Alynana Media Cambodia
Icon Collap
clinic narit

ថៃ​​ប្រាប់​ឲ្យពលរដ្ឋរបស់ខ្លួន ត្រៀម​ប្រឈម​នឹង​​គ្រោះ​ទឹក​ជំនន់

Admin Alynana | Sep 27, 2024
ថៃ​​ប្រាប់​ឲ្យពលរដ្ឋរបស់ខ្លួន ត្រៀម​ប្រឈម​នឹង​​គ្រោះ​ទឹក​ជំនន់
Clinic narith

តំបន់ដែលត្រូវរងផលប៉ះពាល់ គឺ​ជា​សហគមន៍​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ច្រាំង​​ទន្លេ Chao Phraya ដែល​មាន​ដូចជា​ ខេត្ត Uthai Thani, Chai Nat, Sing Buri, Ang Thong, Ayutthaya, Suphanburi, Lopburi, Pathum Thani, Nonthaburi, Samut Prakan និង​ទីក្រុង​​បាងកក។

នាយកដ្ឋានធារាសាស្ត្រ​ថៃ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃទី២៦​ខែកញ្ញាថា ខ្លួននឹងបង្កើនអត្រា​បង្ហូរ​ទឹក​ទំនប់ Chao Phraya ជាបណ្តើរៗពីបច្ចុប្បន្ន​ក្នុង​ល្បឿន ១៤៩៨ម៉ែត្រគូបក្នុង​១​វិនាទី ដោយសារភ្លៀងបន្តធ្លាក់ខ្លាំង និងទឹកហូរពីភាគខាងជើង។
នាយកដ្ឋានបាន​ប្រាប់​​ទៀត​ថា ការកែសម្រួលនឹងធ្វើឡើងជាជំហានៗ ប៉ុន្តែនឹងត្រូវកំណត់​ខ្ពស់​បំផុត​ត្រឹម ២០០០​​ម៉ែត្រ​គូបក្នុង​១​វិនាទី​ប៉ុណ្ណោះ។ ការ​បង្ហូរ​ទឹក​នេះ​​នឹង​បង្កើន​កម្ពស់​ទឹក​នៅ​ប្រឡាយ Phong Pheng ក្នុង​ខេត្ត Ang Thong និង​ប្រឡាយ Bang Ban ព្រម​ទាំង​​ទន្លេ Noi ក្នុង​ខេត្ត​អយុធ្យា ចន្លោះ​ពី ១​ម៉ែត្រ ទៅ ១,៥​ម៉ែត្រ។

ការ​កើន​ឡើង​កម្ពស់​ទឹក​នេះ​ក៏អាចបណ្តាលឲ្យ​ប្រឡាយ និងទន្លេ​ហូរហៀរ​ទឹក​ចេញ​ពី​ច្រាំង​ទៅ​កាន់​ទីតាំង​ផ្សេងៗ​ផងដែរ។

នាយកដ្ឋាន​បានរាយការណ៍​​​ថា គិតត្រឹមម៉ោង​៧​ព្រឹក​ថ្ងៃទី​២៦​ខែកញ្ញា កម្ពស់ទឹកនៅស្ថានីយ៍ C2 ក្នុងស្រុក Muang ខេត្ត Nakhon Sawan បានកើនឡើង ២១សង់ទីម៉ែត្រ ចាប់​តាំង​ពីថ្ងៃទី២៥ខែកញ្ញា ប៉ុន្តែនៅតែទាបជាងច្រាំង​ដែល​មាន​កម្ពស់ ៣,២៩ ម៉ែត្រ។ អត្រា​បង្ហូរ​ទឹក​នៅស្ថានីយ៍នេះគឺ ១៨៤៦​ម៉ែត្រគូបក្នុង​១​វិនាទី។

នៅស្ថានីយ៍ C3 ឬទំនប់ Chao Phraya ក្នុងខេត្ត Chai Nat កម្រិតទឹកបានឡើងបន្តិចចាប់ពីថ្ងៃទី​២៥​ខែកញ្ញា ប៉ុន្តែនៅតែទាបជាងច្រាំងទន្លេ​ដែល​មាន​កម្ពស់ ៣,៥២​ម៉ែត្រ។ អត្រា​បង្ហូរ​ទឹក​នៅស្ថានីយ៍នេះគឺ ១៤៩៨​ម៉ែត្រគូបក្នុង​១​វិនាទី។

ប៉ុស្ដិ៍​ទូរទស្សន៍ Nation បាន​ផ្សាយ​កាលពីថ្ងៃទី​២៦​ខែកញ្ញាថា ទឹកជំនន់ដែលបង្កឡើងដោយការហូរហៀរនៃទន្លេ Ping ក្នុងស្រុកមឿង ខេត្តឈៀងម៉ៃ កាន់តែអាក្រក់ជាងកាលពីឆ្នាំ​២០១១​ទៅ​ទៀត។

ការ​កើន​កម្ពស់​ទឹក​នៅ​ទន្លេ Ping បាន​បណ្ដាល​ឲ្យ​ជន់​លិច​​​​លំនៅដ្ឋាន និងតំបន់ពាណិជ្ជកម្មនានានៅក្នុងស្រុកកាលពីយប់ថ្ងៃទី​២៥​ខែកញ្ញា រួមទាំងផ្សារ San Pa Khoi និងសង្កាត់ Charoen Prathet ព្រម​ទាំង​​ផ្សារ​រាត្រី Night Bazaar ។

យ៉ាងហោចណាស់ ប្រជាពលរដ្ឋចំនួន ២០០០គ្រួសារ ត្រូវបានគេរំពឹងថា នឹងរងផលប៉ះពាល់ដោយសារ​ទឹកជំនន់ ជាពិសេសអ្នកនៅក្នុងនិងជុំវិញផ្សាររាត្រី Night Bazaar ដែលកម្ពស់ទឹកលើសពី​១ម៉ែត្រ៕