Alynana Media Cambodia
Icon Collap
clinic narit

តំបន់ទេសចរណ៍ដាច់ស្រយាលមួយចំនួននៅតែជួបបញ្ហារឿងសេវាទូរសព្ទ ខណៈផែនការដំឡើងបង្គោលអង់តែន១០០បង្គោលគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៥

Media LNN | Aug 23, 2024
តំបន់ទេសចរណ៍ដាច់ស្រយាលមួយចំនួននៅតែជួបបញ្ហារឿងសេវាទូរសព្ទ ខណៈផែនការដំឡើងបង្គោលអង់តែន១០០បង្គោលគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៥
Clinic narith

អ្នកជំនាញក្នុងវិស័យទេសចរណ៍កត់សម្គាល់ឃើញថា សេវាទូរសព្ទនៅតំបន់ទេសចរណ៍ដាច់ស្រយាលមួយចំនួនហាក់មានភាពប្រសើរឡើងវិញខ្លះហើយ បន្ទាប់ពីរាជរដ្ឋាភិបាលដាក់ចេញផែនការដំឡើងអង់តែននៅតំបន់ទេសចរណ៍ដាច់ស្រយាលទាំងនោះ។ តែយ៉ាងណាសេវាទូរសព្ទនៅតំបន់ខ្លះនៅតែមានភាពរអាករអួល ឬពុំទាន់មានសេវាល្អសម្រាប់ប្រើប្រាស់នៅឡើយទេ។

ភាពរអាក់រអួលនៅតាមតំបន់ទេសចរណ៍មួយចំនួននេះ ត្រូវបានមន្ត្រីជាន់ខ្ពស់នៃក្រសួងប្រៃសណីយ៍អះអាងថា ដោយសារតំបន់ទេសចរណ៍ទាំងនោះមិនទាន់ការដំឡើងអង់អែន ខណៈផែនការដំឡើងបង្គោលអង់តែន១០០បង្គោលនៅតាមតំបន់ទេសចរណ៍ដាច់ស្រយាលគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៥ ខាងមុខ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា កត់សម្គាល់ឃើញថា បច្ចុប្បន្នសេវាទូរសព្ទនៅតំបន់ទេសចរណ៍ដាច់ស្រយាលមួយចំនួនហាក់មានភាពល្អប្រសើរជាងមុន ក្រោយមានការជំរុញឱ្យដោះស្រាយពីប្រមុខរាជរដ្ឋាភិបាល។

អ្នកជំនាញរូបនេះបានចាត់ទុកសេវាទូរសព្ទ និងអ៊ិនធឺណិត គឺជាកត្តាចាំបាច់មួយសម្រាប់ភ្ញៀវទេសចរ ដែលចូលចិត្តធ្វើដំណើរកម្សាន្តតាមបែបដំណើរផ្សងព្រេង និងនៅតាមតំបន់ដាច់ស្រយាលឆ្ងាយៗ ពោលគឺកាលណាអត់មានសេវាទូរសព្ទវាអាចធ្វើឱ្យប៉ះពាល់ដល់ការទំនាក់ទំនងរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយក៏អាចធ្វើឱ្យប៉ះពាល់ដល់ការប្រើប្រាស់ប្រព័ន្ធទូទាត់បាគងសម្រាប់ភ្ញៀវទេសចរ ដែលទើបដាក់ឱ្យប្រើប្រាស់នាពេលថ្មីៗនេះផងដែរ។

​ដោយឡែក លោក ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា យល់ឃើញថា អ្វីដែលចាំបាច់បំផុតសម្រាប់ធ្វើប្រតិបត្តិការទូទាត់លើការចំណាយរបស់អ្នកទេសចរ គឺត្រូវពង្រឹងសេវាទូរសព្ទនៅតំបន់ទីប្រជុំជន។

តែយ៉ាងណាអ្នកជំនាញរូបនេះ កត់សម្គាល់ឃើញថា សេវាទូរសព្ទនៅតំបន់ទីប្រជុំជនភាគច្រើន គឺមានសេវាគ្របដណ្ដប់ស្ទើតែទាំងស្រុង តែមានតំបន់ទេសចរណ៍ខ្លះនៅតែពុំទាន់មានសេវាទូរសព្ទ និងអ៊ិនធឺណិតគ្រប់គ្រាន់នៅឡើយទេ។

​ពាក់ព័ន្ធសេវាទូរសព្ទនៅតាមតំបន់ទេសចរណ៍នេះដែរ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍ បានគូសបញ្ជាក់ថា កត្តាដែលធ្វើឱ្យតំបន់ទេសចរណ៍ដាច់ស្រយាលខ្លះមានសេវាទូរសព្ទប្រើគ្រប់គ្រាន់ និងតំបន់ខ្លះពុំមានគ្រប់គ្រាន់នេះ គឺដោយសារផែនការដំឡើងបង្គោលអង់តែននៅតាមតំបន់ទេសចរណ៍ដាច់ស្រយាលរបស់រាជរដ្ឋាភិបាល មិនទាន់គ្រប់ដណ្តប់បានពេញលេញ។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ មកទល់ពេលនេះមានតំបន់ទេសចរណ៍ដាច់ស្រយាលចំនួន១០ទីតាំងត្រូវបានដំឡើងបង្គោលអង់តែន ខណៈ៩០ទីតាំងផ្សេងទៀតកំពុងស្ថិតក្នុងដំណើរការសិក្សា និងវិភាគទីតាំង និងរៀបចំគម្រោង ដើម្បីសាងសង់នៅឡើយ។

បើតាមការអះអាងរបស់ ឯកឧត្តម សូ វិសុទ្ធី ផែនការដំឡើងបង្គោលអង់តែនចំនួន១០០បង្គោលនៅតាមតំបន់ទេសចរណ៍ដាច់ស្រយាលនេះ គ្រោងបញ្ចប់នៅឆ្នាំ២០២៥ ខាងមុខ។ ហើយក្រសួងសង្ឃឹមថា ក្រោយពេលបញ្ចប់ការសាងសង់ និងការបំពាក់ឧបករណ៍បច្ចេកទេសរបស់ក្រុមហ៊ុនរួចហើយ ប្រជាពលរដ្ឋ នឹងភ្ញៀវទេសចរទាំងអស់នឹងទទួលសេវាបានល្អប្រសើរជាក់ជាមិនខាន៕