Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ម៉ាឡេស៊ីនឹងបន្តរុករកកំណប់រ៉ែនៅសមុទ្រចិន ខាងត្បូង ទោះបីមានការជំទាស់ពីចិន

Media LNN | Sep 07, 2024
ម៉ាឡេស៊ីនឹងបន្តរុករកកំណប់រ៉ែនៅសមុទ្រចិន ខាងត្បូង ទោះបីមានការជំទាស់ពីចិន
Clinic narith

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានប្រកាសថា ម៉ាឡេស៊ីនឹងមិនបញ្ឈប់ការរុករករ៉ែនៅសមុទ្រចិន ខាងត្បូងឡើយ ទោះបីមានការតវ៉ាប្រឆាំងពីប្រទេសចិន ក៏ដោយ ប៉ុន្តែទីក្រុងកូឡាឡាំពួរនឹងបន្តដំណើរការ ការទូត ដើម្បីពន្យល់រដ្ឋាភិបាលទីក្រុងប៉េកាំង។ ទីក្រុងកូឡាឡាំពួរ បានអះអាងថា រាល់ប្រតិបត្តិការដែលក្រុមហ៊ុន Petronas កំពុងដំណើរការបច្ចុប្បន្ន គឺស្ថិតក្នុងដែនដីនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ម៉ាឡេស៊ីប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងមិនបញ្ឈប់ដំណើរការការរុករកប្រេង និងឧស្ម័នរបស់ខ្លួននៅក្នុងសមុទ្រចិន ខាងត្បូង នោះទេ បើទោះបីជាមានការអះអាងពីទីក្រុងប៉េកាំង ថា ម៉ាឡេស៊ី កំពុងរំលោភលើទឹកដីរបស់ចិន ក៏ដោយ។ លោកបាននិយាយពីប្រទេសរុស្ស៊ី ដែលជាកន្លែងដែលលោកកំពុងធ្វើទស្សនកិច្ចផ្លូវការថា សកម្មភាពរុករកប្រេង និងឧស្ម័នរបស់ម៉ាឡេស៊ី ស្ថិតនៅក្នុងទឹកដីរបស់ខ្លួន ហើយមិនមានចេតនាបង្កហេតុ ឬអរិយភាពជាមួយនឹងប្រទេសចិន ដែលមានទំនាក់ទំនងនឹងគ្នានោះឡើយ។

នៅក្នុងកំណត់ត្រាដែលធ្វើឡើងដោយសារព័ត៌មានហ្វីលីពីន ទីក្រុងប៉េកាំង បានអះអាងថា ការរុករកប្រេង និងឧស្ម័នរបស់ម៉ាឡេស៊ី នៅសមុទ្រចិន ខាងត្បូង បានរំលោភលើទឹកដីរបស់ខ្លួន ខណៈប្រទេសចិន បានទាមទារអធិបតេយ្យភាពនៅសមុទ្រចិន ខាងត្បូង ស្ទើរទាំងមូល រួមទាំងផ្នែកខ្លះនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខក្នុងលម្ហសមុទ្រ នៃប្រទេសហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី តៃវ៉ាន់ និងវៀតណាម ដែលធ្វើឱ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរុករកថាមពលដោយប្រទេសមួយចំនួនក្នុងតំបន់នេះ។

ក្រុមហ៊ុនថាមពលរដ្ឋរបស់ម៉ាឡេស៊ី Petronas នៅពេលនេះកំពុងប្រតិបត្តិការរុករកអណ្តូងប្រេង និងឧស្ម័ននៅសមុទ្រចិន ខាងត្បូង ក្នុងតំបន់សេដ្ឋកិច្ចពិសេសផ្តាច់មុខរបស់ប្រទេសម៉ាឡេស៊ី ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះបានជួបជាមួយនាវាចិនជាច្រើន។

លោក អាន់វ៉ា បាននិយាយថា ប្រទេសចិន បានផ្ញើកំណត់ត្រាតវ៉ាមួយ ដោយស្នើឱ្យបញ្ឈប់សកម្មភាពរុករកប្រេងរបស់ម៉ាឡេស៊ី តែមិនបានបញ្ជាក់លម្អិតនោះទេ ប៉ុន្តែបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលម៉ាឡេស៊ីនឹងបន្តពន្យល់ដល់ទីក្រុងប៉េកាំងអំពីជំហរបស់ខ្លួន។ លោកបានអះអាងថា គោលការណ៍របស់ម៉ាឡេស៊ីនឹងមិនបំពានព្រំដែនរបស់អ្នកដ៏ទៃឡើយ៕