ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកនៅមួយរយៈចុងក្រោយនេះបានរងការគំរាមកំហែងយ៉ាងខ្លាំងរាប់ចាប់តាំងពីបញ្ហាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បញ្ហាសង្គ្រាម និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកល ដែលបញ្ហាទាំងនេះបានធ្វើឱ្យតម្លៃដឹកជញ្ជូនហក់ឡើងទ្វេដង។ ការកើនឡើងតម្លៃដឹកជញ្ជូនតាមផ្លូវទឹក ដែលជាការដឹកជញ្ជូនដ៏ពេញនិយមនៅលើពិភពលោកនេះ វាក៏បានជំរុញឱ្យតម្លៃទំនិញសំខាន់ៗសម្រាប់បម្រើឱ្យការប្រើប្រាស់របស់ប្រជាពលរដ្ឋហក់ឡើងថ្លៃដូចគ្នាផងដែរ។ តើតម្លៃដឹកជញ្ជូនតាមផ្លូវទឹក ដែលហក់ឡើងថ្លៃទ្វេដងកាលពីពេលកន្លងទៅ មានការប្រែប្រួលយ៉ាងណាហើយ?
ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អេចប្រេស ខេមបូឌា ដែលជាអ្នកជំនួញក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម បានឱ្យដឹងថា មកទល់ពេលនេះ តម្លៃនៃការដឹកជញ្ជូនតាមផ្លូវទឹកនៅពុំទាន់មានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់នៅឡើយទេ ពោលគឺការដឹកជញ្ជូនទំនិញតាមទូកុងតឺន័រត្រជាក់នៅតែមានតម្លៃខ្ពស់។ បើតាមអ្នកជំនាញរូបនេះ កត្តាដែលជំរុញឱ្យការដឹកជញ្ជូនទំនិញតាមទូកុងតឺន័រត្រជាក់មានតម្លៃថ្លៃ ក៏ព្រោះតែទូប្រភេទនេះ នៅមានការខ្វះខាត ដែលត្រូវជួលពីប្រទេសជិតខាង និងម្យ៉ាងដោយសារតែទូនេះត្រូវប្រើប្រាស់ចរន្តអគ្គិសនីច្រើនជាងទូធម្មតា។
ទោះបីបច្ចុប្បន្នស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មានភាពធូរស្បើយក៏ពិតមែន តែអ្នកជំនាញរូបនេះអះអាងថា កប៉ាល់នៅតែរក្សាតម្លៃនៃការដឹកជញ្ជូននៅដដែល ដោយសារជួបបញ្ហាប្រឈមផ្នែកសន្តិសុខតាមសមុទ្រ ការឡើងថ្លៃប្រេង និងកត្តាភូមិសាស្រ្តនយោបាយសកលជាដើម។ បញ្ហានេះនឹងធ្វើឱ្យមានផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មផងដែរ ដោយសារតែការឡើងថ្លៃនៃការដឹកជញ្ជូននេះបានធ្វើឱ្យទំនិញមួយចំនួនឡើងថ្លៃ ដែលបង្កការលំបាកដល់អ្នកប្រើប្រាស់។
ស្រដៀងគ្នានេះ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់ នៅកម្ពុជា បានឱ្យដឹងដែរថា ជាទូទៅតម្លៃនៃការដឹកជញ្ជូនតាមទូត្រជាក់ គឺថ្លៃជាងទូកុងតឺន័រធម្មតា ព្រោះទូត្រជាក់ត្រូវប្រើប្រាស់អគ្គិសនី និងម្យ៉ាងទៀតចំនួនទូត្រជាក់នៅមានការខ្វះខាតនៅឡើយ ហើយតម្រូវឱ្យមានការយកទូពីក្រៅប្រទេសមកបន្ថែម ដើម្បីបម្រើដល់ការដឹកជញ្ជូន។ បើតាមអ្នកជំនាញរូបនេះ តម្លៃនៃការដឹកជញ្ជូនតាមផ្លូវទឹកនាពេលបច្ចុប្បន្ននៅតែមានការកើនឡើងទ្វេដង ប៉ុន្តែលោកអះអាងថា តម្លៃនេះនៅមានស្ថានភាពល្អ បើធៀបនឹងអំឡុងពេលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
បើតាមការគូសបញ្ជាក់របស់លោក ជា ចាន់ដារ៉ា ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកពីតំបន់អាស៊ីទៅសហរដ្ឋអាម៉េរិក និងតំបន់អឺរុបកាលពីពេលកន្លងទៅ មានតម្លៃប្រមាណពីជាង៣ពាន់ដុល្លារ ទៅជាង៤ពាន់ដុល្លារប៉ុណ្ណោះ ក្នុង១ទូកុងតឺន័រ ប៉ុន្តែបច្ចុប្បន្នការដឹកជញ្ជូនទៅសហរដ្ឋអាម៉េរិក មានតម្លៃចន្លោះពីជាង៦ពាន់ដុល្លារ ទៅជាង៨ពាន់ដុល្លារ និងទៅតំបន់អឺរុប មានតម្លៃចន្លោះពីជាង៨ពាន់ដុល្លារ ទៅជាង៩ពាន់ដុល្លារក្នុង១ទូកុងតឺន័រ៕