Alynana Media Cambodia
Icon Collap
clinic narit

វេទិកាស្តីពី «ស្ថានភាពសុខាភិបាលកម្ពុជា បញ្ហាប្រឈម និងឱកាស»

Media LNN | Sep 11, 2024
វេទិកាស្តីពី «ស្ថានភាពសុខាភិបាលកម្ពុជា បញ្ហាប្រឈម និងឱកាស»
Clinic narith

(ភ្នំពេញ)៖ ការលើកកម្ពស់ផ្នែកសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាកត្តាចាំបាច់បំផុត ហើយនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រសួងសុខាភិបាល គឺជាស្ថាប័នជំនាញ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំអនុវត្តដោយផ្ទាល់នូវយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ទាំងនេះ។

ដើម្បីឲ្យអ្នកសារព័ត៌មានបានស្វែងយល់អំពីអ្វីជាយុទ្ធសាស្ត្រ និងយុទ្ធវិធីឆ្ពោះទៅសម្រេចបានតាមគោលដៅ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ទើបក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក) សហការជាមួយក្រសួងសុខាភិបាលរៀបចំវេទិកាពិភាក្សាដោយលើកយកប្រធានបទ «ស្ថានភាពសុខាភិបាលកម្ពុជា បញ្ហាប្រឈម និងឱកាស» ដើម្បីបង្ហាញពីសកម្មភាពការងារសំខាន់ៗ សមិទ្ធផល និងវឌ្ឍនភាពការងារ របស់ក្រសួងសុខាភិបាល ដែលសម្រេចបានក្នុងរយៈពេល១ឆ្នាំ រួមទាំងបញ្ហាប្រឈម និងកាលានុវត្តភាព នៃវិស័យជាអាទិភាព ការពង្រឹងសេវាសាធារណៈតាមមន្ទីរពេទ្យ សំដៅបង្កើនប្រសិទ្ធភាពការងារ និងជំនឿរបស់ប្រជាពលរដ្ឋ។

វេទិកាពិភាក្សានេះរៀបចំឡើងនៅឯសាលប្រជុំនៃមន្ទីរពេទ្យកាល់ម៉ែត តាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីជំនាញផ្នែកសុខាភិបាល និងអ្នកសារព័ត៌មានអាជីពសរុបចំនួន៥៨ស្ថាប័ន ស្មើ៧០នាក់ ក្រោមការសម្របសម្រួលពីលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក)។

លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា(ក អ.ក)បានឲ្យដឹងថា តាមរយៈវេទិកាពិភាក្សានេះ នឹងផ្តល់ឱកាសដល់អ្នកសារព័ត៌មាន បានស្វែងយល់កាន់តែច្បាស់ពាក់ព័ន្ធការងារក្នុងវិស័យសុខាភិបាល ហើយអ្នកសារព័ត៌មានអាចលើកជាសំណួរទាក់ទងកម្មវិធីការងារជាក់ស្តែង និងការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាល ក្នុងការអភិវឌ្ឍវិស័យសុខាភិបាល រួមទាំងសំណួរផ្សេងៗទៀតដែលមានសារប្រយោជន៍ដល់ការលើកកម្ពស់ និងសុខុមាលភាពប្រជាជនកម្ពុជា៕