Alynana Media Cambodia
Icon Collap
clinic narit

អ្នកជំនាញថា ថៃអាចក្លាយជាគូប្រជែងធំរបស់ម៉ាកាវ និងសិង្ហបុរី ប្រសិនបើប្រទេសនេះអនុញ្ញាតឱ្យបើកបនល្បែងកាស៊ីណូនាពេលខាងមុខ

Media LNN | Sep 03, 2024
អ្នកជំនាញថា ថៃអាចក្លាយជាគូប្រជែងធំរបស់ម៉ាកាវ និងសិង្ហបុរី ប្រសិនបើប្រទេសនេះអនុញ្ញាតឱ្យបើកបនល្បែងកាស៊ីណូនាពេលខាងមុខ
Clinic narith

ប្រទេសថៃ ដែលជាប់ភូមិផងរបងជាមួយកម្ពុជា អាចក្លាយជាគូប្រជែងដ៏ធំរបស់ម៉ាកាវ និងសិង្ហបុរី ប្រសិនបើប្រទេសនេះអនុញ្ញាតឱ្យបើកបនល្បែងកាស៊ីណូនាពេលខាងមុខ។ ការសិក្សារបស់ធនាគារម៉ាឡេស៊ី Maybank បង្ហាញថា ប្រសិនបើរដ្ឋាភិបាលថៃ អនុម័តមែននោះ បនល្បែងកាស៊ីណូនានា នៅក្នុងប្រទេសថៃ នឹងអាចរកចំណូលបានរហូតដល់ទៅ៥ពាន់លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ ឬស្មើនឹង ១% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។

ប្រទេសថៃ កំពុងមានផែនការជំរុញវិស័យទេសចរណ៍តាមរយៈការសាងសង់បនល្បែងកាស៊ីណូ ជាយុទ្ធសាស្ត្រមួយដែលម៉ាកាវ និងប្រទេសសិង្ហបុរី បានធ្វើជោគជ័យរួចមកហើយ។ ប្រសិនបើច្បាប់នេះត្រូវបានអនុម័តមែននោះ ប្រទេសថៃ អាចក្លាយជាដៃគូប្រកួតប្រជែងដ៏ធំមួយនៅក្នុងឧស្សាហកម្មកាស៊ីណូនៅត្រឹមដំណាច់ទសវត្សរ៍នេះ។ ក្រុមអ្នកជំនាញជឿថា បនល្បែងកាស៊ីណូ អាចបង្កើនចំណូលទេសចរណ៍បានយ៉ាងច្រើន និងជួយស្តារឡើងវិញនូវសេដ្ឋកិច្ចថៃ ដែលបាននិងកំពុងខំប្រឹងងើបវិញពីវិបត្តិកូវីដ-១៩។

អតីតនាយករដ្ឋមន្រ្ដីថៃលោក ស៊្រីថា ថាវីស៊ីន បានផ្តួចផ្តើមសេចក្តីព្រាងច្បាប់ស្ដីពីការអនុញ្ញាតឱ្យបើកបនល្បែងកាស៊ីណូនេះ ហើយបើទោះបីជាតំណែងរបស់លោកត្រូវបានជំនួសដោយនាយករដ្ឋមន្ត្រីថ្មីក៏ដោយ ក៏ផែនការនេះទំនងជានឹងឆ្ពោះទៅមុខដដែល។

ការសិក្សារបស់ធនាគារម៉ាឡេស៊ី Maybank បង្ហាញថា ប្រសិនបើរដ្ឋាភិបាលថៃ អនុម័តលើច្បាប់ខាងលើមែន នោះបនល្បែងកាស៊ីណូនានា នៅក្នុងប្រទេសថៃ នឹងអាចរកចំណូលបានរហូតដល់ទៅ៥ពាន់លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ ឬស្មើនឹង១%នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ ហើយនឹងជួយឱ្យប្រទេសនេះក្លាយជាគោលដៅកំពូលទី២ សម្រាប់ទេសចរណ៍ល្បែងស៊ីសងប្រចាំតំបន់អាស៊ី បន្ទាប់ពីម៉ាកាវ។

ទីតាំងកាស៊ីណូដែលអាចនឹងត្រូវបានអនុញ្ញាតឱ្យបើកដំណើរការក្នុងប្រទេសថៃ រួមមានតំបន់ក្រៅក្រុងបាងកក ដូចជាច្រករបៀងសេដ្ឋកិច្ចភាគបូព៌ា និងតំបន់ទេសចរណ៍ពេញនិយមដូចជាភូកេត និងប៉ាតាយ៉ាជាដើម។ រដ្ឋាភិបាលថៃ អាចនឹងយកគំរូតាមសិង្ហបុរី ដោយបង្កើតកាស៊ីណូ និងរីហ្សត ដែលផ្ដល់នូវភាពទាក់ទាញទាំងសម្រាប់អ្នកលេងល្បែង និងអ្នកមិនលេងល្បែង។ ទោះជាយ៉ាងណា បណ្ដាក្រុមហ៊ុនក្នុងស្រុកទំនងជានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍបនល្បែងកាស៊ីណូ។

ក្រុមអ្នកជំនាញជឿជាក់ថា ប្រទេសថៃ អាចនឹងវ៉ាដាច់ប្រទេសសិង្ហបុរី នៅក្នុងទីផ្សារកាស៊ីណូ ប៉ុន្តែម៉ាកាវ នឹងនៅតែជាមជ្ឈមណ្ឌលបនល្បែងកាស៊ីណូឈានមុខគេនៅតំបន់អាស៊ី៕