រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់កូនស្រីលោក ថាក់ បានប្តេជ្ញាចិត្តថា នឹងបន្តដំណើរការផែនការចែកប្រាក់ជំរុញសេដ្ឋកិច្ចសម្រាប់ដំណាក់កាលទី២ និងទី៣ជាបន្តទៀត ដើម្បីជំរុញសេដ្ឋកិច្ចរបស់ខ្លួន បន្ទាប់ពីដាក់ឱ្យអនុវត្តដំណាក់កាលទី១ កាលពីថ្ងៃទី២៥ ខែកញ្ញា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
រដ្ឋាភិបាលរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ កាលពីថ្ងៃពុធ សប្តាហ៍នេះបានអនុវត្តផែនការចែកលុយឌីជីថលជូនប្រជាពលរដ្ឋដំណាក់កាលទី១ ដោយផ្ដោតលើប្រជាពលរដ្ឋ ដែលមានប័ណ្ណសុខុមាលភាពសង្គមជាង១២លាននាក់ និងមានប័ណ្ណជនពិការចំនួនជាង២លាននាក់ តាមរយៈប្រព័ន្ធទូទាត់ Prompt Pay ដែលភ្ជាប់នឹងលេខអត្តសញ្ញាណប័ណ្ណរបស់ពួកគេផ្ទាល់តែម្ដង។
ប៉ុន្តែឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក ពិឆៃ ឈុនហាវ៉ាជីរ៉ា (Pichai Chunhavajira) បាននិយាយថា នៅដំណាក់កាលដំបូងនេះ គឺមានតែអ្នកកាន់ប័ណ្ណសុខុមាលភាព និងជនពិការសរុបប្រហែលជាង៣លាននាក់ប៉ុណ្ណោះដែលបានទទួលមូលនិធិម្នាក់ជាង៣០០ដុល្លារ ដោយសារដែនកំណត់របស់ប្រព័ន្ធទូទាត់ PromptPay។
តែទោះយ៉ាងណា លោកស្រី ផែថងថាន បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយកាលពីថ្ងៃពុធថា រដ្ឋាភិបាលរបស់លោកស្រីកំពុងបន្តដំណើរការបង្កើតប្រព័ន្ធទូទាត់ប្រាក់សម្រាប់ដំណាក់កាលទីពីរ និងទីបីសម្រាប់អ្នកនៅសល់ជាបន្តទៀត ប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់នោះទេ។
នាយករដ្ឋមន្ត្រីថៃ រំពឹងថា តាមការការចាក់សាច់ប្រាក់ជាង៤ពាន់លានដុល្លារក្នុងដំណាក់កាលទី១ទៅក្នុងដៃរបស់ប្រជាពលរដ្ឋ វានឹងបង្កើតឱ្យមានកម្លាំងជំរុញសេដ្ឋកិច្ចដ៏ធំ ព្រោះការចែកមូលនិធិជាង៣០០ដុល្លារក្នុងម្នាក់នេះ វានឹងជួយបង្កើតឱកាសថ្មី ក៏ជួយជំរុញដំណើរការអាជីវកម្មរបស់ពួកគេផងដែរ៕