Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ឥណ្ឌា ចាប់ដៃគ្នាជាមួយសិង្ហបុរី ដើម្បីពង្រីកផលិតកម្មបន្ទះឈីប និងបច្ចេកវិទ្យា

Media LNN | Sep 07, 2024
ឥណ្ឌា ចាប់ដៃគ្នាជាមួយសិង្ហបុរី ដើម្បីពង្រីកផលិតកម្មបន្ទះឈីប និងបច្ចេកវិទ្យា
Clinic narith

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានជួបមេដឹកនាំសិង្ហបុរីលោក ឡរ៉េន វង់ (Lawrence Wong) ពេលលោកបំពេញទស្សនកិច្ចនៅសិង្ហបុរី ហើយមេដឹកនាំទាំងពីរ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបន្ទះឈីប និងបច្ចេកវិទ្យាឌីជីថលផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។

នៅក្នុងជំនួបជាមួយលោក ឡរ៉េន វង់ នាយករដ្ឋមន្ត្រីសិង្ហបុរី កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីបាននិយាយថា សិង្ហបុរី មិនត្រឹមតែជាដៃគូវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកបំផុសគំនិតសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយឥណ្ឌាក៏ចង់បង្កើតឱ្យមានសិង្ហបុរីឱ្យបានច្រើននៅក្នុងប្រទេសឥណ្ឌា។

ជាមួយគ្នានេះប្រទេសឥណ្ឌា និងសិង្ហបុរី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន៤ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជាបន្ទះឈីប បច្ចេកវិទ្យាឌីជីថល ការអភិវឌ្ឍជំនាញ និងការថែទាំសុខភាព។

ប្រទេសអាស៊ីទាំងពីរ បានក្លាយជាទិសដៅសំខាន់ក្នុងការទាក់ទាញការវិនិយោគលើផលិតកម្មបន្ទះឈីប ខណៈក្រុមហ៊ុនបស្ចិមលោក និងចិន ព្យាយាមធ្វើពិពិធកម្មផលិតកម្ម ដើម្បីឆ្លើយតបនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។ ក្រៅពីសិង្ហបុរី ឥណ្ឌា ក៏គ្រោងនឹងបង្កើនសហប្រតិបត្តិការនៅក្នុងវិស័យនេះជាមួយនឹងម៉ាឡេស៊ី ដែលជាមជ្ឈមណ្ឌលបន្ទះឈីបដ៏សំខាន់មួយផងដែរ។

សិង្ហបុរី គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៦របស់ឥណ្ឌា និងធំជាងគេបំផុតក្នុងតំបន់អាស៊ាន។ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសមានទំហំជាង៣៥ពាន់លានដុល្លារ ហើយសិង្ហបុរី ជាប្រភពនៃការវិនិយោគផ្ទាល់ពីបរទេសដ៏ធំបំផុតរបស់ឥណ្ឌា ជាមួយនឹងទំហំវិនិយោគជិត១២ពាន់លានដុល្លារ ឬប្រហែល២៧% នៃចំនួនវិនិយោគសរុបរបស់ឥណ្ឌា៕