Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុននាំចេញអង្ករវៀតណាម កំពុងព្រួយបារម្ភចំពោះការចំណាយថ្លៃដើមផលិតកើនឡើង ខណៈតម្លៃអង្ករជាសកលកំពុងធ្លាក់ចុះ

Media LNN | Aug 14, 2024
ក្រុមហ៊ុននាំចេញអង្ករវៀតណាម កំពុងព្រួយបារម្ភចំពោះការចំណាយថ្លៃដើមផលិតកើនឡើង ខណៈតម្លៃអង្ករជាសកលកំពុងធ្លាក់ចុះ
Clinic narith

ក្រុមហ៊ុននាំចេញអង្កររបស់វៀតណាម មួយចំនួន អាចប្រឈមនឹងការខាតបង់នៅឆ្នាំនេះដោយសារតម្លៃផលិតកម្មកើនឡើងខ្ពស់ រីឯតម្លៃអង្ករជាសកលកំពុងធ្លាក់ចុះ។ ប្រការនេះបានធ្វើឱ្យក្រុមហ៊ុនទាំងនេះមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះដំណើការអាជីវកម្មស្រូវអង្កររបស់ពួកគេ ស្របពេលក្រសួងកសិកម្មវៀតណាមរំពឹងថា ការនាំចេញអង្ករនៅឆ្នាំនេះនឹងធ្លាក់ចុះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VnExpress។

សមាគមស្បៀងអាហារវៀតណាម បានអះអាងថា បច្ចុប្បន្នស្រូវនៅវៀតណាម មានតម្លៃប្រមាណ១,៥០០រៀល ក្នុង១គីឡូក្រាម កើនឡើងជិត៦% ក្រោយបញ្ហាអាកាសធាតុធ្វើឱ្យទិន្នផលស្រូវនៅប្រទេសក្បែរខាងកម្ពុជា មួយនេះ មានការធ្លាក់ចុះ ដែលបង្ខំឱ្យអ្នកផលិតដំឡើងថ្លៃស្រូវ។

លោកស្រី ហ៊ុយ ធី ប៊ិច ហឺន (Huynh Thi Bich Huyen) នាយកប្រតិបត្តិក្រុមហ៊ុននាំចេញអង្ករមួយបាននិយាយថា ក្រុមហ៊ុនរបស់លោកស្រីឥឡូវនេះអាចទិញស្រូវបានត្រឹមតែ១តោនប៉ុណ្ណោះក្នុងមួយថ្ងៃ គឺធ្លាក់ចុះ៣០% បើធៀបនឹងដើមឆ្នាំនេះ ដោយសារតែការផ្គត់ផ្គង់ធ្លាក់ចុះ។ ជាមួយគ្នានេះ អ្នកទិញបរទេសកំពុងចរចាសុំឱ្យបញ្ចុះតម្លៃអង្ករ ដូច្នេះក្រុមហ៊ុនរបស់អ្នកស្រីមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញណាមួយនោះទេ ដោយសារតែខ្លាចប្រឈមនឹងការខាតបង់ច្រើន។

ចំណែកលោក ឌិញ ង៉ុក តាំ (Dinh Ngoc Tam) អគ្គនាយករងក្រុមហ៊ុននាំចេញអង្ករមួយដែរនោះបាននិយាយថា ក្រុមហ៊ុនជាច្រើនរួមទាំងក្រុមហ៊ុនរបស់លោកដែរ កំពុងចំណាយប្រាក់រហូតដល់ប្រមាណជាង២ពាន់រៀល (០.៥២ដុល្លារ) ដើម្បីទិញអង្ករមួយគីឡូក្រាម ខណៈដែលអតិថិជនបរទេសបានឱ្យតម្លៃខ្ពស់ជាងនេះតែបន្តិចប៉ុណ្ណោះ ហើយថា ការឡើងថ្លៃដឹកជញ្ជូនដោយសារជម្លោះអន្តរជាតិ និងការប្រែប្រួលតម្លៃរូបិយប័ណ្ណបានជំរុញឱ្យការចំណាយកើនឡើងពី១០% ទៅ១៥% ចាប់តាំងពីដើមឆ្នាំនេះមក​។

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់វៀតណាម រំពឹងថា ការនាំចេញអង្កររបស់វៀតណាមនឹងធ្លាក់ចុះ៩% នៅឆ្នាំនេះ មកនៅត្រឹម៧,៤លានតោន ខណៈមកដល់ពេលនេះ ប្រទេសនេះបាននាំចេញអង្ករសម្រេចបានជាង៣ពាន់លានដុល្លារ គឺកើនឡើងជិត៦%បើធៀបនឹងឆ្នាំមុន៕