Alynana Media Cambodia
Icon Collap
clinic narit

ឥណ្ឌា ក្លាយជាកាតាលីករជំរុញឱ្យមាសឡើងថ្លៃនៅលើទីផ្សារពិភពលោកជំនួសចិន

Media LNN | Aug 30, 2024
ឥណ្ឌា ក្លាយជាកាតាលីករជំរុញឱ្យមាសឡើងថ្លៃនៅលើទីផ្សារពិភពលោកជំនួសចិន
Clinic narith

ការផ្លាស់ប្តូរគោលនយោបាយរបស់រដ្ឋាភិបាលឥណ្ឌា កំពុងធ្វើឲ្យប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោកមួយនេះ ក្លាយជាកាតាលីករថ្មីជំនួសឲ្យប្រទេសចិន ក្នុងការធ្វើឱ្យមានការប្រែប្រួលតម្លៃមាសនៅលើទីផ្សារអន្តរជាតិ។ ការសម្រុកប្រមូលទិញមកស្តុកទុករបស់ឥណ្ឌា និងតម្រូវការមាសនៅប្រទេសនានា បានធ្វើឲ្យតម្លៃមាសនៅលើទីផ្សារអន្តរជាតិ ហក់ឡើងដល់ចំណុចខ្ពស់បំផុតចន្លោះពី៣ពាន់៦០ដុល្លារ ទៅ៣ពាន់៨០ដុល្លារ នៅក្នុងមួយតម្លឹង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។

ការផ្លាស់ប្តូរគោលនយោបាយក្នុងការទិញមាសរបស់ឥណ្ឌា និងការទិញមាសរបស់បណ្តាធនាគារកណ្តាលនៅក្នុងទីផ្សារ ដែលកំពុងរីកចម្រើនដូចជាប្រទេសប៉ូឡូញ រួមទាំងក្តីរំពឹងអំពីការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិក បានជំរុញឲ្យតម្លៃមាសនៅលើទីផ្សារពិភពលោកហក់ឡើង និងមានភាពរឹងមាំ។ ស្ថិតក្នុងស្ថានភាពបែបនេះ បានធ្វើឱ្យមានការព្យាករថា តម្លៃមាសនៅទីផ្សារក្នុងទីក្រុងញូវយ៉កសហរដ្ឋអាម៉េរិកនឹងហក់ឡើងក្នុងរង្វង់ពី៣ពាន់៦០ដុល្លារ ទៅ៣ពាន់៨០ដុល្លារ ក្នុងមួយតម្លឹង។

ការផ្លាស់ប្តូរគោលនយោបាយរបស់រដ្ឋាភិបាលឥណ្ឌា បានជួយឱ្យប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកមួយនេះ ក្លាយជាចលករថ្មីជំនួសចិន ក្នុងការជំរុញឱ្យមានការប្រែប្រួលតម្លៃមាសនៅលើទីផ្សារពិភពលោក ហើយតាមរយៈការផ្លាស់ប្តូរគោលនយោបាយនេះ ធ្វើឱ្យមានការរំពឹងទុកថា នឹងមានការបង្កើនការទិញមាសមកស្តុកទុកបន្ថែមពីធនាគារកណ្តាលឥណ្ឌា។ ជាក់ស្តែង ដើម្បីបង្កើនបរិមាណស្តុកមាសរបស់ខ្លួន រដ្ឋាភិបាលឥណ្ឌា បានទម្លាក់ពន្ធនាំចូលមាស និងលោហៈមានតម្លៃផ្សេងទៀតរហូតដល់ទៅ១៥% ក្រៅពីនោះក៏មានការសើរើលើបញ្ហាពន្ធលើមាសផ្សេងៗទៀតផងដែរ។

ក្រុមប្រឹក្សាមាសពិភពលោក បានឱ្យដឹងថា តម្រូវការមាសនៅក្នុងប្រទេសឥណ្ឌា នៅឆ្នាំនេះ បានកើនឡើង១,៥% ដែលនាំឲ្យឥណ្ឌានាំចូលមាសនៅឆមាសទី១ឆ្នាំនេះ កើនដល់ជិត២៨៩តោន ហើយគេព្យាករទៀតថា តម្រូវការមាសនៅឥណ្ឌាអាចនឹងកើនឡើងបន្ថែមទៀតលើសពី៥០តោន នៅឆមាសទី២ខាងមុខ។

លោកស្រី កាវីតា ចាកកូ (Kavita Chacko) ប្រធានផ្នែកស្រាវជ្រាវរបស់ក្រុមប្រឹក្សាមាសពិភពលោកសម្រាប់ទីផ្សារឥណ្ឌា បានពន្យល់ថា ការផ្លាស់ប្តូរគោលនយោបាយរបស់រដ្ឋាភិបាលឥណ្ឌា លើពន្ធគយនិងពន្ធលើការបង្កើនដើមទុន គឺដើម្បីទប់ស្កាត់ការរត់ពន្ធមាសដែលកំពុងកើនឡើងក៏ដូចជាការជំរុញឧស្សាហកម្មគ្រឿងអលង្ការមាសនៅក្នុងស្រុក។

ក្រៅពីឥណ្ឌាដែលកំពុងបង្កើនការនាំចូលមាស ធនាគារកណ្តាលរបស់ប៉ូឡូញ ក៏មានសេចក្តីរាយការណ៍ថាបានខិតខំបង្កើនស្តុកមាសផងដែរ។ ស្ថិតិបានបង្ហាញថា នៅត្រីមាសទី២ឆ្នាំនេះ ប្រទេស ប៉ូឡូញ បានទិញមាសចូលជិត១៩តោន ស្របពេលដែលកាលពីឆ្នាំ២០២៣ ប៉ូឡូញ បានទិញមាសចូល១៣០តោនជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីប្រទេសចិន ដែលនាំចូលជិត២២៥តោន៕