ ស្រូវ អង្ករ ពោត សណ្ដែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ព្រមទាំងបន្ថែមផលិតផលមៀនប៉ៃលិន ស្វាយ វារីវប្បកម្ម ការចិញ្ចឹមសត្វ និងផលិតផល ដូងប្រេងដែលជាវត្ថុធាតដើមផលិតចំណីសត្វ។ ក្រៅពីនេះ ការបន្តលើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ចំពោះសហគ្រាសដាំដុះ ផលិត និងផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញផលិតផលកសិកម្ម រួមមាន ស្រូវ អង្ករ ពោត សណ្ដែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ព្រមទាំងបន្ថែមផលិតផលកសិកម្ម ៥ មុខទៀត គឺ មៀនប៉ៃលិន ស្វាយ វារីវប្បកម្ម ការចិញ្ចឹមសត្វ និងផលិតផលដូងប្រេងដែលជាវត្ថុធាតដើមផលិតចំណីសត្វ។
ការផ្តល់ការអនុគ្រោះព្យួរទុកជាបណ្តោះអាសន្ននូវការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែរហូតដល់ដំណាច់ឆ្នាំ ២០២៥ សម្រាប់សហគ្រាស គ.ល.គ. រួមមានសហគ្រាសផលិតស្លាក យីហោ សម្រាប់សម្លៀកបំពាក់ (Garment Logo), ផលិតផលស្រោមដៃ (Glove), ស្រោមជើង (Sock), កន្សែង (Towel), ស្រោមខ្នើយ (Pillow case), ស្រោមភួយ (Duvet cover), កម្រាលពូក (Bed sheet), និងកម្រាលតុ (Table cloth) ដូចសហគ្រាសវាយនភណ្ឌដែរ។ ចំពោះវិស័យល្បែងពាណិជ្ជកម្មទទួលបានការអនុគ្រោះ ដោយមិនទាន់អនុវត្តកាតព្វកិច្ចសារពើពន្ធ ឱ្យបានពេញលេញស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន រហូតដល់ដំណាច់ឆ្នាំ ២០២៤។
ជាមួយនឹងការតម្លើងប្រាក់បៀវត្សនិងប្រាក់ឈ្នួលអប្បបរមាដល់មន្ត្រីរាជការ និងកម្មករ- និយោជិត, រាជរដ្ឋាភិបាលក៏បានដំឡើងកម្រិតពិតាននៃប្រាក់បៀវត្សប្រចាំខែស្របគ្នាជាប្រចាំផងដែរ សំដៅធានា ឱ្យអ្នកទទួលបានប្រាក់បៀវត្សអប្បបរមាបានរួចផុតពីការបង់ពន្ធ។ ការដំឡើងកម្រិតពិតាននៃប្រាក់បៀវត្ស ប្រចាំខែ ដល់ ១ លាន ៥ សែនរៀល បានធ្វើឱ្យស្រកស្រុតចំណូលពន្ធប្រមាណ ១៣ លានដុល្លារ ក្នុងមួយឆ្នាំ។
អ្វីដែលគួរឱ្យកត់សម្គាល់នៃការថមថយចំណូលពន្ធដារ ក្នុងឆ្នាំ ២០២៤ នោះ គឺបណ្តាលមកពីការស្រកស្រុតខ្លាំងនៃពន្ធលើប្រាក់ចំណូលពីវិស័យធនាគារ ដែលជាចន្ទល់ចម្បង និងមានមូលដ្ឋានបង់ពន្ធលើ ប្រាក់ចំណូលច្រើនជាងគេ។ បើតាមរបាយការណ៍ដដែលបានរបស់ក្រសួងសេដ្ឋកិច្ច ពន្ធលើប្រាក់ចំណូលពីវិស័យធនាគារសម្រាប់ការិយបរិច្ឆេទឆ្នាំ ២០២៣ ដែលត្រូវប្រមូលក្នុងឆ្នាំ ២០២៤ មានការធ្លាក់ចុះប្រមាណ ៥៩៣,៦៧ ពាន់លានរៀល(ប្រមាណ ១៤៥,៣៣ លានដុល្លារ)។ ទំហំនេះ ស្មើនឹង ៤៥,០២ភាគរយ ធៀបនឹងការិយបរិច្ឆេទឆ្នាំ ២០២២ ដែលបានបង់ក្នុងឆ្នាំ ២០២៣។ ជាមួយគ្នានេះ ចំណូលពន្ធដារពីវិស័យអចលនទ្រព្យ ក៏ធ្លាក់ចុះប្រមាណ ៦៣,០៣ ពាន់លានរៀល(១៥,៤៣ លានដុល្លារ) ត្រូវជា ៤៩,៦២ភាគរយ ធៀបនឹងការិយបរិច្ឆេទ ឆ្នាំ ២០២២ ដែលបានបង់ក្នុងឆ្នាំ ២០២៣ ផងដែរ។
តាមផែនការនៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៤ អគ្គនាយកពន្ធដារត្រូវប្រមូលពន្ធឱ្យបាន ៤ ១៦៣,៣៥លានដុល្លារ ឱ្យរដ្ឋាភិបាល។ ក៏ប៉ុន្តែ នៅក្នុងឆមាសទី១ ឆមាសទី១ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបាន១ ៩១៧,៩៦លានដុល្លារ ស្មើនឹង៤៧,៦ភាគរយប៉ុណ្ណោះនៃច្បាប់ហិរញ្ញវត្ថុ។ ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ការប្រមូលពន្ធនេះ គឺទាបដល់១០,៩ពិន្ទុ បើធៀបនឹងគ្រាដូចគ្នា កាលឆ្នាំ២០២៣។
« តាមការប៉ាន់ស្មានរហូតដល់ដំណាច់ឆ្នាំចំណូលពន្ធដារ (ថ្នាក់ជាតិ) អាចនឹងសម្រេចបានប្រមាណ ៨៥,៥ភាគរយ នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៤ ប៉ុណ្ណោះ ដោយហេតុថា ពន្ធលើប្រាក់ចំណូលដែលទទួលបានក្នុងត្រីមាសទី១ ឆ្នាំ ២០២៤ មិនអាចសម្រេចបានតាមការរំពឹងទុក ហើយ ចំណូលពន្ធដារក្នុងត្រីមាសទី២ ធៀបនឹងត្រីមាសទី២ ឆ្នាំ ២០២៣ ហាក់ពុំមានកំណើន គួរឱ្យកត់សម្គាល់នោះទេ»។ នេះបើយោងតាមរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងលទ្ធផលប៉ាន់ស្មាននៃការអនុវត្តថវិកាឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕