Alynana Media Cambodia
Icon Collap
clinic narit

តើរដ្ឋាភិបាលថៃ របស់កូនស្រីលោក ថាក់ស៊ីន អាចសង្គ្រោះប្រទេសថៃ ចេញពីវិបត្តិសេដ្ឋកិច្ចបានដែរឬទេ?

Media LNN | Sep 16, 2024
តើរដ្ឋាភិបាលថៃ របស់កូនស្រីលោក ថាក់ស៊ីន អាចសង្គ្រោះប្រទេសថៃ ចេញពីវិបត្តិសេដ្ឋកិច្ចបានដែរឬទេ?
Clinic narith

បញ្ហានយោបាយដ៏ចាក់សេ្រះ និងពោរពេញទៅដោយកលិយុគអាចជាឧបសគ្គដ៏ចម្បងរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ដែលជានាយករដ្ឋមន្រ្តីវ័យក្មេងបំផុត និងជាស្រ្តីទី២ ដែលបានដឹកនាំរដ្ឋាភិបាលថៃ។ ការឡើងកាន់តំណែងរបស់កូនស្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ចំពេលថៃ ស្ថិតក្នុងរបត់សេដ្ឋកិច្ច ដែលបំណុលគ្រួសារកើនឡើង ហើយកំណើនសេដ្ឋកិច្ចនៅតាមពីក្រោយប្រទេសនៅក្នុងតំបន់មួយចំនួនដូចជា វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ីជាដើម។ តើរដ្ឋាភិបាលថៃ របស់កូនស្រីលោក ថាក់ស៊ីន អាចសង្គ្រោះប្រទេសថៃ ចេញពីវិបត្តិសេដ្ឋកិច្ចបានដែរឬទេ?

សារព័ត៌មាន Nikkei Asia បានរាយការណ៍ថា បន្ទាប់ពីតុលាការធម្មនុញ្ញសម្រេចរំលាយរដ្ឋាភិបាលចម្រុះរបស់លោក ស៊្រីថា ថាវីស៊ីន កាលពីខែសីហា លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា កូនស្រីអតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានឡើងកាន់តំណែងទាំងមិនមានការពេញចិត្តដោយគណបក្ស យោធានិយម រហូតគណបក្សភឿថៃ បោះបង់យោធាមករកគណបក្សប្រជាធិបតេយ្យ ដែលជាសត្រូវនយោបាយចាស់របស់ខ្លួនវិញ។

នៅពេលឡើងកាន់តំណែង លោកស្រី ផែថងថាន ដែលមានលោក ថាក់ស៊ីន ជាឪពុកនៅពីក្រោយ ហាក់ដូចជាចង់ជំរុញសេដ្ឋកិច្ច ប៉ុន្តែមកដល់ពេលនេះមិនដឹងថា តើលោកស្រីនឹងដើរតាមរបៀបវារៈនយោបាយបែបណាឡើយ ខណៈដែលសមាជិករដ្ឋាភិបាល៣៤រូបរបស់លោកស្រី មិនមានវត្តមានយោធាសូម្បីម្នាក់។

រដ្ឋាភិបាលបាលដែលមានអាយុកាលត្រឹម៣ឆ្នាំនេះ ត្រូវបានបង្កើតឡើងដោយក្រុមចម្រុះ ដែលគ្មានគណបក្ស Palang Pracharath ដែលជាគណបក្សគាំទ្រយោធាមួយក្នុងចំណោមគណបក្សពីរដឹកនាំដោយឧត្តមសេនីយ៍ ប្រាវីដ វង្សស៊ូវាន់ (Prawit Wongsuwan ) ដែលគេជឿជាក់ថា លោកអាចនៅពីក្រោយរដ្ឋប្រហារដោយតុលាការធម្មនុញ្ញលើរដ្ឋាភិបាលលោក ស៊្រីថា។

នៅក្នុងនាមជាគណបក្សដែលមានអាសនៈច្រើនលំដាប់ទី៤នៅសភា លោក ប្រាវីដ ដែលជាជនដ៏មានអំណាចមួយរូបនៅក្នុងរដ្ឋបាលយោធាអាណត្តិមុនៗត្រូវបានគេដឹងថា មានមហិច្ឆតាចង់កាន់កាប់អំណាចនៅប្រទេសថៃ។

វាមិនមែនជារឿងអាថ៌កំបាំងនោះទេ ដែលលោក ប្រាវីដ វ័យ៧៩ឆ្នាំ មានមហិច្ឆតាចង់ក្លាយជានាយករដ្ឋមន្ត្រីថៃនោះ ប៉ុន្តែលោកកំពុងមើលស្រាលលើលោក ថាក់ស៊ីន។ ការរួបរួមដ៏រឹងមាំដែលមិននឹកស្មានដល់រវាង លោក ថាក់ស៊ីន និងក្រុមអភិរក្សភាគច្រើននៅក្នុងក្រុមចម្រុះដែលកំពុងកាន់អំណាច គឺជាកត្តាសំខាន់មួយទៀតក្នុងការរារាំងការប៉ុនប៉ងដណ្តើមអំណាចរបស់លោក ប្រាវីដ។

លោក ថាក់ស៊ីន ដែលបានខ្ទាតចេញពីប្រទេស១៥ឆ្នាំ ដោយស្នាដៃយោធា បានវិលត្រឡប់មកវិញ ហើយត្រូវបានជាប់ពន្ធនាគារតែរយៈពេលខ្លី ក៏ត្រូវបានព្រះមហាក្សត្រលើកលែងទោសវិញ ដែលមកដល់ពេលនេះ​វានៅតែបន្សល់ទុកនូវចម្ងល់មួយថា លោកអាចសម្រេចគោលដៅនេះដោយរបៀបណានៅឡើយទេ។ មកដល់ពេលនេះគណបក្សភឿថៃ ដែលរងនូវរដ្ឋប្រហារដោយយោធា និងតុលាការធម្មនុញ្ញ ហាក់មានបទ ពិសោធន៍ និងភាពធន ដូច្នេះហើយទើបឈានដល់ការសម្របសម្រួលនយោបាយដ៏មានប្រសិទ្ធភាពជាមួយនឹងដៃគូចម្រុះនានា។

លោក ថាក់ស៊ីន ដែលគេដឹងថា ជាជនដ៏មានឥទ្ធិពលរបស់រដ្ឋាភិបាលលោកស្រី ផែថងថាន ហើយបើទោះបីជាគេដឹងថា លោកអាចជាច្រកដែលគេប្រើដើម្បីផ្តួលរដ្ឋាភិបាលតាមតុលាការធម្មនុញ្ញក៏ដោយ ក៏លោក នៅតែហ៊ានចេញមុខ ថ្លែងសុន្ទរកថា ជាសាធារណៈ កាលពីថ្ងៃទី២២ ខែសីហា ដោយបង្ហើបនូវផែនការចំនួន១៤ចំណុច ដើម្បីជំរុញសេដ្ឋកិច្ចដោយរួមទាំងបញ្ហាបំណុលគ្រួសារ ជំរុញ និងកែលម្អបរិយាកាសអាជីវកម្ម កំណែទម្រង់ឧស្សាហកម្មដោយការលើកកម្ពស់មជ្ឈមណ្ឌលទិន្នន័យ ថាមពលបៃតង និងការបង្កើតកន្លែងកម្សាន្តដែលផ្តោតលើកាស៊ីណូជាដើម។ ក្រោយលោកចេញមុខថ្លែងជាសាធារណៈ ក៏មានអ្នកប៉ុនប៉ងប្តឹងទៅតុលាការធម្មនុញ្ញ ដើម្បីរំលាយគណបក្សភឿថៃ ប៉ុន្តែហាក់មិនត្រូវបានតុលាការអើពើនៅឡើយ៕