ធនាគារកណ្តាកអាម៉េរិក កំពុងត្រៀមខ្លួនប្រកាសពីការកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេលជាង៤ឆ្នាំកន្លងមកនេះ នៅថ្ងៃពុធ ទី១៨ ខែកញ្ញា ដោយគេរំពឹងថា ក្រុមអ្នកបង្កើតគោលនយោបាយនឹងជជែកគ្នាអំពីទំហំដែលត្រូវកាត់បន្ថយអត្រាការនេះនៅថ្ងៃនោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA។
មន្ត្រីជាន់ខ្ពស់នៅធនាគារកណ្តាលអាម៉េរិក (Fed) រួមទាំងលោក Jerome Powell ផង បានបង្ហើបឱ្យដឹងនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះថា ការកាត់បន្ថយអត្រាការប្រាក់នឹងមកដល់ក្នុងខែកញ្ញា នេះ ដោយសារអតិផរណាបានរំកិលចុះទៅរកគោលដៅរយៈពេលវែង២% ហើយទីផ្សារការងារនៅតែបន្តមានភាពល្អប្រសើរដដែល។
ធនាគារកណ្តាលអាម៉េរិក ដែលមានតួនាទីត្រូវធ្វើសកម្មភាពដោយឯករាជ្យដើម្បីធានាទាំងតម្លៃស្ថិរភាព និងការងារប្រកបដោយនិរន្តរភាពនោះ បានសង្កត់ធ្ងន់ជារឿយៗថា ធនាគារនេះនឹងសម្រេចចិត្តពីការកាត់បន្ថយអត្រាការប្រាក់ដោយផ្អែកលើទិន្នន័យសេដ្ឋកិច្ច។ ប៉ុន្តែការកាត់បន្ថយអត្រាការប្រាក់នៅថ្ងៃពុធ សប្ដាហ៍នេះនៅតែអាចធ្វើឱ្យលោក ផៅវែល ឈឺក្បាលចំពោះបញ្ហានេះ ដោយសារវាកើតឡើងមុនប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះនៃការបោះឆ្នោត ដែលលោក ដូណាល់ ត្រាំ ត្រូវប្រជែងគ្នាជាមួយអនុប្រធានាធិបតីបច្ចុប្បន្ន គឺលោកស្រី កាម៉ាឡា ហារីស។
មានការរំពឹងថា ក្រុមអ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលអាម៉េរិក នឹងពិភាក្សាគ្នានៅថ្ងៃអង្គារ និងថ្ងៃពុធសប្តាហ៍នេះ ដោយទំនងជាផ្តោតលើការកាត់បន្ថយអត្រាការប្រាក់០,២៥% ឬ០,៥០%។ ទោះបីការវាជាកម្រិតមួយទាប តែវាជាការកាត់បន្ថយអត្រាការប្រាក់លើកដំបូងរបស់ខ្លួនចាប់តាំងពីខែមីនា ឆ្នាំ២០២០ មក ជាពេលមួយដែលធនាគារនេះបានកាត់បន្ថយអត្រាការប្រាក់មកនៅត្រឹមជិតសូន្យភាគរយ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចអាម៉េរិក ដែលរងគ្រោះដោយសារជំងឺកូវីដ-១៩៕