Alynana Media Cambodia
Icon Collap
clinic narit

បង់ក្លាដែសនឹងដំឡើងអត្រាការប្រាក់ ដល់៩% ដើម្បីទប់ស្កាត់អតិផរណា

Media LNN | Aug 23, 2024
បង់ក្លាដែសនឹងដំឡើងអត្រាការប្រាក់ ដល់៩% ដើម្បីទប់ស្កាត់អតិផរណា

(ដាក្កា)៖ ទេសាភិបាលធនាគារកណ្តាលបង់ក្លាដែស បានប្រាប់សារព័ត៌មាន BBC នៅក្នុងបទសម្ភាសមួយនៅថ្ងៃព្រហស្បតិ៍ថា ធនាគារកណ្តាលនឹងដំឡើងអត្រាការប្រាក់ដល់ទៅ ៩ភាគរយពី ៨,៥ភាគរយនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ក្នុងគោលបំណងទប់ទល់នឹងការកើនឡើងអតិផរណា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការដំឡើងអត្រាការប្រាក់នេះ កើតឡើងបន្ទាប់ពីភាពចលាចលនយោបាយជាច្រើនសប្តាហ៍ នៅក្នុងប្រទេសនេះ បានជំរុញឱ្យអតិផរណាកើនឡើងយ៉ាងខ្លាំងដល់ ១១,៦៦ភាគរយនៅក្នុងខែកក្កដា ក្នុងគ្រាដែលមានការធ្លាក់ចុះប្រាក់បម្រុងរូបិយប័ណ្ណបរទេស និងការនាំចេញពីឧស្សាហកម្មកាត់ដេរ ដែលកំពុងរងផលប៉ះពាល់។

Clinic narith

តាមរយៈសារព័ត៌មាន BBC ទេសាភិបាលថ្មីរបស់ធនាគារកណ្តាលបង់ក្លាដែស លោក Ahsan H. Mansur ដែលទើបតែត្រូវបានតែងតាំងកាលពីសប្តាហ៍មុន ក៏បាននិយាយផងដែរថា លោកនឹងដំឡើងអត្រាការប្រាក់បន្ថែមទៀតដល់ ១០ភាគរយ ឬច្រើនជាងនេះនៅក្នុងប៉ុន្មានខែខាងមុខនេះ។ លោកធ្លាប់បាននិយាយថា បើទោះបីជាអតិផរណាអាចធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំក្រោយ ការទម្លាក់អត្រាការប្រាក់អាចចំណាយពេលយូរជាងនេះ។

លោក Mansur ត្រូវបានតែងតាំងជាទេសភិបាល ដោយរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសបង់ក្លាដែស ដែលដឹកនាំដោយសេដ្ឋវិទូឈ្នះរង្វាន់ណូបែល លោក Muhammad Yunus ដែលបានស្បថចូលកាន់តំណែង បន្ទាប់ពីមានការទម្លាក់អ្នកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina ដែលបានភៀសខ្លួនទៅប្រទេសឥណ្ឌា ក្នុងខែនេះក្រោយមានបាតុកម្មហិង្សាប្រឆាំងនឹងអ្នកស្រី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕