មុននេះបន្តិច យោងតាមការចុះផ្សាយដោយក្រសួងធនធានទឹកបានឱ្យដឹងថា ព្យុះទី១៣ ឈ្មោះប៊ីបីនកា (Bebinca) និងសម្ពាធទាបដែលគ្របដណ្តប់លើឈូងសមុទ្របេងហ្គាល់ (Bay of Bengal) មានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ ខណៈសម្ពាធទាបគ្របដណ្ដប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះដែរ ក៏នឹងធ្វើឱ្យកម្ពុជាមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី១២-១៤ ខែកញ្ញា ឆ្នាំ២០២៤ ផងដែរ។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ស្ថានភាពបែបនេះក៏ធ្វើឱ្យភ្នំពេញ និងខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទៈ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីដល់ទៅ៦៥%។
ជាមួយគ្នានោះដែរ ចំពោះតំបន់ខ្ពង់រាបវិញនឹងមានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់ មកពីទិសនិរតី និងបស្ចឹម មានល្បឿនមធ្យម ៥,៥ ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរ មានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៦០%។
ចំណែក តំបន់មាត់សមុទវិញនឹងមានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់ មកពីទិសនិរតី មានល្បឿន មធ្យម ៦ ម៉ែត្រវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរ ភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ គ្របដណ្តប់លើផ្ទៃដី៥០% ៕