វិស័យអចលនទ្រព្យ គឺជាវិស័យមួយស្ថិតក្នុងចំណោមវិស័យជាច្រើន ដែលរងផលប៉ះពាល់ពីវិបត្តិនានា ជាហេតុធ្វើឱ្យវិស័យដែលធ្លាប់មានសក្ដានុពលខ្ពស់មួយនេះហាក់ស្ងប់ស្ងាត់អស់មួយរយៈធំ។ តែយ៉ាងណាអ្នកជំនាញក្នុងវិស័យនេះអះអាងថា វិស័យអចលនទ្រព្យកម្ពុជា កំពុងបានបង្ហាញសញ្ញាងើបឡើងវិញជាបណ្ដើរៗហើយ។ តើមានសញ្ញាអ្វីខ្លះដែលបង្ហាញថា វិស័យអចលនទ្រព្យនៅកម្ពុជា កំពុងងើបចេញពីវិបត្តិ?
ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL និងជាអ្នកជំនាញចាស់វស្សាក្នុងវិស័យអចលនទ្រព្យកត់សម្គាល់ឃើញថា ក្រុមអ្នកវិនិយោគបរទេស បានបោះទុន និងមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា ជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ ដែលវាជាសញ្ញាល្អមួយសម្រាប់វិស័យអចលនទ្រព្យរបស់កម្ពុជា។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះវិស័យអចលនទ្រព្យកម្ពុជា បានបង្ហាញពីសញ្ញាងើបឡើងវិញជាបណ្តើរៗហើយ ហើយសញ្ញាដែលបង្ហាញថា វិស័យអចលនទ្រព្យនៅកម្ពុជា កំពុងងើបឡើងវិញ គឺតាមរយៈការចង់វិនិយោគលើវិស័យឧស្សាហកម្មរបស់វិនិយោគិនបរទេសនៅតំបន់សេដ្ឋកិច្ចពិសេសនានា ដែលជាសញ្ញាល្អក្នុងការជំរុញឱ្យមានការជួល និងទិញអចលនវត្ថុសម្រាប់រៀបចំទីតាំងវិនិយោគ។
ជាមួយគ្នានេះលោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា កត់សម្គាល់ឃើញថា នៅក្នុងឆ្នាំ២០២៤នេះ តម្រូវការលើវិស័យអចលនទ្រព្យចាប់ផ្ដើមមានសកម្មភាពច្រើនជាងឆ្នាំ២០២៣។ បើតាមអ្នកជំនាញរូបនេះ អចលនទ្រព្យសម្រាប់វិស័យឧស្សាហកម្មចាប់ផ្ដើមមានតម្រូវមួយចំនួនពីអ្នកវិនិយោគនៅតាមតំបន់មួយចំនួន សម្រាប់ធ្វើជាតំបន់សេដ្ឋកិច្ចពិសេស។ ជាក់ស្ដែង ភ្នាក់ងាររបស់សមាគម ត្រូវបានអតិថិជនពឹងពាក់ដើម្បីស្នើសុំព័ត៌មាន និងពិនិត្យលទ្ធភាពសម្រាប់ការវិនិយោគជាបន្តបន្ទាប់ផងដែរ។
ពាក់ព័ន្ធនឹងគម្រោងវិនិយោគនៅកម្ពុជានេះ បើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីសរុបចំនួន២៨៧គម្រោង មានការកើនឡើងចំនួន១២៣គម្រោង ដែលស្មើនឹងប្រមាណ៧៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ គម្រោងវិនិយោគសរុបដែល CDC បានអនុម័តនៅរយៈពេល៨ខែនេះ គឺមានទុនវិនិយោគយោគសរុបប្រមាណជាង៤,៧ពាន់លានដុល្លារអាម៉េរិក ហើយគម្រោងទាំងនេះអាចបង្កើតការងារបានប្រមាណជាង២២ម៉ឺន៧ពាន់កន្លែង។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចំពោះប្រភពទុនវិនិយោគក្នុងរយៈពេល៨ខែឆ្នាំនេះ ចិនបានឈរនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែកចំនួន៥៦% បន្ទាប់មកគឺការវិនិយោគក្នុងស្រុក បានរួមចំណែកចំនួន៣៦% និងបណ្តាប្រទេសមួយចំនួនទៀត។ យ៉ាងណាមិញ នៅក្នុងរយៈពេលដដែលនេះ គម្រោងវិនិយោគលើវិស័យឧស្សហកម្មហាក់មានការលេចធ្លោជាងគេ ដោយមានកំណើន១០២%, វិស័យទេសចរណ៍មានកំណើន២៨៤% និងគម្រោងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗ មានកំណើន៥,២៧៩% ខណៈគម្រោងវិនិយោគលើវិស័យកសិកម្ម មានការថយចុះរហូតដល់ ៦៣%៕