កូរ៉េខាងត្បូងបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការបណ្តាក់ទុនរកស៊ីនៅអាម៉េរិកនៅឆ្នាំ ២០២៣។ នេះជាលើកដំបូងរបស់កូរ៉េខាងត្បូងនាំមុខចិន ក្នុងបរិបទទំនាក់ទំនងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោនមានភាពតានតឹង។
ធុរកិច្ចកូរ៉េកំពុងវិនិយោគយ៉ាងច្រើននៅអាម៉េរិក ក្នុងបរិបទដែលរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ណែនាំគោលនយោបាយគាំទ្រជាបន្តបន្ទាប់សម្រាប់ក្រុមហ៊ុនផលិតបច្ចេកវិទ្យាខ្ពស់ៗ។យោងតាមទិន្នន័យពីសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) ដើមទុនសរុបដែលបានអនុម័តសម្រាប់ការវិនិយោគនៅអាម៉េរិកដោយធុរកិច្ចកូរ៉េនៅឆ្នាំ២០២៣ នឹងកើនឡើងដល់ ២១,៥ពាន់លានដុល្លារ ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមប្រទេស និងតំបន់វិនិយោគធំបំផុតរបស់ពិភពលោក។ តាមទិន្នន័យនោះ កូរ៉េខាងត្បូងវ៉ាដាច់តៃវ៉ាន់ ដែលជាអ្នកវិនិយោគធំជាងគេក្នុងឆ្នាំ២០២២។
ឆ្នាំ២០២៣ ជាលើកទីមួយក្នុងរយៈពេលជិតមួយទសវត្សរ៍ ដែលកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ១ ផ្អែកលើដើមទុនដែលវិនិយោគនៅអាម៉េរិក ក្នុងបរិបទនៃការធ្លាក់ចុះយ៉ាងខ្លាំងនៃការវិនិយោគរបស់ចិន។ ក្នុងឆ្នាំ២០១៤ ចិនជាអ្នកវិនិយោគធំជាងគេនៅអាម៉េរិក ប៉ុន្តែបានជាប់ចំណាត់ថ្នាក់ទី៨ ក្នុងឆ្នាំ២០២៣ ជាមួយនឹងដើមទុនវិនិយោគដែលបានប្រកាសធ្លាក់ចុះជាង ៣០ភាគរយ។
ទោះបីជាជាក្លាយអ្នកវិនិយោគធំជាងគេនៅអាម៉េរិក ក៏ដើមទុនវិនិយោគរបស់កូរ៉េខាងត្បូងកាលពីឆ្នាំមុនបានថយចុះ ១១ភាគរយបើធៀបនឹងឆ្នាំ២០២២។ ទោះជាយ៉ាងណាក៏ដោយ ចំនួនគម្រោងកើនឡើង ៥០ភាគរយ ដល់ប្រមាណ ៩០គម្រោង។
«អាម៉េរិកមិនចង់បានដើមទុនពីចិនទៀតទេ»។ លោក Chihwan Kim នាយកក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តកូរ៉េ Samkee បានប្រាប់កាសែត Financial Times បែបនេះ។ កាលពីឆ្នាំមុន Samkee បានបណ្តាក់ទុនចំនួន ១២៨លានដុល្លារ ដើម្បីបើករោងចក្រដំបូងរបស់ខ្លួននៅអាម៉េរិក ដែលមានទីតាំងនៅទីក្រុង Tuskegee រដ្ឋ Alabama ។
កំណើននៃដើមទុនវិនិយោគរបស់កូរ៉េខាងត្បូងនៅអាម៉េរិកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានមកពីគោលនយោបាយអនុគ្រោះតាមរយៈច្បាប់ពាក់ព័ន្ធបន្ទះឈីបដែលបានចុះហត្ថលេខាដោយលោក ដូណាល់ ត្រាំ ក្នុងខែកញ្ញាឆ្នាំ២០២២ ។ ច្បាប់នេះផ្តល់ឥណទានពន្ធ ប្រាក់កម្ចី និងជំនួយឥតសំណងរាប់រយពាន់លានដុល្លារដល់ក្រុមហ៊ុនបន្ទះឈីប និងថាមពលស្អាត រួមទាំងបន្ទះស្រូបពន្លឺព្រះអាទិត្យ និងរថយន្តអគ្គិសនី ដែលបើករោងចក្រផលិតនៅអាម៉េរិកដោយកាត់បន្ថយការពឹងផ្អែកនៅចិន។ លើសពីនេះ ច្បាប់កាត់បន្ថយអតិផរណា (IRA) បានចុះហត្ថលេខាលើច្បាប់ក្នុងខែសីហា ឆ្នាំ២០២២ ផ្តល់ឥណទានពន្ធចំនួន ៧៥០០ដុល្លារដល់អ្នកទិញរថយន្តអគ្គិសនីដែលដំឡើងនៅអាម៉េរិកខាងជើង។
យោងតាមទិន្នន័យពី fDi Markets ច្រើនជាង ៣០ភាគរយនៃគម្រោងកូរ៉េខាងត្បូងដែលបានប្រកាសនៅអាម៉េរិកកាលពីឆ្នាំមុនគឺនៅក្នុងវិស័យរថយន្ត ឬអេឡិចត្រូនិច។
ភាពតានតឹងរវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំងក៏បានដាក់សម្ពាធលើក្រុមហ៊ុនកូរ៉េខាងត្បូងក្នុងការកម្រិតប្រតិបត្តិការនៅចិន និងពង្រីកខ្លួនដល់អាម៉េរិក។ ច្បាប់ពាក់ព័ន្ធបន្ទះឈីប និងឧបករណ៍វិទ្យាសាស្រ្តមានបទប្បញ្ញត្តិមួយចំនួនលើការវិនិយោគបរទេស ដូចជាការដាក់កម្រិតលើគម្រោងពង្រីកផលិតកម្ម និងសកម្មភាពផ្តល់អាជ្ញាប័ណ្ណបច្ចេកវិទ្យានៅចិន និង ស្ថាប័នបរទេសដែលមានការមិនទុកចិត្ត។
ច្រើនជាង ៥០ភាគរយ នៃដើមទុនវិនិយោគរបស់កូរ៉េខាងត្បូងនៅបរទេសកាលពីឆ្នាំមុនគឺនៅអាម៉េរិក កើនឡើង ១៨ភាគរយធៀបនឹងឆ្នាំ២០១៩។ ទន្ទឹមនោះ ទុនវិនិយោគកូរ៉េខាងត្បូងនៅចិនមានតិចជាង១ភាគរយ ដែលថយចុះ១១ភាគរយធៀបនឹង ឆ្នាំ២០១៩។ នេះយោងតាមទិន្នន័យពី UNCTAD។
ក្នុងចំណោមគម្រោងកូរ៉េដែលបានប្រកាសនៅអាម៉េរិកកាលពីឆ្នាំមុន គម្រោងធំជាងគេគឺរោងចក្រផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យរបស់ Hyundai ដែលមានតម្លៃ ៤,៣ ពាន់លានដុល្លារ ដោយសហការជាមួយ LG Energy Solution ក្នុងរដ្ឋ Georgia។ លើសពីនេះ Samsung SDI និង GM ក៏បានចាប់ដៃគ្នាក្នុងគម្រោងស្រដៀងគ្នានេះ ដែលមានតម្លៃ ៣,៥ពាន់លានដុល្លារនៅក្នុងរដ្ឋ Indiana ៕