ការខាតបង់ដែលមានការធានារ៉ាប់រងពីទឹកជំនន់ធ្ងន់ធ្ងរនាពេលថ្មីៗនេះ វាយប្រហារអឺរ៉ុបកណ្តាល ភាគច្រើនបានកើតឡើងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែកញ្ញា ទំនងជាមានចន្លោះពី ២ទៅ៣ពាន់លានអឺរ៉ូ ឬ ស្មើ២,២ទៅ៣,៣ពាន់លានដុល្លារ នេះបើយោងតាមការប៉ាន់ប្រមាណពីស្ថាប័នសម្របសម្រួលផ្នែកធានារ៉ាប់រងឡើងវិញ ហ្គាឡាហ្គើ រី (Gallagher Re)។
ប្រព័ន្ធសម្ពាធទាបដែលមានចលនាយឺតបានបណ្តាលឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ពាសពេញអឺរ៉ុបកណ្តាល បង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ និងការខាតបង់ធ្ងន់ធ្ងរជាពិសេសប៉ះពាល់ដល់សាធារណរដ្ឋឆែក ប៉ូឡូញ ស្លូវ៉ាគី អូទ្រីស ហុងគ្រី ស្លូវេនី និងរូម៉ានី។
មានសេចក្ដីរាយការណ៍ថាទឹកជំនន់បានបណ្តាលឱ្យអ្នកស្លាប់កើនឡើងដល់២៤នាក់ ក្នុងនោះ ១០នាក់នៅក្នុងប្រទេសប៉ូឡូញ ៧នាក់នៅរ៉ូម៉ានី ៤ នាក់នៅសាធារណរដ្ឋឆែកនិង ៣នៅអូទ្រីស។
ស្ថាប័ន ហ្គាឡាហ្គើ រី ក៏បានកត់សម្គាល់ផងដែរថា មនុស្សរាប់រយនាក់ត្រូវបានជួយសង្គ្រោះពីការកើនឡើងនៃទឹកជំនន់ ហើយរាប់ពាន់នាក់នៅទូទាំងទ្វីបអឺរ៉ុបក៏ត្រូវបានជម្លៀសចេញផងដែរ។
ការខាតបង់យ៉ាងធ្ងន់ធ្ងរ ត្រូវបានកើតឡើងចំពោះទ្រព្យសម្បត្តិលំនៅឋាន និងពាណិជ្ជកម្ម រួមទាំងយានជំនិះ ហេដ្ឋារចនាសម្ព័ន្ធ និងប្រតិបត្តិការកសិឧស្សាហកម្ម។ នៅតំបន់ជាច្រើន គ្រោះមហន្តរាយនេះ បានក្លាយជាទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។
ផ្នែកខ្លះនៃប្រទេសអូទ្រីស និងសាធារណរដ្ឋឆែក បានមើលឃើញកម្រិតភ្លៀងធ្លាក់សរុបលើសពី ៣០០ មីលីម៉ែត្រ ឬស្មើ ១១,៨ អ៊ីញ ខណៈស្ថានីយមួយចំនួននៅភាគនិរតីនៃប្រទេសប៉ូឡូញបានកត់ត្រាកម្រិតទឹកភ្លៀងជាង១៥០ មីលីម៉ែត្រ ឬស្មើ៦ អ៊ីញ ក្នុងរយៈពេល ២៤ ម៉ោង៕