ក្រសួងពាណិជ្ជកម្មបាននិយាយកាលពីថ្ងៃអាទិត្យ ២៥ សីហា ថា ប្រទេសចិន មិនពេញចិត្តជាខ្លាំងនិង ប្រឆាំងយ៉ាងម៉ឺងម៉ាត់ ព្រមទាំងរិះគន់ចំពោះការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើក្រុមហ៊ុនចិន ជុំវិញទំនាក់ទំនងទៅនឹងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
អ្នកនាំពាក្យក្រសួងខាងលើបាននិយាយថា ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ជាបន្ទាន់នូវការអនុវត្តខុសរបស់ខ្លួន ហើយនឹងចាត់វិធានការចាំបាច់ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន។
ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសុក្របានដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុនជិត ៤០០ ដែលខ្លួនជឿថាកំពុងជួយដល់សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន រួមទាំងក្រុមហ៊ុនចិនជាច្រើន ដោយពង្រីកវិធានការមានស្រាប់ដើម្បីទប់ស្កាត់ទីក្រុងមូស្គូមិនឲ្យវាយលុកប្រទេសជិតខាងរបស់ខ្លួន។
យោងតាមរបាយការណ៍របស់ក្រសួងការបរទេសអាមេរិក ដែលបង្ហាញពីការដាក់ទណ្ឌកម្មរបស់ខ្លួន បានឲ្យដឹងថា ទាំងនេះរួមបញ្ចូលទាំងក្រុមហ៊ុននៅក្នុងប្រទេសចិនដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនមីក្រូអេឡិចត្រូនិច និងឧបករណ៍ម៉ាស៊ីនទៅកាន់ប្រទេសរុស្ស៊ី ។
ក្រសួងរតនាគារអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការដាក់ទណ្ឌកម្មសំដៅលើបុគ្គល និងក្រុមហ៊ុនទាំងក្នុង និងក្រៅប្រទេសរុស្ស៊ី អឺរ៉ុប អាស៊ី មជ្ឈិមបូព៌ា ផលិតផល និងសេវាកម្មដែលជួយឱ្យរុស្ស៊ីមាននិរន្តរភាពក្នុងកិច្ចប្រឹងប្រែងធ្វើសង្គ្រាម និងគេចចេញពីទណ្ឌកម្ម៕