ប្រសិនបើតម្លៃអចលនទ្រព្យហក់ឡើងលើសពី២០% ក្នុងរយៈពេល៣ខែជាប់ៗគ្នា ក្រសួងពាក់ព័ន្ធនានានៃប្រទេសវៀតណាម ត្រូវស្នើវិធានការអន្តរាគមន៍ដើម្បីគ្រប់គ្រងទីផ្សារអចលនទ្រព្យ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
ក្រឹត្យថ្មីមួយដែលបានចូលជាធរមាន ចាប់ពីថ្ងៃទី១ ខែសីហា តម្រូវឱ្យក្រសួងសំណង់វៀតណាម វាយតម្លៃទីផ្សារអចលនទ្រព្យ និងស្នើវិធានការដោយផ្អែកលើស្ថានភាពតម្លៃ និងសូចនាករសេដ្ឋកិច្ចផ្សេងៗទៀត។ សរុបមករដ្ឋវៀតណាម នឹងធ្វើអន្តរាគមន៍ ប្រសិនបើការប្រែប្រួលនៃទីផ្សារអចលនទ្រព្យគំរាមកំហែងដល់ស្ថិរភាពសេដ្ឋកិច្ចសង្គម។
ក្រសួងសំណង់វៀតណាម នឹងសម្របសម្រួលជាមួយក្រសួងផ្សេងៗទៀត និងអាជ្ញាធរមូលដ្ឋានដើម្បីវាយតម្លៃស្ថានភាព និងស្នើវិធានការក្នុងរយៈពេល១៥ថ្ងៃ បន្ទាប់មកនឹងត្រូវបញ្ជូនទៅកាន់រដ្ឋាភិបាលដើម្បីអនុម័ត។ ក្រសួងសំណង់វៀតណាម ត្រូវស្នើវិធានការពាក់ព័ន្ធនឹងគោលនយោបាយរៀបចំផែនការនគរូបនីយកម្ម ការសាងសង់ លំនៅឋាន និងអាជីវកម្មអចលនទ្រព្យជាដើម។
វិធានការនេះក៏នឹងទាក់ទងទៅនឹងគោលនយោបាយវិនិយោគ និងការដេញថ្លៃដែលស្នើឡើងដោយក្រសួងផែនការ និងវិនិយោគ ព្រមទាំងគោលនយោបាយដីធ្លីពីក្រសួងធនធានធម្មជាតិ និងបរិស្ថានផងដែរ។
ចំណែកឯក្រសួងហិរញ្ញវត្ថុនឹងត្រូវស្នើវិធានការទាក់ទងនឹងគោលនយោបាយពន្ធ ហិរញ្ញវត្ថុ មូលបត្រ និងសញ្ញាបណ្ណសាជីវកម្ម។ លើសពីនេះ ធនាគារកណ្ដាលវៀតណាម នឹងស្នើវិធានការនានាទាក់ទងនឹងគោលនយោបាយឥណទាន។ ហើយប្រសិនបើវិធានការចាំបាច់ទាំងអស់នេះលើសពីអំណាច ឬដែនសមត្ថកិច្ចរបស់រដ្ឋាភិបាល សំណើវិធានការទាំងនោះនឹងត្រូវបញ្ជូនទៅរដ្ឋសភា ដើម្បីធ្វើសេចក្តីសម្រេច៕