ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៨ តុលា ២០២៤នេះ មានបេក្ខជនចុះឈ្មោះសរុប ១៣៧,០៤០នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្រ្តមានត្រឹម ៣៩ ៣៥៨នាក់ ខណៈថ្នាក់វិទ្យាសាស្រ្តសង្គមមានដល់ ៩៧,៦៨២នាក់។ នេះបើតាមអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនសិស្សជ្រើសរើសថ្នាក់វិទ្យាសាស្រ្ត មានតិចជាង សិស្សជ្រើសរើសថ្នាក់វិទ្យាសាស្រ្តសង្គម។ តួលេខដែលផ្ដល់ដោយលោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា ចំនួនសិស្សប្រឡងថ្នាក់វិទ្យាសាស្រ្ត មានត្រឹម ៣៩,៣៥៨នាក់ ខណៈថ្នាក់វិទ្យាសាស្រ្តសង្គមមានដល់ ៩៧,៦៨២នាក់។
សម្រាប់ដំណើរការប្រឡងនៅឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកមណ្ឌលប្រឡងចំនួន ២៣០ មណ្ឌល ស្មើនឹង៥,៦៣៦បន្ទប់ ដើម្បីរៀបចំការប្រឡង។ បើតាមក្រសួងអប់រំ ក្នុងចំណោមមណ្ឌលប្រឡងទាំង២៣០មណ្ឌល មាន១៥៧ មណ្ឌល សម្រាប់ថ្នាក់វិទ្យាសាស្រ្តសង្គម និង៧៣មណ្ឌល សម្រាប់វិទ្យាសាស្រ្ត។
បេក្ខជន ដែលជ្រើសរើសថ្នាក់វិទ្យាសាស្រ្ត នឹងប្រឡងលើមុខវិជ្ជា គីមីវិទ្យា ជីវវិទ្យា រូបវិទ្យា គណិតវិទ្យា អក្សរសាស្រ្តខ្មែរ, ភាសាបរទេស និងប្រវត្តិវិទ្យា។ រីឯថ្នាក់វិទ្យាសាស្រ្តសង្គម មានមុខវិជ្ជា អក្សរសាស្រ្តខ្មែរ គណិតវិទ្យា ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា ផែនដី និងបរិស្ថានវិទ្យា និងភាសាបរទេស។