ព្យុះទីហ្វុងដ៏កំណាច Yagi បានធ្វើឱ្យបណ្ដាក្រុមហ៊ុនធានារ៉ាប់រងនៅវៀតណាមកំពុងធ្ងន់កហើយពេលនេះ ដោយប្រឈមនឹងការទូទាត់សងសំណងរហូតដល់ទៅរាប់រយលានដុល្លារអាម៉េរិកឯណោះ ខណៈដែលវិស័យធានារ៉ាប់រងនៅក្នុងប្រទេសនេះជាពិសេសធានារ៉ាប់រងអាយុជីវិតបានធ្លាក់ចុះខ្លាំងបំផុតកាលពីឆ្នាំ២០២៣ កន្លងទៅ និងដែលមកទល់ពេលនេះមិនទាន់មានស្ថានភាពធូរស្បើយឡើងវិញនៅឡើយ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express ឱ្យដឹងថា ក្រុមហ៊ុនធានារ៉ាប់រងនានានៅប្រទេសវៀតណាមទទួលបានពាក្យសុំទាមទារសំណងខូចខាតក្នុងទំហំសរុបរហូតដល់ទៅ១១២លានដុល្លារអាម៉េរិក បន្ទាប់ពីកើតមានបាតុភូតព្យុះទីហ្វុង Yagi ដែលជាព្យុះទីហ្វុងដ៏កំណាចបំផុតមិនធ្លាប់មានក្នុងរយៈពេល៣០ឆ្នាំមកនេះ។
ក្នុងនោះក្រុមហ៊ុនធានារ៉ាប់រងមិនមែនអាយុជីវិតឈានមុខគេ PVI Insurance Corp ប្រឈមនឹងការទូទាត់សំណងច្រើនជាងគេបំផុត ក្នុងទំហំរហូតដល់ទៅជាង៨១លានដុល្លារអាម៉េរិក សម្រាប់ថ្លៃខូតខាតទ្រព្យសម្បត្តិដោយមិនរាប់បញ្ចូលមនុស្ស និងយានយន្ត។
លោក ង៉ោ ទ្រុង ឌុង (Ngo Trung Dung) ដែលមកពីសមាគមធានារ៉ាប់រងវៀតណាម បានប៉ាន់ប្រមាណថា ការទាមទារសំណងខូចខាតទាក់ទងនឹងព្យុះទីហ្វុង Yagi អាចកើនដល់រាប់រយលានដុល្លារអាម៉េរិក។ ពេលនេះក្រុមហ៊ុនធានារ៉ាប់រងនានាកំពុងធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីជួយអតិថិជន តួយ៉ាងដូចជាក្រុមហ៊ុន PVI Insurance Corp ជាដើមបានបញ្ជូនបុគ្គលិករបស់ខ្លួនទៅកាន់តំបន់ដែលរងផលប៉ះពាល់នានាតែម្ដង។
ទន្ទឹមនេះ បណ្ដាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតក៏បានដំណើរការទាមទារសំណងផងដែរ ដោយក្នុងនោះក្រុមហ៊ុន AIA Vietnam និងក្រុមហ៊ុន Dai-ichi Insurance ជាដើមបានរាយការណ៍ថា ខ្លួនកំពុងដំណើរការនីតិវិធីផ្ដល់សំណងដល់អតិថជនរបស់ខ្លួនដែលបានស្លាប់ បណ្តាលមកពីព្យុះទីហ្វុង Yagi។
សូមបញ្ជាក់ថា ព្យុះទីហ្វុង Yagi បានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅតំបន់ជាច្រើនក្នុងប្រទេសវៀតណាម ដែលបណ្តាលឱ្យមនុស្ស១៩៩នាក់ស្លាប់ និង១២៨នាក់ទៀតបាត់ខ្លួន៕