ការស្ទង់មតិមួយបានបង្ហាញថា បំណុលគ្រួសារពលរដ្ឋជាមធ្យមនៅក្នុងប្រទេសថៃ បានកើនឡើងខ្ពស់ឈានដល់កម្រិតកំណត់ត្រាមិនធ្លាប់មានប្រកបដោយភាពគ្រោះថ្នាក់ដោយសារតែសន្ទុះកំណើនសេដ្ឋកិច្ចយឺត ប្រាក់ចំណូលធ្លាក់ចុះទាប រីឯថ្លៃចំណាយជីវភាពប្រចាំថ្ងៃ ក៏ចេះកើនឡើងខ្ពស់ ហើយពលរដ្ឋថៃ ភាគច្រើនកំពុងជួបការលំបាកក្នុងការបង់សងកម្ចីត្រលប់ទៅគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្ដិ៍។
យោងតាមការស្ទង់មតិដោយសកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) ដែលបានធ្វើឡើងនៅដើមខែកញ្ញា នេះបង្ហាញថា ជាមធ្យមពលរដ្ឋថៃមួយគ្រួសារជំពាក់បំណុលប្រមាណ៦សែន៧ពាន់បាត ឬស្មើនឹង១ម៉ឺន៨ពាន់ដុល្លារអាម៉េរិក ដោយកើនឡើង៨,៤% ពីឆ្នាំ២០២៣។ តួលេខបំណុលគ្រួសារនេះ គឺជាតួលេខខ្ពស់បំផុតចាប់តាំងពីការស្ទង់មតិបានចាប់ផ្តើមធ្វើឡើងតាំងពីឆ្នាំ២០០៩ មក។
ការស្ទង់មតិនេះ បានរកឃើញថា ៦៩,៩%នៃបំណុលគ្រួសារពលរដ្ឋថៃ ជាកម្ចីផ្លូវការដែលខ្ចីពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដោយធ្លាក់ចុះពី៨០,២% កាលពីឆ្នាំមុន ខណៈដែល៣០%ទៀត ជាកម្ចីក្រៅផ្លូវការដែលខ្ចីពីអ្នកចងការប្រាក់។ ទំហំកម្ចីក្រៅផ្លូវការបានកើនឡើងដោយសារតែពលរដ្ឋថៃ កាន់តែច្រើនបានខ្ចីដល់កម្រិតកំណត់ ដែលមិនអាចអាចខ្ចីបន្ថែមពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទៀតបាន ហើយកត្តានេះបានបង្ខំឱ្យពួកគេងាកទៅខ្ចីលុយពីអ្នកចងការប្រាក់។
យោងតាមសាកលវិទ្យាល័យដដែលឱ្យដឹងថា អតិថិជនជាអ្នកប្រើប្រាស់ជាច្រើនមានប្រាក់ចំណូលមិនគ្រប់គ្រាន់សម្រាប់រ៉ាប់រងការចំណាយផ្សេងៗរួមទាំងការបង់កម្ចី និងថ្លៃចំណាយជីវភាពរស់នៅប្រចាំថ្ងៃនោះទេ ហើយក៏គ្មានប្រាក់បម្រុងសម្រាប់ពេលមានអាសន្ននោះដែរ។
ការស្ទង់មតិនេះ បានរកឃើញថា ជាមធ្យមគ្រួសារពលរដ្ឋថៃមួយត្រូវបង់សងកម្ចីជិត១ម៉ឺន៨ពាន់បាត ឬប្រមាណ៥៦០ដុល្លារអាម៉េរិក ក្នុងមួយខែ ដោយកើនឡើងពីជិត១ម៉ឺន៧ពាន់បាត ឬប្រមាណ៥០០ដុល្លារអាម៉េរិក ក្នុងមួយខែកាលពីឆ្នាំមុន។
រដ្ឋាភិបាល និងធនាគារកណ្តាលថៃ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបំណុលគ្រួសារសរុបរបស់ប្រទេសថៃ ដែលបានកើនឡើងដល់ជិត៤៩០ពាន់លានដុល្លារអាម៉េរិក ដែលស្មើនឹង៩០,៨%នៃផលិតផលក្នុងស្រុកសរុប (GDP) គិតត្រឹមចុងខែមីនា ឆ្នាំ២០២៤ ដែលធ្វើឱ្យថៃ ជាប់ឈ្មោះក្នុងចំណោមប្រទេសដែលមានបំណុលគ្រួសារពលរដ្ឋខ្ពស់បំផុតនៅអាស៊ី។
ជាការឆ្លើយបតប ធនាគារកណ្តាលថៃ បានដាក់ចេញវិធានការជាបន្តបន្ទាប់ដែលខ្លួនសង្ឃឹមថា នឹងអាចធ្វើឱ្យបំណុលគ្រួសារពលរដ្ឋធ្លាក់ចុះមកនៅត្រឹម៨៩% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំក្រោយ។
ទន្ទឹមនេះ ទិន្នន័យផ្លូវការរបស់ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF សម្រាប់ឆ្នាំ២០២២ បង្ហាញថា បំណុលគ្រួសារពលរដ្ឋសរុបនៅក្នុងប្រទេសម៉ាឡេស៊ី មាន៦៧%នៃផលិតផលក្នុងស្រុកសរុប ហើយបំណុលគ្រួសារពលរដ្ឋសរុបនៅក្នុងប្រទេសសិង្ហបុរី មាន៤៨,៦%នៃផលិតផលក្នុងស្រុកសរុប៕