Alynana Media Cambodia
Icon Collap
clinic narit

ឥណ្ឌា និងម៉ាឡេស៊ីសម្លឹងរកការស្តារទំនាក់ទំនងឡើងវិញ ជាមួយនឹងការជំរុញពាណិជ្ជកម្ម

Media LNN | Aug 21, 2024
ឥណ្ឌា និងម៉ាឡេស៊ីសម្លឹងរកការស្តារទំនាក់ទំនងឡើងវិញ ជាមួយនឹងការជំរុញពាណិជ្ជកម្ម

(ញូវដេលី)៖ នាយករដ្ឋមន្ត្រីនៃប្រទេសឥណ្ឌា និងម៉ាឡេស៊ី បានស្វែងរកការស្ដារទំនាក់ទំនងឡើងវិញ រវាងប្រទេសទាំងពីរនៅថ្ងៃអង្គារ ខណៈពួកគេបានយល់ព្រមជំរុញពាណិជ្ជកម្ម ចលនាកម្មករ និងការប្រើប្រាស់រូបិយប័ណ្ណផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីដោះស្រាយប្រតិបត្តិការទ្វេភាគី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។

ទំនាក់ទំនងរវាងប្រទេសទាំងពីរបានធ្លាក់ចុះនៅចុងឆ្នាំ ២០១៩ បន្ទាប់ពីមានការលើកឡើងរបស់អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Mahathir Mohamad ប្រឆាំងនឹងការដកចេញស្វ័យភាព នៃតំបន់ Kashmir ដែលភាគច្រើនជាមូស្លីមរបស់ឥណ្ឌា។ ទោះយ៉ាងណា ការមកដល់កាន់តំណែងនាយករដ្ឋមន្រ្តីរបស់ លោក Anwar Ibrahim ក្នុងឆ្នាំ ២០២២ បាននាំមកនូវការផ្លាស់ប្តូរ និងការជំរុញទំនាក់ទំនងឡើងវិញ។

ប្រទេសទាំងពីរបានចាប់ផ្តើមទូទាត់ពាណិជ្ជកម្មជារូបិយប័ណ្ណ rupee និង ringgit របស់ពួកគេកាលពីខែមេសា ឆ្នាំមុន ហើយការនាំចូលប្រេងដូងរបស់ឥណ្ឌា ពីប្រទេសម៉ាឡេស៊ីក៏បានកើនឡើងផងដែរ។

លោក Modi និងលោក Anwar បានប្រកាសលើកកម្ពស់ភាពជាដៃគូទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ហើយបានកំណត់វិស័យសំខាន់ៗមួយចំនួន សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត រួមមាន ឧស្សាហកម្មបន្ទះឈីប បច្ចេកវិទ្យាហិរញ្ញវត្ថុ ឧស្សាហកម្មការពារជាតិ និងបញ្ញាសិប្បនិម្មិត។

Clinic narith

ក្រៅពីនេះ ប្រទេសទាំងពីរបានយល់ព្រមលើក្របខ័ណ្ឌ សម្រាប់សុខុមាលភាពកម្មករឥណ្ឌាដែលទៅធ្វើការនៅម៉ាឡេស៊ី និងបានសម្រេចលើការនាំចេញអង្ករមិនមែនបាសម៉ាទី ចំនួន ២០០,០០០ តោនពីឥណ្ឌាទៅម៉ាឡេស៊ី ដែលជាករណីលើកលែងចំពោះការហាមឃាត់ការនាំចេញប្រភេទអង្ករនេះ។

គួរបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ឥណ្ឌា និងម៉ាឡេស៊ីក្នុងការកសាងទំនាក់ទំនងឡើងវិញ និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់ពួកគេ៕