Alynana Media Cambodia
Icon Collap
clinic narit

តើវិស័យអចលនទ្រព្យនឹងរងទុក្ខលំបាកយ៉ាងណា បើក្រុមហ៊ុនរកស៊ីដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ?

Media LNN | Sep 16, 2024
តើវិស័យអចលនទ្រព្យនឹងរងទុក្ខលំបាកយ៉ាងណា បើក្រុមហ៊ុនរកស៊ីដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ?
Clinic narith

វិស័យអចលនទ្រព្យនៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេល១ទសវត្សចុងក្រោយនេះ ដោយទទួលបានការវិនិយោគពីបរទេសជាបន្តបន្ទាប់ ជាហេតុធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជា នាពេលកន្លងទៅមានការអភិវឌ្ឍយ៉ាងខ្លាំង។ ទន្ទឹមនឹងភាពរីកចម្រើននេះ វិស័យដ៏មានសក្ដានុពលមួយនេះ ក៏បានជួបបញ្ហាប្រឈមមួយចំនួនផងដែរ ដោយសារអ្នកប្រកបរបរមួយចំនួនក្នុងវិស័យនេះ ពុំទាន់គោរពតាមបទបញ្ញត្តិ និងច្បាប់។

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា កត់សម្គាល់ឃើញថា អ្នករកស៊ីក្នុងវិស័យអចលនទ្រព្យមួយចំនួននៅតែពុំទាន់គោរពតាមបទបញ្ញត្តិ និងច្បាប់ ដែលបានចែងនៅឡើយទេ ដែលបញ្ហានេះកំពុងបង្កផលប៉ះពាល់ដល់បណ្ដាក្រុមហ៊ុនដែលមានអាជ្ញាបណ្ណ និងវិជ្ជាជីវៈត្រឹមត្រូវ។ បើតាមអ្នកជំនាញរូបនេះ ដើម្បីលុបបំបាត់បញ្ហានេះ គឺមានតែជំរុញឱ្យអ្នកដែលរកស៊ីពុំគោរពតាមបទបញ្ញត្តិ និងច្បាប់ វិលមកគោរពច្បាប់ទាំងអស់គ្នា។ បើតាមលោក សន សៀប ការអនុវត្តតាមបទបញ្ញត្តិ និងច្បាប់បានត្រឹមត្រូវនឹងធ្វើឱ្យអ្នកប្រកបរបរក្នុងវិស័យអចលនទ្រព្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើន និងធ្វើឱ្យអ្នកវិនិយោគមានទំនុកចិត្តមកលើទីផ្សារអចលនទ្រព្យផងដែរ។

​ស្រដៀងគ្នានេះ ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL និងជាអ្នកជំនាញចាស់វស្សាក្នុងវិស័យអចលនទ្រព្យចាត់ទុកការប្រកបរបរក្នុងវិស័យអចលនទ្រព្យ ដែលមិនគោរពវិជ្ជាជីវៈនឹងធ្វើឱ្យអ្នកវិនិយោគបរទេសបាត់បង់ទំនុកចិត្ត ព្រមទាំងបង្កផលប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យកម្ពុជា។ បើតាមអ្នកជំនាញរូបនេះ ការអនុវត្តនូវជំនាញវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ឱ្យបានត្រឹមត្រូវនឹងធ្វើឱ្យអ្នកវិនិយោគិនបរទេសមានទំនុកចិត្ត។ ការណ៍នេះ នឹងធ្វើឱ្យទីផ្សារវិស័យអចលនទ្រព្យកម្ពុជា មានកេរ្តិ៍ឈ្មោះល្បីសុះសាយដល់បណ្តាប្រទេសផ្សេងៗ ដែលនឹងធ្វើឱ្យវិស័យនេះកាន់តែរីកចម្រើនបន្ថែមទៀត។

​បើតាមការគូសបញ្ជាក់របស់ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា មកទល់ពេលនេះ សមាគមបានប្រមូលឈ្មោះអ្នកប្រកបរបរក្នុងវិស័យអចលនទ្រព្យ ដែលមិនមានអាជ្ញាបណ្ណបានរហូតដល់ជាង២០០ក្រុម ប្រគល់ទៅឱ្យនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដើម្បីធ្វើការណែនាំអំពីវិជ្ជាជីវៈផងដែរ៕