ទីក្រុងឌូបៃនឹងពង្រីកគម្រោងហេដ្ឋារចនាសម្ពន្ធធំៗមួយចំនួន ដើម្បីទាក់ទាញអ្នកជំនួញ និងភ្ញៀវទេសចរ ខណៈទីក្រុងនេះ បានអនុម័តសាងសង់ស្ថានីយថ្មីនៅអាកាសយានដ្ឋានមួយនៅភាគខាងត្បូងទីក្រុងនេះ ហើយនឹងពង្រឹងមុខងារទីក្រុងនេះ ដោយការសាងសង់ផ្លូវរថភ្លើងថ្មី និងការពង្រឹងសមត្ថភាពប្រព័ន្ធលូបង្ហូរទឹកភ្លៀង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេ។
ព្រះអង្គម្ចាស់ ស៊េក ម៉ូហាម៉េដ ប៊ីន រ៉ាស៊ីដ អាល់ម៉ាកទុម (Sheikh Mohammed bin Rashid Al Maktoum) នាយករដ្ឋមន្ត្រី និងជាអភិបាលក្រុងឌូបៃ នៅប្រទេសអេមីរ៉ាតអារ៉ាប់រួម បានផ្ដល់ភ្លើងខៀវកាលពីចុងខែមេសា ដើម្បីសាងសង់ស្ថានីយថ្មីមួយនៅអាកាសយានដ្ឋានអន្តរជាតិ អាល់ម៉ាក ទុម ដែលគ្រោងនឹងចំណាយថវិកាជិត៣៥ពាន់លានដុល្លារ។
នៅពេលសាងសង់ស្ថានីយនេះរួចរាល់ហើយ ស្ថានីយនេះនឹងជួយធ្វើឱ្យអាកាសយានដ្ឋាននេះក្លាយជាអាកាសយានដ្ឋានធំជាងគេបំផុតនៅលើពិភពលោក ដែលមានច្រកចេញចូលចំនួន ៤០០ និងផ្លូវរត់ស្របគ្នាចំនួន៥ និងអាចស្វាគមន៍អ្នកដំណើរចេញចូលបានរហូតដល់២៦០ លាននាក់ក្នុងមួយឆ្នាំ។
ទោះបីជាកាលបរិច្ឆេទនៃការបញ្ចប់គម្រោងទាំងមូលនេះនៅមិនទាន់បានប្រកាសយ៉ាងណាក៏ដោយ ប៉ុន្តែដំណាក់កាលទី១នៃគម្រោងនេះនឹងបញ្ចប់ក្នុងរយៈពេល១០ឆ្នាំ ដែលនឹងធ្វើឱ្យព្រលានយន្តហោះនេះអាចទទួលអ្នកដំណើរបាន១៥០លាននាក់ ក្នុងមួយឆ្នាំ៕