Alynana Media Cambodia
Icon Collap
clinic narit

ថៃ កំពុងស៊ើបអង្កេតករណីលក់បង្ខូចតម្លៃលើទំនិញអាលុយមីញ៉ូម ដែលនាំចូលពីចិន

Media LNN | Aug 23, 2024
ថៃ កំពុងស៊ើបអង្កេតករណីលក់បង្ខូចតម្លៃលើទំនិញអាលុយមីញ៉ូម ដែលនាំចូលពីចិន
Clinic narith

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ភូមថាម វ៉េចាយ៉ាចៃ (Phumtham Wechayachai) បាននិយាយថា នាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ថៃ កំពុងស៊ើបអង្កេតលើករណីលក់បង្ខូចតម្លៃទំនិញអាលុយមីញ៉ូម ដែលនាំចូលពីប្រទេសចិន ក្រោយទទួលបានពាក្យបណ្ដឹងពីក្រុមហ៊ុនផលិតដែកក្នុងស្រុកមួយចំនួន ដែលអះអាងថា ការកើនឡើងការនាំចូលផលិតផលនេះបានធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មក្នុងស្រុក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ភូមថាម វ៉េចាយ៉ាចៃ បានណែនាំឱ្យភ្នាក់ងារក្រោមឱវាទរបស់ក្រសួងដាក់ចេញនូវគោលនយោបាយ និងវិធានការជាបន្ទាន់ ដើម្បីដោះស្រាយការហូរចូលទំនិញរបស់ចិន មកកាន់ប្រទេសថៃ។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មថៃ កំពុងស្វែងរកដំណោះស្រាយពាណិជ្ជកម្មប្រឆាំងនឹងការនាំចូល ដែលគំរាមកំហែងដល់ឧស្សាហកម្មក្នុងស្រុក ដូចជាវិធានការប្រឆាំងនឹងការលក់បង្ខូចថ្លៃ វិធានការប្រឆាំងពន្ធ និងវិធានការការពារជាដើម។

ចំណាត់ការប្រឆាំងនឹងការលក់បង្ខូចតម្លៃទំនិញនៅក្នុងប្រទេសថៃ ភាគច្រើន រួមមាន ការប្រមូលពន្ធប្រឆាំងនឹងការលក់បង្ខូចតម្លៃ និងការបង្កើនអត្រាពន្ធគយខ្ពស់ទៅលើផលិតផល ដែលនាំចូលពីប្រទេសចិន តៃវ៉ាន់ ជប៉ុន សហភាពអឺរ៉ុប កូរ៉េខាងត្បូង និងវៀតណាមជាដើម។

គណៈកម្មាធិការប្រឆាំងការលក់បង្ខូចតម្លៃដឹកនាំដោយលោក ភូមថាម បានប្រកាសពីការ ​ប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់ថា នឹងបើកការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចថ្លៃទំនិញអាលុយមីញ៉ូមនាំចូលមកពីប្រទេសចិន ក្នុងរយៈពេល៩ខែ។

ប្រសិនបើការស៊ើបអង្កេតរកឃើញថា មានការលក់បង្ខូចតម្លៃមែន នោះក្រសួងនឹងយកពន្ធប្រឆាំងនឹងការលក់បង្ខូចថ្លៃលើការនាំចូលសម្រាប់រយៈពេល៥ឆ្នាំ ហើយបន្ទាប់មកក្រសួងនឹងពិនិត្យឡើងវិញនូវវិធានការមួយចំនួន។ ប្រសិនបើនៅតែមិនរាងចាល ក្រសួងនឹងបន្តយកពន្ធរយៈពេល៥ឆ្នាំទៀត៕