
ចុងខែសីហា អូស្ត្រាលីផលិតអគ្គិសនីចម្រាញ់ចេញពីចំហេះធ្យូងថ្ម បានចំនួនតិចជាង ៥០% នៃថាមពលប្រើប្រាស់សរុប។ នេះជាការបំបែកកំណត់ត្រា ជាលើកទី១សម្រាប់អូស្ត្រាលី និងជាដំណឹងល្អចំពោះមហិច្ឆតា ទប់ទល់ការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនេះ ការផលិតអគ្គិសនី ចេញពីថាមពលកកើតឡើងវិញ បានហក់ឡើងគួរឲ្យកត់សម្គាល់។
ថ្មីៗនេះនៅអូស្ត្រាលី ការផលិតថាមពលអគ្គិសនី ចម្រាញ់ចេញពីចំហេះធ្យូងថ្ម បានធ្លាក់ចុះបន្តិច។ ទិន្នន័យចុងក្រោយ បញ្ជាក់ថា ការចម្រាញ់ថាមពលធ្យូងថ្ម បានធ្លាក់ចុះក្រោម៥០% ជាលើកដំបូងបំផុត នៅក្នុងប្រវត្តិសាស្ត្រអូស្ត្រាលី។ ក្នុងចំណោមថាមពលសរុបរបស់អូស្ត្រាលី នៅសប្តាហ៍ចុងក្រោយ នៃខែសីហា, ចំហេះធ្យូងថ្ម ផលិតបានថាមពលអគ្គិសនី ចំនួន ៤៩,១%។
ចំណែកថាមពលកកើតឡើងវិញ បានផលិតថាមពលអគ្គិសនី រហូតដល់ ៤៨,៧%។ នៅប៉ែកអាគ្នេយ៍នៃផ្ទៃប្រទេស កម្លាំងខ្យល់បក់ខ្លាំង ១៥០គីឡូម៉ែត្រក្នុង១ម៉ោង កាលពីពេលថ្មីៗ ជួយជំរុញឲ្យកង្វាល់ផលិតអគ្គិសនីពីខ្យល់ អាចផលិតថាមពលអគ្គិសនី បានច្រើនទ្វេដង។ នេះបើតាមប្រព័ន្ធតាមដានទីផ្សារថាមពលអគ្គិសនី Open-NEM ដែលចេញផ្សាយរបាយការណ៍ នៅថ្ងៃពុធ ទី៤កញ្ញា ដោយផ្ទៀងផ្ទាត់ទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលអូស្ត្រាលី។
អូស្ត្រាលី ដែលជាប្រទេសផលិតអគ្គិសនី និងឧស្ម័នសម្រាប់នាំចេញដ៏សំខាន់ចម្បងធំ១ ហើយប្រទេសនេះ ពឹងផ្អែកច្រើននៅឡើយទៅលើធ្យូងថ្ម សម្រាប់ផលិតអគ្គិសនី។ ចំហេះធ្យូងថ្មបញ្ចេញផ្សែងពុលច្រើនខ្លាំងនោះ និងបំពុលបរិយាកាស ហើយជាប្រភពដើមចមចម្បងបំផុតនៃការប្រែប្រួលអាកាសធាតុ កម្តៅផែនដី។ ថាមពលអគ្គិសនី ស្ទើរតែ១ភាគ៣ នៃតម្រូវការថាមពលក្នុងពិភពលោកយើងនេះ ផលិតចេញពីធ្យូងថ្ម។ នេះបើតាមទីភ្នាក់ងារថាមពលអន្តរជាតិ ដែលបញ្ជាក់បន្ថែមថា ចំហេះធ្យូងថ្ម ចូលរួមផ្ទាល់ចំពោះការប្រែប្រួលអាកាសធាតុ កំណើនកម្តៅផែនដី ដែលឈានដល់កំណត់ត្រាក្តៅខ្លាំង នៅឆ្នាំ២០២២។
កាលពីចន្លោះឆ្នាំ២០២២-២៣នោះ ចំហេះធ្យូងថ្មនៅអូស្ត្រាលី ផលិតថាមពលអគ្គិសនី ជាង៩០% សម្រាប់ប្រើប្រាស់។ ក្នុងនោះប្រើប្រាស់សម្រាប់វិស័យឧស្សាហកម្ម និងវិស័យដឹកជញ្ជូន។ ទីភ្នាក់ងារថាមពលអន្តរជាតិ ធ្លាប់បានបញ្ជាក់ថា ប្រសិនបើពិភពលោកយើង ចង់កាត់បន្ថយកម្តៅផែនដី និងធ្វើអព្យាក្រឹតកាបូន ពីពេលនេះទៅឆ្នាំ២០៥០មែននោះ គេត្រូវតែបិទមជ្ឈមណ្ឌលរោងចក្រចម្រាញ់ធ្យូងថ្ម ចោលទាំងអស់ ពីពេលនេះទៅឆ្នាំ២០៤០។
ដើម្បីចូលរួមចំណែកកម្មវត្ថុបុព្វហេតុអាកាសធាតុភពផែនដី ថ្នាក់ដឹកនាំអូស្ត្រាលីធ្លាប់បានសន្យាថានឹងបិទទ្វាររោងចក្រថាមពលធ្យូងថ្ម ចំនួន ១៦ មជ្ឈមណ្ឌល។ ក៏ប៉ុន្តែ ប៉ុន្មានខែមុននេះ អូស្ត្រាលីបានពន្យារពេលបន្តិចទៅវិញ ព្រោះតម្រូវការថាមពលបន្ទាន់នៅមានច្រើននៅឡើយ។
ទោះម្តេចក្តី ចាប់ពីអំណឺះតទៅ អូស្ត្រាលីក៏ខំប្រឹងងាកទៅវិនិយោគទុនវិស័យថាមពលកកើតឡើងវិញ។ ក្នុងថ្ងៃពុធនេះ រដ្ឋបាលទីក្រុងកង់បេរ៉ា ក៏បង្ហើបឲ្យដឹងដែរថា គ្រាន់តែគម្រោង៦របស់ខ្លួន ក្នុងវិស័យថាមពលកកើតឡើងវិញ អាចផលិតថាមពលអគ្គិសនី ចំនួន១ពាន់មេហ្កាវ៉ាត ពេលនេះដល់ឆ្នាំ២០២៧។ ទន្ទឹមនឹងគ្នានេះ រដ្ឋមន្ត្រីថាមពលអូស្ត្រាលី Chris Bowen បានទាញចំណាប់អារម្មណ៍ឲ្យគិតគូរពីអាកាសធាតុនិងតម្រូវការសេដ្ឋកិច្ច ដែលចាំបាច់ត្រូវរកដំណោះស្រាយឲ្យសមស្រប។ ដំណោះស្រាយសមស្របសម្រាប់អូស្ត្រាលី គឺជ្រើសរើសថាមពលកកើតឡើងវិញ។ កម្រិតវិនិយោគទុនក្នុងវិស័យនេះ ក៏កំពុងតែមានច្រើន ជាលំដាប់៕