Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេ ខណៈ៧ខែឆ្នាំនេះ ផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង ៨៣ម៉ឺនតោន

Media LNN | Sep 12, 2024
កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេ ខណៈ៧ខែឆ្នាំនេះ ផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង ៨៣ម៉ឺនតោន
Clinic narith
(ភ្នំពេញ)៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងរយៈពេល ៧ខែដើម ឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង ៨៣ម៉ឺនតោន កើនឡើង ៣៦,៧ ភាគរយ ដែលធ្វើឱ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្វាយចន្ទីច្រើន​ជាងគេ​លើពិភពលោក។

បើតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងនៅថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២៤នេះដែរថា៖គិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយ​ចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា។ស្វាយចន្ទីជាកសិផលដ៏សំខាន់មួយរបស់កម្ពុជា។

ប្រភពដដែលនេះបានបញ្ជាក់បន្ថែមថា៖ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវទស្សនវិស័យប្រែក្លាយកូម្ពុជា ទៅជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក និងជា អធិរាជស្វាយចន្ទី នាពេលអនាគត។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ចេញនូវ «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧»។

ជាមួយគ្នានេះដើម្បីសម្រេចបាននូវការងារនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងចងក្រងបង្កើតសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ នៅខេត្តកំពង់ធំ។ ការចងក្រងសហគមន៍កសិកម្មទំនើបស្វាយចន្ទី នឹងផ្សារភ្ជាប់សហគមន៍ទៅកាន់​ទីផ្សារដោយ​ផ្ទាល់តាមរយៈការសម្របសម្រួលពី​ក្រសួង។ មិនត្រឹមតែប៉ុណ្ណោះ ក្រសួងនឹងជួយគាំទ្រផ្នែកទុន និងបច្ចេកទេស ដើម្បីធានាថា សហគមន៍អាចដំណើរ​ការបានដោយរលូន និងទទួលបានតម្លៃបន្ថែម ព្រមទាំងផលចំណេញខ្ពស់។
ក្រៅពីបញ្ចេញរបាយការណ៍ខាងលើនេះក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទក៏បាន​ឱ្យសាធារណៈជនរង់ចាំទស្សនាវីដេអូឯកសារអំពី «កម្ពុជាឆ្ពោះទៅកាន់អធិរាជស្វាយ​ចន្ទី» តាមរយៈបណ្ដាញសង្គមផ្លូវការរបស់ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង៨យប់ថ្ងៃនេះផងដែរ៕