Alynana Media Cambodia
Icon Collap
clinic narit

ការធ្វើកូដកម្មរបស់កម្មករអាចធ្វើឱ្យក្រុមហ៊ុន ប៊ូអ៊ីង ខាតបង់ប្រាក់ចំណូលប្រចាំថ្ងៃរហូតដល់ជាង១០០លានដុល្លារ

Media LNN | Sep 19, 2024
ការធ្វើកូដកម្មរបស់កម្មករអាចធ្វើឱ្យក្រុមហ៊ុន ប៊ូអ៊ីង ខាតបង់ប្រាក់ចំណូលប្រចាំថ្ងៃរហូតដល់ជាង១០០លានដុល្លារ
Clinic narith

ក្រុមអ្នកវិភាគបានវាយតម្លៃថា ក្រុមហ៊ុន Boeing អាចនឹងបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃជាង១០០លានដុល្លារ ទម្រាំតែក្រុមហ៊ុនផលិតយន្តហោះមួយនេះបានឈានដល់ការដោះស្រាយបញ្ហាជាមួយនឹងសហជីពរបស់ខ្លួន តំណាងឱ្យកម្មករជាង៣ម៉ឺននាក់ ដែលកំពុងធ្វើកូដកម្ម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។

កម្មករក្រុមហ៊ុន Boeing ក្នុងតំបន់ Seattle ដែលផលិតយន្តហោះប្រភេទ 737 MAX ដ៏ពេញនិយមបំផុតរបស់ក្រុមហ៊ុននេះ និងយន្តហោះផ្សេងទៀតនៅរោងចក្រនៅតំបន់ West Coast នោះបានបន្តធ្វើកូដកម្ម បន្ទាប់ពីក្រុមហ៊ុននេះ បានបដិសេធមិនធ្វើកិច្ចសន្យាការងារឱ្យបានពេញលេញជាលើកដំបូងក្នុងរយៈពេល១៦ឆ្នាំ កាលពីសប្តាហ៍មុន។

ការអូសបន្លាយការធ្វើកូដកម្មនេះ អាចធ្វើឱ្យក្រុមហ៊ុននេះខាតបង់ប្រាក់រាប់ពាន់លានដុល្លារបន្ថែមពីលើភាពតានតឹងផ្នែកហិរញ្ញវត្ថុ ដែលក្រុមហ៊ុនផលិតយន្តហោះមួយនេះកំពុងប្រឈមស្រាប់ហើយនោះ ព្រមទាំងគំរាមកំហែងដល់ការទម្លាក់ចំណាត់ថ្នាក់ឥណទានរបស់ក្រុមហ៊ុននេះផងដែរ។

ក្រុមហ៊ុនស្រាវជ្រាវ Northcoast Research បានប៉ាន់ប្រមាណថា ផលប៉ះពាល់សរុបនៃកូដកម្មនេះអាចឈានដល់៣ពាន់លានដុល្លារ ឬច្រើនជាងនេះ ហើយលោក គ្រីស អូលីន (Chris Olin) អ្នកវិភាគនៅក្រុមហ៊ុនស្រាវជ្រាវនេះបាននិយាយថា ក្រុមហ៊ុន Boeing ទំនងជានឹងកាត់បន្ថយការផលិតយន្តហោះពី៣៣ ទៅ៣៥គ្រឿងចេញពីផែនការដំបូងរបស់ខ្លួន ដោយសារតែការខាតបង់ចំណូលប្រចាំថ្ងៃចំនួន១០២លានដុល្លារ។

ពេលនេះលោក ខេលី អូតប៊ឺក (Kelly Ortberg) នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុនប៊ូអ៊ីងកំពុងប្រឈមមុខនឹងសមរភូមិគ្រប់គ្រងការងារយ៉ាងក្ដៅគគុក នៅប៉ុន្មានសប្តាហ៍បន្ទាប់ពីរូបលោកត្រូវបានតែងតាំងឱ្យកាន់តំណែងមួយនេះ ដើម្បីស្ដារជំនឿចិត្តលើក្រុមហ៊ុនផលិតយន្តហោះនេះឡើងវិញ ខណៈក្រុមហ៊ុននេះកំពុងប្រឈមមុខនឹងការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីនិយ័តករសហរដ្ឋអាម៉េរិកពាក់ព័ន្ធនឹងការអនុវត្តសុវត្ថិភាពរបស់ក្រុមហ៊ុននេះ៕