ហាងឆេងមាសនៅលើទីផ្សារក្នុងប្រទេសកម្ពុជា បានហក់ឡើងខ្ពស់ជាថ្មីនៅសប្តាហ៍ចុងក្រោយនេះ ពោលគឺបច្ចុប្បន្នមាសមួយតម្លឹងអាចលក់ចេញរហូតដល់ជាង៣ពាន់ដុល្លារឯណោះ ដែលជាតម្លៃកំណត់តត្រាខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។
មាសហក់ឡើងថ្លៃខ្ពស់នេះ ត្រូវបានអ្នកជំនាញអះអាងថា កើតឡើងដោយសារតែការប្រែប្រួលនៃបញ្ហាភូមិសាស្រ្តនយោបាយរបស់ពិភពលោក និងជាពិសេសឥទ្ធិពលនៃការធ្លាក់ចុះតម្លៃប្រាក់ដុល្លារអាម៉េរិក ។ ទន្ទឹមនេះ អ្នកជំនាញក្នុងទីផ្សារជួញដូរមាសនៅកម្ពុជា វាយតម្លៃថា ហាងឆេងមាសនៅកម្ពុជា ក៏ដូចជាលើទីផ្សារអន្តរជាតិ អាចនឹងបន្តហក់ឡើងថ្លៃបន្តទៀត។
តម្លៃមាសនៅកម្ពុជា បានហក់ឡើងថ្លៃយ៉ាងគំហុកនៅប៉ុន្មានថ្ងៃចុងក្រោយនេះ រហូតដល់ជាង៣ពាន់ដុល្លារក្នុង១តម្លឹង ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រកំណត់ត្រាតម្លៃមាសនៅកម្ពុជា។ ជុំវិញមាសហក់ឡើងថ្លៃយ៉ាងគំហុកនេះ ត្រូវបានលោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរីធី វាយតម្លៃថា គឺដោយសារការប្រែប្រួលបញ្ហាភូមិសាស្រ្តនយោបាយ និងជម្លោះនៅតំបន់មជ្ឈិមបូព៌ា ជាពិសេសសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ដែលបន្តជះឥទ្ធិពលដល់សេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរបស់ពិភពលោក ដែលបានជំរុញឱ្យធនាគារកណ្តាលនានានៅលើពិភពលោកនាំគ្នាសម្រុកទិញមាសទុកសម្រាប់ធ្វើជាទុនបម្រុងអន្តរជាតិរបស់ខ្លួន។
ការផ្តល់តម្រុយពីការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិក នៅក្នុងអំឡុងខែកញ្ញា ខាងមុខ ការធ្លាក់ថ្លៃលុយដុល្លារ និងការធ្លាក់ចុះទីផ្សារការងារនៅសហរដ្ឋអាម៉េរិក ក៏ជាបញ្ហាចម្បងមួយធ្វើឱ្យតម្លៃមាសហក់ឡើងខ្ពស់ផងដែរ។
បើតាមការវាយតម្លៃរបស់អ្នកជំនាញរូបនេះ បើទោះបីជាតម្លៃហាងឆេងមាសបច្ចុប្បន្នស្ថិតក្នុងកម្រិតខ្ពស់ហើយក៏ពិតមែន ប៉ុន្តែលោកជឿជាក់ថា តម្លៃមាសលើពិភពលោក ក៏ដូចជានៅកម្ពុជា អាចនឹងបន្តហក់ឡើងខ្ពស់បន្ថែមទៀត ប្រសិនបើបញ្ហាភាពតានតឹងភូមិសាស្ត្រនយោបាយ និងបញ្ហាសេដ្ឋកិច្ចពិភពលោកនៅតែបន្តស្ថិតក្នុងភាពមិនច្បាស់លាស់។
ស្ថិតក្នុងស្ថានភាពទីផ្សារមាសមានការប្រែប្រួលយ៉ាងឆាប់រហ័សនេះ លោក ឡុង សំណាង ស្នើឱ្យអ្នកវិនិយោគ និងអាជីវករជួញដូរមាសគួរមានការប្រុងប្រយ័ត្នខ្ពស់ និងតាមដានព័ត៌មានឱ្យបានដិតដល់ ដើម្បីបញ្ជៀសហានិភ័យផ្សេងៗលើការជួញដូរ និងបង្វិលដើមទុនរបស់ខ្លួន ដ្បិតថា ហាងឆេងមាសមានការប្រែប្រួលខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ៕