Alynana Media Cambodia
Icon Collap
clinic narit

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមវេទិកាចំណេះដឹង​ពិភពលោកលើកទី២៥ នៅកូរ៉េខាងត្បូង

Media LNN | Sep 09, 2024
ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមវេទិកាចំណេះដឹង​ពិភពលោកលើកទី២៥ នៅកូរ៉េខាងត្បូង
Clinic narith

 

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ នៅប្រទេសកូរ៉េខាងត្បូង។

យោងតាមអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានឱ្យដឹងថា តបតាម​ការអញ្ជើញរបស់ស្ថាបនិក​នៃវេទិកា​ចំណេះដឹងពិភពលោក សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់​ខ្ពស់​អញ្ជើញ​ចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព (Journey Towards Coexistence)» ព្រមទាំងអញ្ជើញចូលរួមកម្មវិធីផ្លូវការសំខាន់ៗ​ផ្សេងទៀត នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។

សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងទៀតថា អញ្ជើញអមដំណើរសម្តេចតេជោ រួមមាន លោក អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ​សំខាន់ៗ​របស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំ សភាពាណិជ្ជកម្មកម្ពុជាផងដែរ។

ក្នុងឱកាសចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥នេះ សម្តេចតេជោ នឹង​អញ្ជើញថ្លែងសុន្ទរកថាពិសេស ក្រោមប្រធានបទ «មាគ៌ាឆ្ពោះទៅកាន់សហត្ថិភាព និងវិបុលភាពក្នុងអាស៊ាន»។

វេទិកានេះនឹងមានអ្នកចូលរួមពីមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗជុំវិញពិភពលោក ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកលប្រកបដោយតុល្យភាព។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងស៊ីនឆន់ សម្តេចតេជោ នឹងមានជំនួបការងារជាមួយ ថ្នាក់ដឹកនាំសាធារណរដ្ឋកូរ៉េ រួមមាន ប្រធានាធិបតី និងប្រធានសភា និងទទួលជួប​តំណាង​ក្រុមហ៊ុនធំៗរបស់សាធារណរដ្ឋកូរ៉េផងដែរ។

សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងបន្តដំណើរទស្សនកិច្ចទៅកាន់ខេត្តឃុងសាងបុកដូ ដើម្បីទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ដែលរៀបចំដោយសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ និងផ្តល់កិត្តិយសធ្វើបាឋកថាស្តីពី «បទពិសោធន៍របស់ប្រទេសកម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ» ពីប្រទេសដែលហែកហួរដោយសង្គ្រាម និងវាលពិឃាត មកជាប្រទេសជាតិដែលពោរពេញដោយសន្តិភាព ការរួមរស់ជាមួយគា្ន (សហត្ថិភាព) និងការអត់ឱន។

ជាមួយគ្នានេះ សម្តេចតេជោ និងគណៈប្រតិភូ នឹងអញ្ជើញទស្សនាតំបន់ទេសចរណ៍ «បូមុន» និងមជ្ឈមណ្ឌលពិព័រណ៍វប្បធម៌ពិភពលោកស្យុងយូ នៅក្នុងខេត្តឡុងសាង​បុកដូ។ គណៈប្រតិភូជាន់ខ្ពស់កម្ពុជាដែលដឹកនាំដោយសម្តេចគេជោ ប្រធានព្រឹទ្ធសភា នឹងធ្វើមាតុភូមិនិវត្តន៍ នៅវេលាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤៕