ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក (Fed) បានកាត់បន្ថយអត្រាប្រាក់កម្ចីសំខាន់ៗរបស់ខ្លួនចំនួន ០,៥% មកនៅចន្លោះពី ៤,៧៥% ទៅ ៥% កាលពីថ្ងៃពុធ (១៨ កញ្ញា) ក្នុងការកាត់បន្ថយលើកដំបូងចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩ ដោយបន្ទាបការចំណាយលើអត្រាប្រាក់កម្ចីយ៉ាងខ្លាំងនៅមុនការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា។
ការសម្រេចចិត្តរបស់ធនាគារកណ្តាល នឹងប៉ះពាល់ដល់អត្រាដែលធនាគារពាណិជ្ជផ្តល់ប្រាក់កម្ចីដល់អ្នកប្រើប្រាស់ និងអាជីវកម្ម ដោយកាត់បន្ថយការចំណាយនៃការខ្ចីប្រាក់លើអ្វីៗគ្រប់យ៉ាងរាប់ចាប់ពីកម្ចីទិញលំនៅឋាន រហូតដល់កាតឥណទាន។
ជំហាននេះគឺជាការចាប់ផ្តើមនៃការបញ្ចប់បរិយាកាសអត្រាការប្រាក់ខ្ពស់របស់ធនាគារកណ្តាល ក្នុងគោលបំណងកាត់បន្ថយតម្រូវការ ដោយអតិផរណាឥឡូវនេះបានធូរស្រាលឆ្ពោះទៅរកគោលដៅរយៈពេលវែង ២% របស់ធនាគារកណ្តាល ហើយទីផ្សារការងារបន្តមានស្ថិរភាព ស្របពេលមានសេដ្ឋកិច្ចរឹងមាំក្រោយកូវីដ១៩។
ការកាត់បន្ថយអត្រាការប្រាក់ដ៏ធំនេះ ប្រហែលជាដំណឹងល្អសម្រាប់បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ និងជាអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) ដែលកំពុងឈរឈ្មោះប្រឆាំងនឹងអតីតប្រធានាធិបតីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការបោះឆ្នោតនាពេលខាងមុខ។
ធនាគារកណ្ដាលបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកបង្កើតគោលនយោបាយបានបោះឆ្នោតគាំទ្រ ១១ទល់នឹង ១សំឡេង ដើម្បីបញ្ចុះអត្រាការប្រាក់គោលរបស់ធនាគារកណ្តាល មកនៅចន្លោះពី ៤,៧៥ភាគរយ ទៅ ៥ភាគរយនោះ។ ពួកគេក៏បានត្រៀមក្នុងការកាត់បន្ថយ ០,៥% បន្ថែមទៀតនៅមុនដំណាច់ឆ្នាំនេះ និង ១%បន្ថែមនៃការកាត់នៅឆ្នាំ២០២៥៕