Alynana Media Cambodia
Icon Collap
clinic narit

តើវិស័យធានារ៉ាប់រងអាយុជីវិតនៅវៀតណាម កំពុងស្ថិតក្នុងស្ថានភាពត្រដាបត្រដួសយ៉ាងណាដែរ?

Media LNN | Sep 10, 2024
តើវិស័យធានារ៉ាប់រងអាយុជីវិតនៅវៀតណាម កំពុងស្ថិតក្នុងស្ថានភាពត្រដាបត្រដួសយ៉ាងណាដែរ?
Clinic narith

របាយការណ៍ហិរញ្ញវត្ថុនៅឆមាសទី១នៃឆ្នាំ២០២៤ របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនានា នៅក្នុងប្រទេសវៀតណាម បានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់ចំណេញ។ ស្ថិតិបានបង្ហាញថា នៅឆមាសទី១ ឆ្នាំ២០២៤នេះ ប្រាក់ចំណូលដែលមិនទាន់គិតពន្ធរបស់ក្រុមហ៊ុនខ្លះបានធ្លាក់ចុះប្រមាណជាជិត២១លានដុល្លារ ឫប្រមាណជាជិត៣២%។ តើវិស័យធានារ៉ាប់រងអាយុជីវិតនៅវៀតណាម កំពុងស្ថិតក្នុងស្ថានភាពត្រដាបត្រដួសយ៉ាងណាដែរ?

សារព័ត៌មាន Vietnam News បានរាយការណ៍ថា វិស័យធានារ៉ាប់រងអាយុជីវិតរបស់វៀតណាម ដែលបានស្រុតចុះខ្លាំងបំផុតកាលពីឆ្នាំ២០២៣ កន្លងទៅ នៅមិនទាន់មានស្ថានភាពធូរស្បើយឡើងវិញនៅឡើយទេ ហើយបច្ចុប្បន្នក្រុមហ៊ុននានា កំពុងបន្តការតស៊ូក្នុងភាពលំបាកផ្នែកសេដ្ឋកិច្ច និងផលវិបាកនៃវិបត្តិទំនុកចិត្តរបស់អតិថិជន។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតព្រូដិនសលវៀតណាមថ្មីៗនេះ បានចេញរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆមាសទី១ ឆ្នាំ២០២៤ ដោយបានកត់ត្រាប្រាក់ចំណូលមុនបង់ពន្ធត្រឹមតែ៤៤លានដុល្លារប៉ុណ្ណោះ ធ្លាក់ចុះជិត៣២% ឫស្មើប្រមាណ២១លានដុល្លារ។

ទន្ទឹមនឹងនេះ របាយការណ៍លទ្ធផលអាជីវកម្មពាក់កណ្តាលឆ្នាំរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA វៀតណាម ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា ប្រាក់ចំណូលធានារ៉ាប់រងដុលរបស់ខ្លួនមានត្រឹមតែជាង២៧៨លានដុល្លារប៉ុណ្ណោះ ធ្លាក់ចុះរហូតដល់ទៅជាង២៨លានដុល្លារ។ ជាមួយគ្នានេះក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD ក៏បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណូល២២,៥%ផងដែរ ក្រោយខ្លួនអាចរកចំណូលបានត្រឹមជាង៧៩លានដុល្លារនៅឆមាសទី១ ឆ្នាំនេះ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Generali បានប្រកាសថា ប្រាក់ចំណូលសុទ្ធរបស់ខ្លួនពីអាជីវកម្មធានារ៉ាប់រងក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៤ បានថយចុះជិត១២លានដុល្លារ ក្រោយខ្លួនទទួលបានប្រាក់ចំណូលត្រឹមតែជិត៦០លានដុល្លារ។ ដោយឡែក ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife បានកត់ត្រាពីការធ្លាក់ចុះប្រាក់ចំណូល២៤% បន្ទាប់ពីក្រុមហ៊ុនរកប្រាក់ចំណូលសុទ្ធបានត្រឹមតែជាង៣៤១លានដុល្លារ។

ផ្អែកតាមស្ថិតិខាងលើអ្នកវិភាគបានអះអាងថា ឧស្សាហកម្មធានារ៉ាប់រងអាយុជីវិតនៅវៀតណាម នៅតែបន្តជួបប្រឈមនឹងបញ្ហាជាច្រើន ដែលបណ្តាលមកពីការដាក់ចេញបទប្បញ្ញត្តិដ៏តឹងរ៉ឹងលើការផ្តល់ផលិតផល និងសេវាកម្មធានារ៉ាប់រងពីសំណាក់អាជ្ញាធរវៀតណាម៕