Alynana Media Cambodia
Icon Collap
clinic narit

ទីផ្សារលំនៅឋានក្នុងប្រទេសចិន នៅតែបន្តដាំក្បាលចុះឥតស្រាកស្រាន្ត ទោះបីរដ្ឋាភិបាលដាក់ចេញវិធានការជួយសង្គ្រោះជាបន្តបន្ទាប់

Media LNN | Sep 03, 2024
ទីផ្សារលំនៅឋានក្នុងប្រទេសចិន នៅតែបន្តដាំក្បាលចុះឥតស្រាកស្រាន្ត ទោះបីរដ្ឋាភិបាលដាក់ចេញវិធានការជួយសង្គ្រោះជាបន្តបន្ទាប់
Clinic narith

ទីផ្សារលំនៅឋានក្នុងប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ លើពិភពលោក និងដែលមានប្រជាជនដល់ទៅជាង១,៤ពាន់លាននាក់ នៅតែបន្តដាំក្បាលចុះឥតស្រាកស្រាន្ត ទោះបីជារដ្ឋាភិបាលចិន បានដាក់ចេញវិធានការជួយសង្គ្រោះជាបន្តបន្ទាប់យ៉ាងណាក្ដី ដោយក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំៗខ្លះបានរងការខាតបង់ធ្ងន់ធ្ងររហូតដល់ទៅរាប់ពាន់លានដុល្លារអាម៉េរិកឯណោះ។ នេះបើយោងតាមការចុះផ្សាររបស់សារព័ត៌មានធំៗជាច្រើន។

ទីផ្សារលំនៅឋានក្នុងប្រទេសចិន បានបន្តធ្លាក់ចុះកាន់តែខ្លាំងអំឡុងខែសីហា កន្លងទៅ ដោយសារការរំពឹងទុកថា តម្លៃលំនៅឋានថ្មីនឹងបន្តធ្លាក់ចុះបន្ថែមទៀតបានធ្វើឱ្យធ្លាក់ចុះនូវប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ក្នុងការសម្រាលការធ្លាក់ចុះក្នុងវិស័យនេះ។ យោងតាមទិន្នន័យបឋមពីក្រុមហ៊ុនផ្ដល់ព័ត៌មានអចលនទ្រព្យចិន China Real Estate Information Corp បង្ហាញថា តម្លៃលំនៅឋានថ្មីពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗចំនួន១០០ ក្នុងខែសីហា បានធ្លាក់ចុះប្រមាណ២២% បើធៀបនឹងឆ្នាំ២០២៣ ឬ ធៀបនឹងការធ្លាក់ចុះ១៩,៧%ក្នុងខែកក្កដា។

តួយ៉ាង ក្រុមហ៊ុន វ៉ានឃឹ (Vanke) ដែលជាប់ឈ្មោះជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំបំផុតទី២ នៅប្រទេសចិន កាលពីឆ្នាំមុន បើគិតពីទំហំនៃការលក់ បានប្រកាសកាលពីថ្ងៃសុក្រ ទី៣០ ខែសីហា ថា ខ្លួនបានខាតបង់ធ្ងន់ធ្ងររហូតដល់ទៅ១,៤ពាន់លានដុល្លារអាម៉េរិក ក្នុងឆមាសទី១ ឆ្នាំ២០២៤ ដោយសារការលក់ធ្លាក់ចុះខ្លាំង។

ទិន្នន័យបឋមពីក្រុមហ៊ុនផ្ដល់ព័ត៌មានអចលនទ្រព្យចិន China Real Estate Information Corp បង្ហាញថា ប្រតិបត្តិការលក់លំនៅឋានទូទៅបានធ្លាក់ចុះ២,៤៣% នៅក្នុងខែកក្កដា បន្ទាប់ពីបានធ្លាក់ចុះ៣៦% ក្នុងខែមិថុនា។

ការធ្លាក់ចុះកាន់តែលឿននេះ ឆ្លុះបញ្ចាំងឱ្យឃើញថា ឥទ្ធិពល ឬប្រសិទ្ធភាពនៃកញ្ចប់វិធានការសង្គ្រោះចុងក្រោយដែលរដ្ឋាភិបាលចិន បានដាក់ចេញកាលពីអំឡុងខែឧសភា កំពុងតែធ្លាក់ចុះ ឬសាបរលាបជាបណ្ដើរៗ។

សូមបញ្ជាក់ថា រដ្ឋបាលក្រុងយ៉ាងតិចចំនួន១០ ក្នុងប្រទេសចិន បានបន្ធូរបន្ថយ ឬលុបចោលគោលការណ៍គ្រប់គ្រងតម្លៃលំនៅឋានថ្មី ដើម្បីជំរុញតម្រូវការក្នុងទីផ្សារ ដែលអាចនាំឱ្យក្រុមហ៊ុនអចលនទ្រព្យកាន់តែច្រើនបញ្ចុះតម្លៃកាន់តែទាប៕