ប្រទេសសិង្ហបុរី និងទីក្រុងហុងកុង បានក្លាយជាប្រភពលំហូរទុនវិនិយោគបរទេសឈានមុខគេរបស់វៀតណាម នៅក្នុងរយៈពេល៨ខែកន្លងមកនេះ។ នៅក្នុងរយៈពេលនេះ វៀតណាមដែលជាអ្នកភូមិផងរបងជាមួយកម្ពុជា ទទួលបានលំហូរទុនផ្ទាល់ពីបរទេសប្រមាណជិត២១ពាន់លានដុល្លារ មានការកើនឡើង៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។
ទីភ្នាក់ងារវិនិយោគបរទេស (FIA) នៃក្រសួងផែនការ និងវិនិយោគវៀតណាម បានឱ្យដឹងថា នៅក្នុងរយៈពេល៨ខែកន្លងមកនេះ វៀតណាមទទួលបានការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងទំហំជិត២១ពាន់លានដុល្លារអាម៉េរិក ពោលគឺកើនឡើង៧% បើធៀបនឹងឆ្នាំមុន។ ក្នុងចំណោមដៃគូវិនិយោគទាំង៩៤ប្រទេស និងដែនដី ប្រទេសសិង្ហបុរី និងហុងកុង បាននាំមុខគេ ដែលបានបោះទុនវិនិយោគនៅវៀតណាម ច្រើនជាងគេ។
ប្រទេសសិង្ហបុរី បានបោះទុនវិនិយោគជិត៧ពាន់លានដុល្លារ ដែលស្មើនឹងជាង៣៣%នៃការវិនិយោគសរុប ពោលគឺបានកើនឡើងជាង៧៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ចំណែកទីក្រុងហុងកុង បានបោះទុនវិនិយោគជាង២ពាន់លានដុល្លារ ដែលស្មើនឹងជិត១២%នៃការវិនិយោគសរុប ដោយបានកើនឡើងជិត៤៤%។
ដៃគូវិនិយោគដ៏ធំបំផុតក្នុងរយៈពេល៨ខែ ឆ្នាំនេះសុទ្ធតែមកពីតំបន់អាស៊ី និងជាដៃគូប្រពៃណីរបស់វៀតណាម ហើយប្រទេស និងដែនដីដែលបានបណ្ដាក់ទុនច្រើនជាងគេទាំង៥ រួមមានសិង្ហបុរី ហុងកុង ជប៉ុន ចិនដីគោក និងកូរ៉េខាងត្បូង ដែលមានចំនួនសរុប៧៤% នៃគម្រោងវិនិយោគថ្មី និងជាង៧៧% នៃដើមទុនចុះបញ្ជីសរុបរបស់ប្រទេសនេះ៕