Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋាភិបាលកម្ពុជា សម្រេចបន្តហាមឃាត់ការនាំចូលគ្រឿងក្នុង និងសាច់បង្កក រយៈពេល ៦ខែ​បន្ថែមទៀត

Media LNN | Sep 12, 2024
រដ្ឋាភិបាលកម្ពុជា សម្រេចបន្តហាមឃាត់ការនាំចូលគ្រឿងក្នុង និងសាច់បង្កក រយៈពេល ៦ខែ​បន្ថែមទៀត
Clinic narith

 

(ភ្នំពេញ)៖ នៅថ្ងៃនេះ រដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តអនុវត្តវិធានការហាមឃាត់ការនាំចូល​បណ្តោះ​អាសន្ន​នូវ​គ្រឿង​ក្នុង និងបំណែកសាច់បង្កក រយៈពេល ៦ខែបន្ថែមទៀត ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីការអនុវ​ត្តវិធានការ​ហាម​ឃាត់​ការ​នាំចូល​ជា​បណ្តោះ​អាសន្ន​រួចមក កាលពីខែមករា ឆ្នាំ២០២៤កន្លងទៅ។

ក្នុងសេចក្តីប្រកាសជូនដំណឹង អំពីការកែសម្រួលវិធានការ​ហាមឃាត់​ការ​នាំចូល​ជា​បណ្តោះ​អាសន្ន​នូវ​គ្រឿងក្នុង និងបំណែកសាច់បង្កក ចុះថ្ងៃទី១១ ខែកញ្ញា ក្រសួងពាណិជ្ជកម្ម និងក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្រោយ​ការ​អនុវត្តវិធានការហាមឃាត់ការ​នាំចូល​ជា​បណ្តោះអា​សន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក កាលពីពេលកន្លងមក ក្រសួងបាន​ពិនិត្យ​ឃើញ​ថា ផលិតកម្មសត្វចញ្ចឹមនៅកម្ពុជាត្រូវបានសង្គ្រោះពីផលប៉ះពាល់ ដែលបណ្តាល​មក​ពី​ការ​នាំ​ចូល​គ្រឿងក្នុង និងបំណែកសាច់បង្កក ដែលមិនប្រើប្រាស់ជាចំណីអាហារនៅប្រទេស នាំចេញ​។ ដោយឡែក ការនាំចូលថ្លើមនៃសត្វជ្រូកបង្កក និងភាគបំណែកសាច់និងគ្រឿងក្នុង (Offal) ផ្សេងទៀត ក្រៅពីថ្លើមនៃសត្វជ្រូកដែលអាចបរិភោគបាន នៅតែបណ្តាល​ឱ្យ​ផលិត​កម្ម​ជ្រូក​នៅ​កម្ពុជា​បន្ត​រងការគម្រាមកំហែង និងអាចឈានទៅដល់ការខូចខាតទាំងស្រុង។

ក្រសួង​ពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ការសម្រេច​បន្ត​អនុវត្ត​វិធាន​ការហាមឃាត់ការនាំចូលជាបណ្តោះអាសន្នរយៈពេល ០៦ ខែបន្ថែមទៀត មិនអនុវត្ត​ចំពោះ​គម្រោង​វិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលនាំចូលទំនិញដែល​ហាម​ឃាត់​ក្នុង​ឯកសារ​ខាង​លើ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្រាប់ការនាំចេញឡើយ។ ដូច្នេះ សាធារណ​ជន និងក្រុមហ៊ុននាំចេញ នាំចូល ដែលកំពុងប្រកបអាជីវកម្មលើមុខទំនិញខាងលើ ព្រម​ទាំង​ភាគីពាក់ព័ន្ធ អាចបន្តសកម្មភាពអាជីវកម្មបានជាធម្មតា៕