ប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទី២ ក្នុងតំបន់អាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី ទទួលបានភ្ញៀវទេសចរបរទេសរហូតដល់ទៅជិត២២លាននាក់ ក្នុងរយៈពេលជាង៧ខែ ដើមឆ្នាំ២០២៤ នេះ ហើយក្នុងនោះភ្ញៀវទេសចរចិន និងភ្ញៀវទេសចរម៉ាឡេស៊ី មានចំនួនច្រើនជាងគេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
អាជ្ញាធរទេសចរណ៍ថៃ (TAT) បានឱ្យដឹងថា ប្រទេសថៃ ទទួលបានភ្ញៀវទេសចរបរទេសរហូដល់ទៅជិត២២លាននាក់ ក្នុងរយៈពេលជាង៧ខែ ដើមឆ្នាំ២០២៤ ហើយក្នុងនោះភ្ញៀវទេសចរចិន និងភ្ញៀវទេសចរម៉ាឡេស៊ី មានចំនួនច្រើនជាងគេ។ ក្នុងនោះភ្ញៀវទេសចរចិន មានចំនួនច្រើនជាងគេរហូតដល់ទៅជាង៤លាននាក់ បន្ទាប់មកម៉ាឡេស៊ី មានចំនួន៣លាននាក់ ខណៈឥណ្ឌា កូរ៉េខាងត្បូង និងរុស្ស៊ី មានជាង១លាននាក់ ដោយទទួលបានចំណូលពីវិស័យទេសចរណ៍សរុបចំនួនជិត៣០ពាន់លានដុល្លារអាម៉េរិក។
ជាមួយគ្នានេះ ប្រទេសថៃ ដាក់គោលដៅទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបានជាង៣៦លាននាក់នៅត្រឹមដំណាច់ឆ្នាំ២០២៤ នេះ។ ចាប់ពីថ្ងៃទី២២ ខែកក្កដា ប្រទេសថៃ បានបន្តកម្មវិធីស្នាក់នៅដោយគ្មានទិដ្ឋាការរយៈពេល៦០ថ្ងៃ ដល់ពលរដ្ឋមកពី៩៣ប្រទេស និងដែនដី ដោយកើនឡើងពី៥៧ប្រទេស និងដែនដីសម្រាប់គោលបំណងទេសចរណ៍ ឬអាជីវកម្មរយៈពេលខ្លី។
គួររំឭកថា កាលពីអំឡុងឆ្នាំ២០១៩ នៅមុនពេលផ្ទុះវិបត្តិកូវីដ-១៩ ប្រទេសថៃ ដែលសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ ទទួលបានភ្ញៀវទេសចរបរទេសរហូតដល់ទៅជិត៤០លាននាក់ និងទទួលបានចំណូលរហូតដល់ទៅជិត៥២ពាន់លានដុល្លារអាម៉េរិក៕