Alynana Media Cambodia
Icon Collap
clinic narit

ហ្វីលីពីន ជះលុយជាង១ពាន់លានដុល្លារ ទិញអង្ករពីប្រទេសវៀតណាម

Media LNN | Aug 13, 2024
ហ្វីលីពីន ជះលុយជាង១ពាន់លានដុល្លារ ទិញអង្ករពីប្រទេសវៀតណាម
Clinic narith

ប្រទេសហ្វីលីពីន បានចំណាយថវិកាជាង១ពាន់លានដុល្លារ លើការទិញអង្ករពីប្រទេសវៀតណាម នៅក្នុងឆមាសទី១ ឆ្នាំនេះ ដោយបានកើនឡើងជាង៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលប្រទេសនេះបានកាត់បន្ថយពន្ធនាំចូលអង្ករពីវៀតណាម មកនៅត្រឹមតែ១៥% ប៉ុណ្ណោះសម្រាប់រយៈពេល៤ឆ្នាំ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម VnExpress។

ទិន្នន័យពីការិយាល័យពាណិជ្ជកម្មវៀតណាម ប្រចាំប្រទេសហ្វីលីពីន បានឱ្យដឹងថា ប្រទេសវៀតណាម គឺជាអ្នកនាំចេញអង្ករច្រើនជាងគេបំផុតទៅកាន់ប្រទេសហ្វីលីពីន អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នៅឆមាសទី១ឆ្នាំ២០២៤ វៀតណាមទទួលបានប្រាក់ចំណូលជាង១,២ ពាន់លានដុល្លារពីការនាំចេញអង្ករទៅកាន់ហ្វីលីពីន ពោលគឺកើនឡើង៤១% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

កាលពីខែមិថុនា ប្រទេសហ្វីលីពីន បានកាត់បន្ថយពន្ធនាំចូលអង្ករពីវៀតណាម ពី៣៥% មកនៅត្រឹម១៥% រហូតដល់ឆ្នាំ២០២៨ ហើយត្រូវគេរំពឹងថា នឹងបង្កើនបរិមាណនាំចូលអង្ករពី៤ លានទៅជាង៤លានតោន ដែលវាជាឱកាសដ៏ល្អសម្រាប់អង្ករវៀតណាម ក្នុងឆមាសទីពីរឆ្នាំនេះ។

ប៉ុន្តែទោះបីជាឱកាសនាំចេញអង្ករកំពុងពង្រីកក៏ដោយ ក៏អាជីវកម្មជាច្រើននៅតែមានការប្រុងប្រយ័ត្នដោយសារការចំណាយលើផលិតកម្មកើនខ្ពស់គួបផ្សំនឹងឥទ្ធិពលនៃព្យុះដែលអាចកាត់បន្ថយការផ្គត់ផ្គង់ស្រូវនៅចុងឆ្នាំនេះ។

ការិយាល័យពាណិជ្ជកម្មវៀតណាម នៅហ្វីលីពីន បានផ្តល់អនុសាសន៍ថា អាជីវកម្មត្រូវមានតុល្យភាពចំណាយទើបអាចផ្តល់ជូនតម្លៃប្រកួតប្រជែង និងរក្សាចំណែកទីផ្សារបាន។ ស្របពេលនោះដែរ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ស្ថានទូត និងការិយាល័យពាណិជ្ជកម្មវៀតណាម ក៏នឹងជួយគាំទ្រអាជីវកម្មលើសកម្មភាពមួយចំនួនដូចជាការជំរុញពាណិជ្ជកម្ម ការផ្សាយពាណិជ្ជកម្ម និងការកែលម្អគុណភាពផលិតផលដើម្បីបង្កើនតម្លៃនាំចេញផងដែរ៕